ពីនេះ ពីនោះ
× កំណាព្យបទ ព្រហ្មគីតិ
ដោយ ប៉ាកកាខ្មៅ
ស្រុកយើងកសិកម្ម តែអ្នកដាំខ្វះទីផ្សារ
ដាំបានហើយផល្លា អនិច្ចារឈ្មួញបន្ថោក។
ថ្លៃជីថ្លៃកម្លាំង ទូទាត់តាំងទឹកភ្នែកច្រោក
ខ្លះខាតខំទួញសោក ស្រែកកោកៗរកអ្នកជួយ។
កាលដាំខំជឿបុល ជាប់បំណុលវ័ណ្ឌកព្រួយ
ខូចដប់បានផលមួយ បែរត្រូវព្រួយលក់មិនចេញ។
ដាំស្រូវល្ពៅដំឡូង ដាច់ផ្ងារតូងដួលមាត់ស្ញេញ
ដាំបានមិនចំណេញ លក់មិនចេញគេបិទផ្សារ។
យើងពឹងអ្នកជិតខាង ផ្តល់សំណាងសាងវាសនា
ដាំបានហើយគេថា អស់ផល្លាយើងមិនល្អ។
ជួនគេបិទទីផ្សារ ស្រេចគេថាឃើញយើងក្រ
គេត្រូវការថាល្អ ដាំបន្តគេលែងយក។
នាមជាកសិករ សូមអង្វររដ្ឋលៃលក
កសិផលបានមក គួរជួយរកផ្សារឲ្យបាន។
កុំបណ្តោយឲ្យឈ្មួញ រកស៊ីជួញសង្កត់ប្រាណ
បន្ថោកហួសប្រមាណ ក្រឡុកបានស្រេចតែចិត្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com