ពីនេះ ពីនោះ
​តើ​ពេលណា​ត្រូវ​សរសេរថា «​អភិវឌ្ឍ​» និង​«​អភិវឌ្ឍន៍​»​នៅក្នុង​ភាសា​ខ្មែរ​?
25, Sep 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​ថា «​អភិវឌ្ឍ និង អភិវឌ្ឍន៍​»​គឺជា​ពាក្យ​ដែល​សាធារណជន លោក​នៅមាន​ភាពមិនច្បាស់លាស់​នៅក្នុង​ការសរសេរ​នៅឡើយ​។ មូលហេតុ គឺ​មិនសូវ​បាន​យល់​ពី​ក្បួន វេយ្យាករណ៍ នៃ​កិរិយាសព្ទ គុណសព្ទ នាមសព្ទ  បាលី និង​សំស្ក្រឹត​នៅក្នុង​ភាសា​ខ្មែរ​។ ពាក្យ​ថា​«​អភិវឌ្ឍ និង អភិវឌ្ឍន៍​»​មាន​លក្ខខណ្ឌ​សរសេរ​ដូចខាងក្រោម​៖

 
​នៅក្នុង​ការសរសេរ​អត្ថបទ សាធារណជន​ត្រូវ​ចំណាំ​ក្នុង​ក្បួន​វេយ្យាករណ៍​ខ្មែរ​ថា បើ​ខ្លួន​ចង់​ប្រើពាក្យ​នេះ ជា​កិរិយាសព្ទ គឺ​ត្រូវ​សរសេរថា «​អភិវឌ្ឍ​» ដែល​មានន័យថា ចម្រើន​ក្រៃលែង លូតលាស់​ចម្រើន ជាដើម​។ ប៉ុន្តែ ប្រើ​ជា​នាមសព្ទ គឺ​ចាំបាច់​ត្រូវ​សរសេរ​«​អភិវឌ្ឍន៍​» ដែល​មានន័យថា ការ​ចម្រើន​ក្រៃលែង ការលូតលាស់​ចម្រើន ជាដើម​។​
 
​ករណី​ពិសេស​៖ ប្រសិនបើ​សាធារណជន សរសេរ​ពាក្យ​នេះ ផ្សំ​ជាមួយ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» គឺ​មិនត្រូវ​សរស​រថា «​ការអភិវឌ្ឍន៍​, ក្ដី​អភិវឌ្ឍន៍​, សេចក្ដី​អភិវឌ្ឍន៍ និង​ដំណើរ​អភិវឌ្ឍន៍​» ឡើយ ព្រោះ​ការសរសេរ​បែបនេះ មិន​ត្រឹមត្រូវ​តាម​ក្បួន​វេយ្យាករណ៍​ខ្មែរ នោះទេ​។ មូលហេតុ​គឺ​ដោយសារ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​» ជា​នាមសព្ទ មិនអាច​យកមក​ផ្សំ​ជាមួយ​ពាក្យ​ថា «​អភិវឌ្ឍន៍​»​បានទេ ព្រោះ​ជា​នាមសព្ទ​ដូចគ្នា​។​
 
​ដោយឡែក ចំពោះ​ពាក្យ​ថា «​ការ​, ក្ដី​, សេចក្ដី និង​ដំណើរ​»​នេះ ត្រូវ​ផ្សំ​ជាមួយ​ពាក្យ​ថា «​អភិវឌ្ឍ​» ទើប​ត្រឹមត្រូវ​។ ឧទាហរណ៍​៖ «​ការអភិវឌ្ឍ​, ក្ដី​អភិវឌ្ឍ​, សេចក្ដី​អភិវឌ្ឍ និង​ដំណើរ​អភិវឌ្ឍ​»៕
 
ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​

© រក្សាសិទ្ធិដោយ thmeythmey.com