ពីនេះ ពីនោះ
តើសុភាសិត៖ «ត្រីកំភ្លាញស្លាប់ព្រោះមាត់ សត្វខ្វែកស្លាប់ព្រោះអាចម៍» មានអត្ថន័យដូចម្ដេច?
× ភ្នំពេញ៖ «កំភ្លាញស្លាប់ព្រោះមាត់ ខ្វែកស្លាប់ព្រោះអាចម៍» ជាសុភាសិតបុរាណមួយដែលចាស់បុរាណបានលើកឡើងពីការវិនាសជីវិតរបស់ត្រីកំភ្លាញ និង សត្វខ្វែក ព្រោះតែមាត់ និងការបន្ទោរបង់។ ក៏ប៉ុន្តែ តើអ្វីជាចេតនាពិតនៃការលើកឡើងនៃសុភាសិតខ្មែរមួយនេះ?
ទាក់ទងជាមួយនឹងការលើកឡើង នៃសុភាសិតនេះ គឺបានបង្ហាញអត្ថន័យចំផង និងអត្ថន័យធៀបផង ដែលជាមាគ៌ាក្នុងការពិចារណា។ ការពិតណាស់ ត្រីកំភ្លាញ ជាប្រភេទត្រីរស់នៅតាមបឹងបួរមួយប្រភេទ ដែលមានរាងសំប៉ែត និងមានពុកមាត់វែងៗ។ រីឯ សត្វខ្វែក ជាប្រភេទសត្វស្លាបមួយប្រភេទ មានសម្បុរប្រផេះ កវែង បរិភោគត្រីជាអាហារ និងចេញរកស៊ីតែវេលាយប់ និងដេកនៅពេលថ្ងៃ ។
នៅក្នុងសភាពធម្មជាតិរបស់ត្រីកំភ្លាញ គឺជាប្រភេទត្រី ចូលចិត្តប្រលែងលេងជាមួយទឹក ដែលជាទូទៅ គេតែងនិយាយថា«ត្រីមាត់» ឬ«ត្រីផុស»ជាដើម។ ព្រោះតែបែបនេះ អ្នកនេសាទ អាចនេសាទដោយមធ្យោបាយផ្សេងៗ ដើម្បីចាប់ត្រីនេះ នៅក្នុងទឹកបឹង ត្រពាំង ហើយគេក៏អាចដឹងបានថា កន្លែងណាសម្បូរទៅដោយត្រីកំភ្លាញរស់នៅ។ ដោយឡែក ចំពោះសត្វខ្វែក ស្ទើរតែជាទូទៅ នៅពេលដើររកចំណីនៅកន្លែងណា តែងតែជុះអាចម៍នៅកន្លែងនោះ។ ការជុះអាចម៍នេះហើយ ដែលជាតម្រុយសម្រាប់អ្នកប្រមាញ់សត្វព្រៃ និងសត្វស្លាប ដើម្បីដាក់ជាអន្ទាក់ និងដាក់ថ្នាំបំពុល ជាដើម។ ហេតុផលនេះហើយ ដែលនាំឲ្យចាស់បុរាណលោកលើកឡើងថា «កំភ្លាញស្លាប់ព្រោះមាត់ ខ្វែកស្លាប់ព្រោះអាចម៍»។
ការព្យាយាមបកស្រាយពីបំណងរបស់សុភាសិត ជុំវិញធម្មជាតិនៃសត្វ ដែលចាស់បុរាណ បានប្រៀបធៀបនោះ គឺជារឿងមួយ។ ប៉ុន្តែអ្វីដែលសំខាន់ ត្រូវបង្ហាញឲ្យឃើញពីចេតនាពិត នៃគំនិតរបស់ចាស់បុរាណដែលលោកបាន លើកឡើងជាសុភាសិតនេះ។
ជាការពិត បើសិនជាគិតឲ្យជ្រៅបន្តិចគេឃើញថា ការដែលចាស់បុរាណប្រៀបធៀបថា«ត្រីកំភ្លាញស្លាប់ដោយសារមាត់» គឺលោកចង់សំដៅថា មនុស្សភាគច្រើនតែងតែវិនាសដោយសារតែសម្ដីរបស់ខ្លួន។ មនុស្សរពិសមាត់ មនុស្សមាត់រអិល មនុស្សនិយាយច្រើន មនុស្សនិយាយគ្មានគម្រប មនុស្សនិយាយគ្មានក្បាលគ្មានកន្ទុយ មនុស្សនិយាយឥតប្រយោជន៍ មនុស្សនិយាយគ្មានហេតុគ្មានផល តែងតែជួបនឹងការវិនាសដោយ ប្រការណាមួយ ព្រោះតែពាក្យសម្ដីទាំងនោះ។ ត្រង់នេះហើយ គឺប្រៀបដូចការជាត្រីកំភ្លាញ ត្រូវស្លាបព្រោះមាត់ខ្លួនឯង។
ចំណែក «សត្វខ្វែកស្លាប់ដោយសារអាចម៍» គឺលោកប្រហែលចង់សំដៅដល់ជំពូកមនុស្ស ដែលទៅដល់កន្លែងណា តែងតែទុកនូវភាពអាក្រក់របស់ខ្លួន និងស្នាមដានមិនល្អ គម្រូមិនល្អ។ ការបន្សល់នូវរូបភាពអវិជ្ជមានបែបនេះ វានឹងនាំឲ្យបុគ្គលនោះវិនាស ព្រោះតែទង្វើខ្លួនឯង។ ជាក់ស្ដែងនៅក្នុងសង្គមរស់នៅ ចំណុចនេះ គឺពិតជាត្រឹមត្រូវ។ ឧទាហរណ៍មានបុគ្គលិកក្រុមហ៊ុន បានចាកចេញពីកន្លែងមួយ ទៅកន្លែងមួយ ដោយចេះតែបន្តបន្សល់នូវប្រវត្តិមិនល្អ នៅតាមបណ្ដាក្រុមហ៊ុនទាំងនោះ ទង្វើបែបនោះ នឹងវាយបកមកលើអនាគតរបស់គេ នៅថ្ងៃមុខជាក់ជាមិនខាន។
ជារួមមក ការលើកឡើងក្នុងន័យប្រៀបធៀបមួយនេះ គឺជាចំណុចគិតពិចារណាមួយ ពីការបង្រៀនរបស់ចាស់បុរាណខ្មែរ ដែលលោកចង្អុលបង្ហាញឲ្យឃើញ ពីធម្មជាតិរបស់សត្វ ប៉ុន្តែវាបានបង្ហាញពីសកម្មភាពរបស់មនុស្ស ដែលបានប្រព្រឹត្ត។ ហេតុដូច្នេះ ក្នុងនាមជាមនុស្ស ត្រូវចេះបែងចែកកម្រិត នៃការនិយាយស្ដីរបស់ខ្លួន ថ្លឹងថ្លែងឲ្យបានច្បាស់ មុននិយាយ។ បន្ថែមពីនេះ ទង្វើ និងសកម្មភាព ក៏ត្រូវចេះបន្សល់ទុកនូវគម្រូល្អ មុនពេលដែលខ្លួនចាកចេញពីទីកន្លែងណាមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com