ពីនេះ ពីនោះ
«​គោ​ដំបៅ​ខ្នង ក្អែក​ហើរ​រំលង រំសាយកន្ទុយ​»៖ បង្ហាញ​ពី​របៀប​មើលចិត្ត​មនុស្ស​អាក្រក់
21, May 2019 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សុភាសិត​ខ្មែរ បានបង្ហាញ​ពី​តម្លៃ​នៃ​ការអប់រំ​យ៉ាង​ទូលំទូលាយ ប៉ុន្តែ​ប្រជាជន​ខ្មែរ​ភាគច្រើន​បាន​មើលរំលង​ពី​ទំហំ​នៃ​គំនិត​របស់​ដូនតា​។  ជាក់ស្ដែង​នៅក្នុង សុភាសិត​ខ្មែរ​មួយ​ដែល​បាន​លើកឡើងថា «​គោ​ដំបៅ​ខ្នង ក្អែក​ហើរ​រំលង រំសាយកន្ទុយ​» គឺជា​សុភាសិត​មួយ​ដែល​បាន​បង្កប់​អត្ថន័យ ផ្នែក​ចិត្ត​វិធី​ដើម្បី​មើល​មនុស្ស​។ តើ​សុភាសិត​មួយ​នេះ​មាន​លក្ខណៈពិសេស​យ៉ាងដូចម្ដេច​?



​មុននឹង​ធ្វើការ​បកស្រាយ​ពី​អត្ថន័យ​នៃ​សុភាសិត​ខ្មែរ​មួយ​នេះ គេ​ចាំបាច់​ត្រូវ​ដឹង​ជាមុន​ថា តើ​ហេតុអ្វី​បានជា​ចាស់​បុរាណ​លើក​ជា​សុភាសិត​ថា​«​គោ​ដំបៅ​ខ្នង ក្អែក​ហើរ​រំលង រំសាយកន្ទុយ​»? តើ​គោ​ដំបៅ​ខ្នង​មាន​លក្ខណៈ​បែបណា​? ក្អែក​ជាស​ត្វ​បែបណា​? ជាមុនសិន​។​

​ជាការ​ពិតណាស់ គោ​ដែលមាន​ដំបៅ​លើ​ខ្នង កាលណា​ឃើញ​ក្អែក​ហើរ​រំលង​ពីលើ តែង​លើក​កន្ទុយ​គ្រវាស​ចុះឡើង​ពីលើ​ខ្នង ដើម្បី​ការពារ​ខ្លួន ដោយ​ខ្លាច​ក្អែក​ចុះ​ចឹក​ដំបៅ ។ មូលហេតុ​គឺ​ដោយសារតែ​សត្វ​ក្អែក គឺជា​ប្រភេទ​បក្សី​មួយ​ប្រភេទ ដែល​ចូលចិត្ត​ស៊ី​អសុភ​ជា​អាហារ​។  ហេតុនេះ នៅពេលដែល​គោ​មាន​ដំ​ប៉ៅ គឺ​តែងមាន​ក្លិនស្អុយ និង​សាច់​រលួយ ដែលជា​ចំណូលចិត្ត​របស់​សត្វ​ក្អែក ដែល​និយម​ស៊ី សាច់​ស្អុយ សាក់សព​ជា​អាហារ​។ ប៉ុន្តែ​ធាតុពិត  ក្អែក​ឥត​ដឹង​អ្វី​ពី​គោ ថា​មាន​ដំបៅ​ឡើយ គឺ​វា​ហើរ​តាម​សភាព​ធម្មតា​របស់​វា​តែប៉ុណ្ណោះ​។​

​ប៉ុន្តែ នៅក្នុង​អត្ថន័យ​មួយទៀត ដែលជា​បំណង​ពិត​របស់​សុភាសិត​នេះ​គឺ ចាស់​បុរាណ​លោក​ចង់​បង្ហាញថា​គោ​ដំបៅ​ខ្នង គឺ​ប្រៀប​ដូច​ទៅនឹង​មនុស្ស​ដែល​ធ្លាប់បាន​ប្រព្រឹត្ត​អំពើអាក្រក់ មាន​លួច ប្លន់​គេ​ជាដើម​។ មនុស្ស​ប្រភេទ​នេះ នៅ​ពេលឮ​គេ​និយាយ​ពី​ចោរកម្ម​កើត​នៅទីណា មនុស្ស​នោះ​តែងតែ​ស្ដែងចេញ​នូវ​សកម្មភាព​ឆ្លើយតប​ណាមួយ​ជាក់​ជាមិនខាន​។ ការ​ប្រតិ​កម្មនេះ គឺ​ព្រោះ​នៅក្នុង​អារម្មណ៍​របស់​បុគ្គល​នោះ ចេះតែ​នឹក​បារម្ភ​ខ្លាច​គេ​និយាយ​ដៀមដាម​ឲ្យ​ខ្លួន​។

​ត្រង់ចំណុច​នេះហើយ ទើប​សុភាសិត​ដែល​លើកឡើងថា​«​គោ​ដំបៅ​ខ្នង ក្អែក​ហើរ​រំលង រំសាយកន្ទុយ​» គឺជា​ប្រភេទ​សុភាសិត​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​របៀប​ដើម្បី​មើល​ឲ្យ​ឃើញ​ពី​ចំណុចខ្សោយ​របស់​មនុស្ស​ខិល​ខួច ដែល​បាន​ប្រព្រឹត្ត​ក្នុង​អំពើអាក្រក់​ណាមួយ​។ 


© រក្សាសិទ្ធិដោយ thmeythmey.com