ជាតិ
ពីនេះ ពីនោះ
«​ងើយ​ស្កក ឱនដាក់គ្រាប់​»៖ មាន​អត្ថន័យ​ពិតប្រាកដ​យ៉ាងដូចម្ដេច​?
20, May 2019 , 2:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈសម្បត្តិ​ខុសៗ​គ្នា អ្នកខ្លះ​មាន​អត្ថ​ចរិតល្អ ខ្លះ​អាក្រក់ ខ្លះ​ព្រហើនកោងកាច​ក្អេងក្អាង ខ្លះទៀត​ចេះ​សម្រប​ខ្លួន ដាក់ខ្លួន ស្គាល់​កាលៈទេសៈ ចេះ​គោរព​ចាស់ទុំ គ្រូ រៀមច្បង ជាដើម​។ ព្រោះតែ​ភាពខុសគ្នា​បែបនេះហើយ​ទើប​ចាស​បុរាណ​ខ្មែរ​លោក​បានលើកឡើង​ជា​សុភាសិត​ថា «​ងើយ​ស្កក ឱនដាក់គ្រាប់​» ដើម្បី​ជា​គោល​គំនិត​ខ្លី​មួយ​សម្រាប់​អប់រំ​កូនចៅ​ជំនាន់​ក្រោយ​។  ប៉ុន្តែ​សុភាសិត​នេះ​ត្រូវបាន​មជ្ឈដ្ឋាន​បច្ចុប្បន្ន​មួយចំនួន​យល់ឃើញថា ជា​គំនិត​អន់ថយ​ទៅវិញ​។ តើ​អ្វី​ជា​ចេតនា​ពិត​នៃ​ការលើក​ឡើងជា​សុភាសិត​នេះ​?



​កន្លងទៅ សុភាសិត​ខ្មែរ «​ងើយ​ស្កក ឱនដាក់គ្រាប់​»  ត្រូវបាន​គេ​បកស្រាយ ថា​ជា​សុភាសិត​មួយ  ជា​ផ្នត់គំនិត​មួយ ជា​វិធី​នៃ​ការអប់រំ​មួយ ដែល​នាំ​ឲ្យ​មនុស្ស​ជំនាន់​ថ្មី​ខ្លាច​គេ មិន​ហ៊ាន​និយាយ​ការពិត មិន​ហ៊ាន​ប្រឈមមុខ​ជាមួយ​រឿងរ៉ាវ​អយុត្តិធម៌ និង​មនុស្ស​អាក្រក់​ជាដើម​។​
 
​ការព្យាយាម​ធ្វើការ​វិភាគ​ទៅលើ​អត្ថន័យ​សុភាសិត ក្នុង​ផ្លូវ​អវិជ្ជមាន​បែបនេះ ក្នុង​គោលបំណង​ប្រាប់​មនុស្ស​ខ្មែរ​ជំនាន់​ថ្មី ឲ្យ​ចេះ​ប្រឈមមុខ និង​ហ៊ាន​និយាយ​ការពិត ប្រឆាំង​អំពើអាក្រក់​គឺជា​រឿង​ល្អ​។ ក៏ប៉ុន្តែ​អ្វីដែល​ចាំបាច់ គឺ​ត្រូវ​ទៅ​សិក្សា​ជាមុន​ពី​អត្ថន័យ​ពិត ថា​សុភាសិត​មួយ​នេះ ចាស់​បុរាណ​លោក​ចង់បាន​អ្វី​ឲ្យ​ពិតប្រាកដ​? ព្រោះ​ហេតុផល​នេះ គឺ​ដើម្បី​ជៀសវាង​ការវាយតម្លៃ​ខុស ទៅលើ​តម្លៃពិត​នៃ​គំនិត​របស់​ដូនតា​ខ្លួន​។ 
 
​សុភាសិត «​ងើយ​ស្កក ឱនដាក់គ្រាប់​» ប្រសិនបើ​ធ្វើការ​បកស្រាយ​តាម ន័យត្រង់​ចាស់​បុរាណ លោក​ចង់​សំដៅ​ទៅលើ​ធម្មជាតិ​ស្រូវ កាលណា វា​ងើយ​ឡើងលើ ទោះ​វា​គម្រប់​ថ្ងៃ​ដែល​ត្រូវមាន​គ្រាប់ ប៉ុន្តែ​នៅតែ​ងើយ​ឡើងលើ នោះ​គឺ​មានន័យថា ស្រូវ​នោះ​ស្កក ពុំមាន​គ្រាប់ អាច​យកមក​ធ្វើជា​អង្ករ​បាន​នោះទេ​។ ផ្ទុយ​មកវិញ បើ​វា​ឱន​ចុះក្រោម នោះ​ប្រាកដ​ជាមាន​គ្រាប់ស្រូវ  ហើយ​វា​មាន​គ្រាប់​ល្អ អាច​ប្រមូល​ជា​ទិន្នផល ផលិត​ជា​អង្ករ​សម្រាប់​ជា​ប្រយោជន៍​បាន​។​
 
​បើ​ធ្វើការ​ពិចារណា​ត្រឹមតែ​ជា​ធម្មជាតិ​របស់​ស្រូវ ច្បាស់​ណាស់​អ្នក​គិត​គឺ​បាន​ត្រឹម​ដឹងថា ស្រូវ​គឺ​បែបនេះ​។ កាលណា​ខ្វះ​ទឹក ធម្មជាតិ​ក្ដៅ​ខ្លាំង សត្វល្អិត​រំខាន គុណភាព​ដី​មិនល្អ នោះ​នឹង​នាំ​ឲ្យ​ស្រូវ​ត្រូវ​ស្កក​មិនអាច​ទទួលបាន​ផល​នោះទេ​។ តែបើ​ឃើញថា ស្រូវ​នោះ​ឱន ហើយ នោះ​កសិករ នឹង​សង្ឃឹមថានឹង​បាន​ផល​ល្អ​។ ក៏ប៉ុន្តែ​នោះ​មិនមែនជា​ចេតនា​ពិត​នៃ​ការលើក​ឡើងជា​សុភាសិត​នេះ​ទេ​។​
 
​នៅក្នុង​គោល​គំនិត​នៃ​សុភាសិត​នេះ គេ​អាច​មើលឃើញថា ចេតនា​ពិត​របស់​ចាស់​បុរាណ​ខ្មែរ គឺ​លោក​ចង់​ធ្វើការ​ប្រៀបធៀប បុគ្គល​ដែលមាន​អំនួត​ក្អេងក្អាង មិនចេះ​ឱនលំទោន មោទន​ក​ភាព​ជាមួយ​ខ្លួនឯង​ជ្រុល ចាត់ទុក​ខ្លួនឯង​គ្មាន​អ្នកណា​ស្មើ មើលឃើញ​សមត្ថភាព​ខ្លួនឯង​ខ្ពស់​ជានិច្ច គឺ​ប្រៀបដូចជា​គួ​ស្រូវ​ដែល​ងើយ ហើយ​គ្មាន​គ្រាប់​ដូច្នេះ​ដែរ​។ មនុស្ស​ជំពូក​នេះ​ចាស់​បុរាណ​លោក ចាត់​ថា​ជា​ស្រូវស្កក ដែល​មិនអាច​យក​ជា​ប្រយោជន៍​បាន​។ 
 
​ផ្ទុយ​មកវិញ  ចាស់​បុរាណ​ខ្មែរ​លោក​បាន​ទូន្មាន កូនចៅ​ខ្លួន​ជំនាន់​ក្រោយ ឲ្យ​ចេះ​ដាក់ខ្លួន  ឱនលំទោន គោរព​ឲ្យ​តម្លៃ​អ្នកដទៃ មិន​ប្រើ​ធម៌​ប្រមាថ មិន​ប្រើ​ធម៌​អំនួត ត្រូវ​ប្រើ​ធម៌​មេត្តា រមែង​មាន​គេ​ចូលចិត្ត គោរព​ស្រឡាញ់ និង​ឲ្យ​តម្លៃ​។ បន្ថែម​ពីនេះ គឺ​ត្រូវមាន​ឥរិយាបថ​សុភាពរាបសា ចេះ​គោរព​ចាស់ព្រឹទ្ធាចារ្យ ស្គាល់​ញាតិមិត្ត អ្នកភូមិផង​របង​ជាមួយ​។ នៅពេលដែល​បុគ្គល​គ្រប់រូប អាច​ប្រតិបត្តិ មាគ៌ា​ទាំងនេះ​បាន បុរាណ​ចា​រ្យ​ខ្មែរ លោក​ចាត់ទុកថា​ជន​ទាំងនោះ ប្រៀបដូចជា​គួ​ស្រូវ​ដែល​ឱនដាក់គ្រាប់ ហើយ​គេ​អាច​យកមកប្រើ​ជា​ប្រយោជន៍​បាន​គ្រប់​តម្រូវការ​។ 
 
​ព្រោះតែ​គោល​គំនិត នៃ​ការគិត​ឃើញបែបនេះ​ហើយ ទើប​ចាស​បុរាណ​ខ្មែរ​លោក ធ្វើការ​ប្រៀបធៀប​ជា​សុភាសិត​ថា​«​ងើយ​ស្កក ឱនដាក់គ្រាប់​»​នេះ ដើម្បី​ជា​មេរៀន​មួយ​សម្រាប់​បង្រៀន​កូនចៅ​ជំនាន់​ក្រោយ​។ 
 
​ដោយឡែក​ប្រសិនបើ​គេ​ធ្វើការ​ឆ្លុះបញ្ចាំង ពី​តម្លៃ​នៃ​សុភាសិត​មក​សង្គម​សម័យថ្មី​នេះ គេ​មើលឃើញថា មាន​ជំពូក​មនុស្ស​មួយចំនួន វង្វេង​ជាមួយនឹង​ភាព​អំនួត​របស់ខ្លួន គិតថា​ខ្លួន​ចេះ​គ្រប់យ៉ាង អ្នកខ្លះ​ខ្វះ​មូលដ្ឋាន​សីលធម៌​ខ្មែរ ប្រើពាក្យ​អសុរោះ មិន​គោរព​អ្នកដទៃ ជាដើម​។ រូបភាព​ទាំងនេះ គឺ​ព្រោះតែ​កូន​ខ្មែរ​មិនបាន​គិតពី​ទស្សនៈ​របស់​ដូនតា​ខ្លួន​ដែល​បាន​អប់រំ​តាំងពី​រាប់សិប​ឆ្នាំ​មកហើយ​ពី​ដំណើរ​នៃ​ពាក្យ​ថា «​ងើយ​ស្កក ឱនដាក់គ្រាប់​»​នេះ​។​
 
​ជារួម​មក សុភាសិត​ដ៏​ខ្លី​មួយ​នេះ គឺ​បានបង្ហាញ​ពី​តម្លៃ​អប់រំ​យ៉ាងខ្លាំង ដល់​ការបណ្ដុះ​ឲ្យ​មនុស្ស ចេះ​រស់នៅក្នុង​សង្គម​ដោយ​គ្មាន​ការរើសអើង និង​ចេះ​ឲ្យ​តម្លៃ​មនុស្ស​ដូចគ្នា​។  តែ​ទោះជា​យ៉ាងណា ខ្មែរ​ក៏​មិនអាច​យក​សុភាសិត​មួយ​នេះ មក​អប់រំ​កូនចៅ​ជំនាន់​ក្រោយ ឲ្យ​ក្លាយជា​មនុស្ស​ក្លាច​គេ មិន​ហ៊ាន​និយាយ​ការពិត សុខចិត្ត​នៅក្រោម​គំនាប​នៃ​អំពើអាក្រក់ មនុស្ស​ទុច្ចរិត ហើយ​គិតថា​ការបិត​ភ្នែក បិត​ត្រចៀក បិតមាត់ ដើម្បី​សន្សំ​សុខ​ឡើយ​។ ការធ្វើ​បែបនេះ គឺ​មិន​ត្រឹមត្រូវ​តាម​ទិសដៅ​នៃ​ការអប់រំ​របស់​សុភាសិត​ថា «​ងើយ​ស្កក ឱនដាក់គ្រាប់​»​ឡើយ​៕

Tag:
 សុភាសិត​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com