តើ​ពាក្យ​«​ជាត និង ជាតិ​» មាន​អត្ថន័យ​ខុសគ្នា​យ៉ាងដូចម្ដេច​?
ពីនេះ ពីនោះ
តើ​ពាក្យ​«​ជាត និង ជាតិ​» មាន​អត្ថន័យ​ខុសគ្នា​យ៉ាងដូចម្ដេច​?
18, Jan 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​ថា «​ជាត និង ជាតិ​» កូន​ខ្មែរ​ស្ទើរតែ​ទាំងអស់​បាន ដឹង បាន​ស្គាល់ និង​ចេះ​សរសេរ ប៉ុន្តែ​ក៏​អាចមាន​អ្នកខ្លះ​មិនទាន់​អាច់យ​ល់ពី​ភាពខុសគ្នា រវាង​ពាក្យ​ថា «​ជាត និង ជាតិ​» នេះ​នៅឡើយ​ផងដែរ​។ វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពី​ពាក្យ​ទាំងនេះ​ដូចខាងក្រោម​៖



​ពាក្យ «​ជាត​» មាន​ថ្នាក់​ពាក្យ​ជា​គុណនាម មានន័យថា ដែល​កើត​ហើយ​, ដែលមាន​, ដែល​ប្រាកដ​ហើយ ជាដើម​។

​ដោយឡែក​ពាក្យ «​ជាតិ​» មាន​ថ្នាក់​ពាក្យ​នាម មានន័យថា កំណើត​, មនុស្ស​ដែលមាន​សញ្ជាតិ​ផ្សេងគ្នា​។ ឧទាហរណ៍ ជាតិខ្មែរ​, ជាតិចិន ។​ល​។​
 
​ជារួម ការប្រើប្រាស់​ពាក្យ​ទាំងពីរ​នេះ​មាន​អត្ថន័យ និង​ការប្រើប្រាស់​មិន​ដូចគ្នា​ទេ ទោះបី មាន​សូរ​អាន​ដូចគ្នា​ក៏ដោយ​។ ចំពោះ​ពាក្យ «​ជាត​» គេ​ច្រើន​ឃើញ​សរសេរ​ទៅជា «​ជាតក​» មានន័យថា រឿងរ៉ាវ​ពី​ក្នុង​ជាតិ​មុនៗ ដែល​លោកអ្នក​បាន​លុះ​ញាណ​វិសេស សម្រាប់​ដឹងជាតិ លោក​សំដែង​ប្រាប់​យ៉ាង​ដូចជា ជាតក​ទាំង​១០​មាន​តេ​មិ​យ​ជាតក​ជាដើម ដែល​ព្រះ​សក្យមុនី​សព្វញ្ញុពុទ្ធ​ទ្រង់​សំដែង​។ ឈ្មោះ​អង្គ​នៃ​ពុទ្ធសាសនា​មួយ​យ៉ាង​ក្នុង​អង្គ​ទាំង​៩​។ «​ជាតរូប​» មានន័យថា ដែលមាន​សម្បុរ​ដូច​មាស​, ល្អ​, ហ្មត់ហ្មង​។ «​ជាតវេទ​» មានន័យថា ភ្លើង​។ «​ជាតសិលា​»​មានន័យថា សិលា​ដែល​កើត​ឯង​(​ថ្ម​សុទ្ធ​) ជាដើម​។​

​ចំណែក​ពាក្យ «​ជាតិ​» គេ​ច្រើន​ឃើញ​សរសេរ​ជា​ពាក្យ​ថា​«​ជាតិទុក្ខ​» មានន័យថា ទុក្ខ​ព្រោះ​មានកំណើត កើត​មកជា​រូបរាងកាយ​។ «​ជាតិធម៌​»​មានន័យថា កំណើត​ដែលជា​ធម្មតា​របស់​សព្វ​សត្វ​, ដែលមាន​ជីវិត​ជាតិ​ជាធម្មតា​។ «​ជាតិភូមិ​» មានន័យថា ភូមិកំណើត​, ស្រុកកំណើត​។ «​ជាតិរស​» មានន័យថា រស​អំពី​កំណើត​, ឱជា​រស​ដែល​កើត​ឯង​ស្រាប់ ដូច​យ៉ាង​រស​អំពៅ​ជាដើម ដែល​ខ្មែរ​ច្រើន​និយាយថា រសជាតិ​។ ចំណែក អត្ថន័យ​មួយទៀត គឺ​សំដៅ​ទៅលើ​ជាតិ​សាសន៍​នីមួយៗ​ជាដើម​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com