បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​៖ គេ​រិះគន់​កម្ពុជា​ថា​ប្រឹង​ងាក​ទៅ​ចិន ដោយសារ​មិន​យល់ច្បាស់​ពី​កម្ពុជា​
18, Oct 2017 , 8:39 pm        
រូបភាព
 
​ទំនាក់ទំនង​កម្ពុជា​និង​ចិន​ស្ថិតនឹងកើនឡើង​មួយកម្រិត​ទៀត​ក្រោយដំណើរ​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង កាលពីតុលាឆ្នាំ ២០១៦ កន្លងទៅ​។ ប៉ុន្តែគេ​នៅឃើញ​មានមតិខ្លះ​រិះគន់​កម្ពុជា ជុំវិញ​ការ​ខិត​ទៅជិត​ចិន​នេះដែរ ដោយមាន​ខ្លះ​ចោទថា កម្ពុជា​ត្រូវបាន​ចិន​ទិញ ឬ​ជា​កូនជឹង​របស់​ចិន​ទៀត​។ ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកជំនាញ​នយោបាយ​ការបរទេស​កម្ពុជាលោក  ជឺ​ន​បូរាណ ច័ន្ទបូរី ដែលជា​និស្សិត​ថ្នាក់បណ្ឌិត​ខាង​ការសិក្សា​អំពី​នយោបាយ និង​យុទ្ធសាស្ត្រ អន្តរជាតិ នៅ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី​នៅ​ក្រុង​កង់​បេ​រ៉ា បាន​លើកឡើងថា ការរិះគន់ និង ចោទប្រកាន់​កម្ពុជា​នេះ អាច​បណ្តា​មកពី​គេ​មិនទាន់​យល់ច្បាស់​ពី​ស្ថានភាព​ភូមិសាស្ត្រ នយោបាយ​កម្ពុជា​ឡើយ​។​


​ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​រវាង​ និពន្ធ​នាយករង​ទទួលបន្ទុក​ព័ត៌មាន​អន្តរជាតិ​ជាមួយ​លោក លោក  ជឺ​ន​បូរាណ ច័ន្ទបូរី តាមសារអេឡិចត្រូនិកពាក់ព័ន្ធ​បញ្ហា​ទំនាក់ទំនង​កម្ពុជា​ចិន​៖
 
១.​លោក សៅ ផល​និស្ស័យ៖ប្រ​ធា​ធិបតី​ចិន​លោក ស៊ី ជិន​ពីង មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​លើកដំបូង​ចាប់ពី​ថ្ងៃ ១៣ ដល់​ថ្ងៃ ១៤​ខែតុលា​។​គេ​ចាត់ទុកថា​ទស្សនកិច្ច​នេះ​ជា​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​និង​ធ្វើ ឡើង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។ តើ​លោក​រំពឹង​អ្វីខ្លះ​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​ចិន​នេះ​?
 
១.​លោក  ជឺ​ន​បូរាណ ច័ន្ទបូរី​៖  ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង មកកាន់​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកជា​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​ដោយសារ​ហេតុផល​ច្រើន​។ ហើយ​សម្រាប់​ដំណើរ​ទស្សនកិច្ច​នេះ វា​ឆ្លុះបញ្ចាំង​ពី​ការលូតលាស់​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច ការទូត និង​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ​ជាដើម​។ ទាក់ទង​បញ្ហា​ការទូត ដំណើរ​ទស្សនកិច្ច​រប​ស់លោក ស៊ី ជិន​ពីង ឆ្លុះបញ្ចាំង​ឲ្យ​ឃើញច្បាស់​ពី​ប​ការវិវត្ត​យ៉ាង​រហ័ស​នៃ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ក្រោម​ក្របខណ្ឌ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែល​ត្រូវបាន​គេ​បង្កើតឡើង​កាលពី​ឆ្នាំ ២០១០​នោះ​។ សម្រាប់​វិស័យសេដ្ឋកិច្ច​វិញ ដំណើរ​ទស្សនកិច្ច​នេះ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា   ការកើនឡើង​នៃ​តម្លៃ​សេដ្ឋកិច្ច​របស់​ចិន ហើយ​ដូច​ឃើញស្រាប់​កិច្ចព្រមព្រៀង​ច្រើនជាង ២០ នឹងត្រូវ​ចុះហត្ថលេខា​ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ​។ វា​ក៏​ជា​រឿង​ចាំបាច់​ដែល​យើង​ត្រូវ​កត់សម្គាល់​ផងដែរ​ថា​ចាប់ពី​ឆ្នាំ ២០១៤ មក ចិន​បាន​ក្លាយជា​ប្រទេស​ដែល​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​ធំជាងគេ ដោយ​ទំហំ​វិនិយោគ​មាន​រហូតដល់ ១០​ពាន់​លាន​ដុល្លារ​អាមេរិក​។ ហើយ​ចិន​ក៏​ជា​ម្ចាស់ជំនួយ​សេដ្ឋកិច្ច​ធំជាងគេ​ដែរ ហើយ​ទំហំ​ជំនួយ​របស់​ចិន​នេះ​មាន​រហូតដល់​ជិត ៣​ពាន់​លាន​ដុល្លារ​ឯណោះ​។​
 មួយវិញទៀត គឺ​ខាង​ផ្នែក​យុទ្ធសាស្ត្រ​។ ទស្សនកិច្ច​នេះ ជាការ​បង្ហាញ​ឲ្យ​ឃើញ​បន្ថែម​ពី​គោលដៅ​នៃ​គោលនយោបាយ​ការបរទេស​របស់​កម្ពុ​ជា​ដែល​យើង​អាច​ហៅថា​ជា​«​សម្ព័ន្ធភាព​ដែលមាន​លក្ខណៈ​ធូររលុង​»​ជាមួយ​ចិន​ដើម្បី​ការពារ​សន្តិសុខ​និង​ដើម្បី​ធានា​ដល់​ការកសាង​សន្តិភាព​និង​វិបុលភាព​របស់ខ្លួន​នោះ​។​
 
២.​សៅ ផល​និស្ស័យ​៖ កម្ពុជា​ទទួល​លុយ​ជំនួយ និង​កម្ចី​ទន់​រាប់ពាន់​លាន​ដុល្លារ​ពី​ចិន ហើយ​កម្ពុជា​តែងតែ​កោតសរសើរ​របប​ដឹកនាំ​ចិន និង​គាំទ្រ​ចិន​រាល់​កាលៈទេសៈ​សូម្បីតែ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ វា​តែងតែ​មានការ​រិះគន់ថា កម្ពុជា​បាត់បង់​ឯករាជភាព​សេដ្ឋកិច្ច និង​អព្យាក្រឹតភាព​នៅពេលដែល​ប្រទេស​នេះ​ពឹង​ចិន​ខ្លាំងពេក​។ តើ​លោក​យល់ឃើញ​បែបណា​ដែរ​? 
 
២.​លោក  ជឺ​ន​បូរាណ ច័ន្ទបូរី​៖  ដោយសារ​ការកើនឡើង​នៃ​ការផ្តល់​ជំនួយ​របស់​ចិន​ដល់​កម្ពុជា ប្រព័ន្ធ​ផ្សព្វផ្សាយ និង អ្នក​អត្ថាធិប្បាយ​មួយចំនួន​ក្នុង​តំបន់​ជាពិសេស​លោកខាងលិច​បា​ន​អះ​អា​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ​ត្រូវបាន​ចិន​ទិញ ហើយ​កម្ពុជា​នេះ​ជា​កូនជឹង​របស់​ចិន​នៅ​អាស៊ីអាគ្នេយ៍​ទៀត​។ ដោយ​ការ​អះអាងថា​នេះ​បង្ហាញ​ឲ្យ​ឃើញថា វា​មិនមាន​ការយល់ដឹង​ឲ្យ​បាន​ស៊ីជម្រៅ​ពី​ស្ថានភាព​លំបាក​នៃ​ភូមិសាស្ត្រ​នយោបាយ​របស់​កម្ពុជា​ឡើយ​។​ខ្ញុំ​ជឿជាក់ថា ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​កម្ពុជា​និង​ចិន​លើសពី​បញ្ហា​សេដ្ឋកិច្ច​ទៅទៀត​។​
 
​ក្នុង​ក្រសែរ​ភ្នែក​អ្នកបង្កើត​គោលនយោបាយ​ការបរទេស កម្ពុជា​ក្រុង​ប៉េកាំង​មិន​ត្រឹមតែ​អាច​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​ដល់​កម្ពុជា​ប៉ុណ្ណោះ​ទេ វា​ក៏​អាចជួយ​បម្រើ​ប្រយោជន៍​ផ្នែក​នយោបាយ​និង​យុទ្ធសាស្ត្រ​ដល់​កម្ពុជា​ផងដែរ​។​
 
 ទីមួយ កម្ពុជា​ស្ថិតនៅ​ចន្លោះ​កណ្តាល​ប្រទេស​ធំៗ​ដែលមាន​ឥទ្ធិពល​ខ្លាំង និង​ជា​អ្នកជិតខាង​ដែលមាន​គំនិត​ស្អប់ខ្ពើម​គ្នា​តាំងពី​ប្រវត្តិសាស្ត្រ​មានដូចជា​ថៃ​និង​វៀតណាម​នោះ​។ មកទល់​ពេល​ឥឡូវ គេ​នៅតែ​យល់ឃើញថា កម្ពុជា​នៅតែ​ទទួលរង​គំរាមកំហែង​ផ្នែក​សន្តិសុខ​ពី​ប្រទេស​ទាំងពីរ​ដដែល​។​ជា​ឧទាហរណ៍​ជាក់ស្តែង​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​នៅតាម​ព្រំដែន​ខ្មែរ​ថៃ​ចាប់ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១១ និង​ការបន្ត​កើនឡើង​នៃ​ជនអន្តោប្រវេសន៍​ខុសច្បាប់​របស់​វៀតណាម​។​
 
​ចំណុច​ទី​ពីរ គណបក្សប្រឆាំង ពោលគឺ​គណបក្ស​សង្គ្រោះ​ជាតិ​បានទទួល​ជោគជ័យ​ក្នុងការ​ប្រើប្រាស់​«​សន្លឹក​បៀរ​វៀតណាម​» ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​បណ្តា​សាធារណជន​។ ហើយ​ស្រប​ពេលដែល​ការបោះឆ្នោត​កាន់តែ​ខិតជិត​មកដល់​ទៀត គណបក្សកាន់អំណាច​មិនអាច​បណ្តែតបណ្តោយ​ឲ្យ​គេ​ឃើញថា ខ្លួន​ទន់ភ្លន់​ចំពោះ​បញ្ហា​ព្រំដែន​និង​ការហូរចូល​នៃ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ឡើយ​។​
 
​ចំណុច​ទី​បី​រដ្ឋាភិបាល​ក្រុងភ្នំពេញ​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ហាក់បីដូចជា​ប្រកាន់​គោលការណ៍​និង​តម្លៃ​ប្រហែល​គ្នា​ជុំវិញ​ការអនុវត្ត​នយោបាយ​ការទូត​។ មេដឹកនាំ​ប្រទេស​ទាំងពីរ​ជា​អ្នកគាំទ្រ​ខ្លាំង​បំផុត​នៃ​គោលការណ៍​មិន​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ និង​ការគោរព​នូវ​គោលការណ៍​អធិបតេយ្យ​រដ្ឋ​ជាដើម​។  
 
(រូបភាព៖ហ្វេសប៊ុកសម្តេច ហ៊ុន សែន) 
 
៣.​សៅ​ផល​និស្ស័យ​៖ វា​មានការ​ប្រជែង​គ្នា​រវាង​អាមេរិក និង​ចិន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ដូច្នេះ​តើ​លោក​យល់ថា​កម្ពុជា​គួរ​ជ្រើសរើស​រវាង​មហាអំណាច​អាមេរិក និង​ចិន​ទេ​? ហើយ​មូល​ហេតុអ្វី​ដែរ​?
 
៣.​លោក ជឺ​ន​បូរាណ ច័ន្ទបូរី​៖ ទាក់ទង​នឹង​សំណួរ​នេះ  កម្ពុជា​គួរ​បន្តធ្វើ​ពិ​ពិធ​កម្ម​ទំនាក់​ទំនងជា​មហាអំណាច​ធំៗ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សេរីភាព និង ការបត់បែន​របស់ខ្លួន​បាន ទោះបីជា​ចិន​ហាក់បីដូចជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​ដែល​កម្ពុជា​អាច​ពឹងពាក់​បាន​ដើម្បី​ធានា​បូរណភាព​ដែនដី និង​ធានា​ពី​ការកសាង​វិបុលភាព​នៅក្នុង​ប្រទេស​ក៏ដោយ​។ បើ​យើង​ត្រឡប់​ទៅ​មើល​ទំនាក់ទំនង​រវាង​កម្ពុ​ជា​ជាមួយ​អាមេរិក​វិញ តិច​ឬ​ច្រើន​វា​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដោយសារ​មរតក​ប្រវត្តិ​សា​ស្ត្រ, ការខ្វះ​ការជឿទុកចិត្ត​គ្នា​រវាង​រដ្ឋាភិបាល​ក្រុងភ្នំពេញ​និង​ក្រុង​វ៉ាស៊ីនតោន និង បញ្ហា​ការិយាធិបតេយ្យ​នៃ​នយោបាយ​អាមេរិក​។  ដូច្នេះហើយ​វា​ជា​ផលប្រយោជន៍​មួយ​សម្រាប់​កម្ពុជា​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​តែម្តង​។​

៤.​សៅ ផល​និស្ស័យ​៖ ប្រជាជន​កម្ពុជា និង​ប្រជាជន​នានា​ក្នុង​តំបន់​ហាក់បីដូចជា​មើលឃើញ​ចិន​ក្នុង​ផ្លូវ​អវិជ្ជមាន​។ តើ​សម្រាប់​លោក មហាអំណាច​ចិន​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ធ្វើ​ឲ្យ​រូបភាព​របស់ខ្លួន​ប្រសើរឡើង​និង​ពង្រឹង​អំណាច​«​ទន់​»​របស់ខ្លួន​ដើម្បី​ឲ្យ​គេ​ជឿជាក់ថា ចិន​ជា​មហាអំណាច​ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់​? 

៤.​លោក ជឺ​ន​បូរាណ ច័ន្ទបូរី​៖​វា​មានការ​ព្រួយបារម្ភ​ច្រើន​ជុំវិញ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ដែល​ភាគច្រើន​ពាក់ព័ន្ធ​ឆន្ទៈ​ក្នុង​ការគាំទ្រ​ស្តង់ដា​ការងារ​របស់​កម្មករ​, ការការពារ​បរិស្ថាន  និង​គុណភាព​នៃ​ការងារ​ជាដើម​។ ដូច្នេះហើយ ចិន​គួរតែ​ដោះស្រាយ​បញ្ហា​ទាំងនេះ​និង​បញ្ចប់​រាល់​ការបារម្ភ​ទាំងអស់នោះ​ផង​។ មហាអំណាច​ចិន​គួរតែ​ជំរុញ​ឲ្យ​គេ​ជឿជាក់ថា ខ្លួន​មិនមែន​ត្រឹមតែ​អាចមាន​លទ្ធភាព​ផ្តល់​លុយ​សន្ធឹកសន្ធាប់​ទេ តែ​ប្រទេស​នេះ​អាច​ផ្តល់​ឲ្យ​នូវ​ចំណេះដឹង ជំនាញ​បច្ចេកទេស និង​បច្ចេកវិទ្យា​ជាដើម​ដែរ​។ 
 
​ជាទូទៅ​រូបភាព​និង​កិត្តិនាម​របស់​ចិន​ត្រូវបាន​គេ​បំភ្លៃ​ដោយសារតែ​កង្វះ​ឆន្ទៈ​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​តួអង្គ​ផ្សេងទៀត​នៅ​ប្រទេស​ដទៃ​។​ដូច្នេះហើយ វា​ជា​រឿង​មួយ​ល្អប្រសើរ បើសិន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាចមាន​លទ្ធភាព​កែលម្អ​នយោបាយ​ការបរទេស​របស់ខ្លួន​ឡើងវិញ​៕
 
 
 



Tag:
 ស៊ី ជិន​ពីង​
 ​ ​ជឺ​ន​បូរាណ ច័ន្ទបូរី​
  ទំនាក់ទំនង​កម្ពុជា​-​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com