ជាតិ
ហេតុអ្វី កម្ពុជា​និង​ចិន រើសយក​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​?
04, Feb 2019 , 10:59 pm        
រូបភាព
 
​កម្ពុជា និង​ចិន បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ផ្លូវការ​ក្នុង​ឆ្នាំ​១៩៥៨​។ ជិត​៦០​ឆ្នាំ​នៃ​ចំណង​ការទូត មិត្តភាព​កម្ពុជា និង​ចិន កាន់តែ​ស្អិតល្មួត លើ​គ្រប់​វិស័យ​ទាំង​សេដ្ឋកិច្ច នយោបាយ និង​វប្បធម៌​។ ភាគី​ទាំងពីរ តែង​គាំទ្រ​គ្នា​ទៅវិញទៅមក​ទាំង​លើ​វេទិកា​អន្តរជាតិ​នានា​ដែរ​។ ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន ចេះតែ​រីកចម្រើន​រហូត​មេដឹកនាំ​ប្រទេស​ទាំងពីរ សម្រេច​ដំឡើង​ទំនាក់ទំនង​នេះ​ទៅជា ទំនាក់ទំនង «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» នៅក្នុង​ឆ្នាំ​២០១០​។

 
​ទំនាក់ទំនង​ប្រពៃណី​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា និង​ចិន ដែល​បណ្ដុះ​ពូជ​ដោយ​អតីតព្រះមហាក្សត្រ​ខ្មែរ និង​អតីត​មេដឹកនាំ​ចិន​ជំនាន់​មុនៗ បាន​ប្រែប្រួល​ជា​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​អំឡុងពេល​៥៨​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​។ ការលេចឡើង​របស់​ចិន ជា​មហាអំណាច​តំបន់ និង​ពិភពលោក ទាំង​សេដ្ឋកិច្ច និង​យោធា​នោះ គឺជា​ឱកាស​របស់​ប្រទេស​តូច​ដូចជា​កម្ពុជា​នេះ ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ដើម្បី​ផលប្រយោជន៍​របស់ខ្លួន​។  
 
​ក្នុង​ខែធ្នូ ឆ្នាំ​២០១០ កម្ពុជា និង​ចិន បានសម្រេច​ដំឡើង​ទំនាក់ទំនង​ការទូត​ឲ្យ​ដល់​កម្រិត «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ដែលជា​កម្រិត​ខ្ពស់បំផុត​នៃ​ទំនាក់ទំនង​ការទូត​ទ្វេភាគី​។ ការសម្រេច​នេះ ធ្វើឡើង​អំឡុង​ជំនួប​វាង​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ចិន វេន ជា​ប៉ាវ (Wen Jiabao) ។ ជាការ​ពិត​ដែល​មិនអាច​ប្រកែក​បាន​នោះ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​សុទ្ធតែ​ផ្ដល់​ប្រយោជន៍​ដល់​ភាគី​ទាំងសងខាង​។   
 
​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ  ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស និង​ប្រទេស​កម្រិត​ខ្ពស់បំផុត​មួយ​។ ជារួម​ភាគី​ទាំងពីរ នឹង​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​វិស័យ​ជាច្រើន ស្ទើរតែ​ទាំងអស់​ទាំង​សេដ្ឋកិច្ច​, នយោបាយ​, សន្តិសុខ​,​ការទូត​,​ហិរញ្ញវត្ថុ​, ពាណិជ្ជកម្ម​, វប្បធម៌​និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ផងដែរ​។ ដែល​ទំនាក់ទំនង​បង្កើតឡើង សំដៅ​សម្រេច​ឲ្យ​បាន​គោលដៅ​ដែល​បានដាក់​ចេញ ក៏ដូចជា​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ និង​ការជួយ​គ្នា​ទៅវិញទៅមក​លើ​ឆាក​អន្តរជាតិ​ផ្សេង​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ មានតែ​មហា​យក្ស​ចិន​ប៉ុណ្ណោះ​ដែលមាន​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​កម្ពុជា​។ សូម្បីតែ​ជប៉ុន​ដែលជា​ម្ចាស់ជំនួយ​ដ៏​ធំ និង​ជា​មិត្ត​ដែល​តែង​គាំទ្រ​កម្ពុជា​ប្រហាក់ប្រហែល​ចិន​ដែរនោះ​ត្រឹម​ស្ថិតនៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ប៉ុណ្ណោះ​។​
 
​កម្ពុជា​ដែលជា​ប្រទេស​ក្រីក្រ ត្រូវការ​លុយ​ដ៏​សន្ធឹកសន្ធាប់​របស់​ចិន ដើម្បី​អភិវឌ្ឍ​ប្រទេស​ឲ្យ​ជឿនលឿន​ដូច​គេ​ដូច​ឯង​។ ជំនួយ​រាប់ពាន់​លាន​ដុល្លារ ទាំង​ក្នុង​ក្របខណ្ឌ​ជំនួយឥតសំណង ឬ​កម្ចី​ក្ដី សុទ្ធតែ​បាន​ជួយ​កម្ពុជា ក្នុងការ​បង្កើន​ការរីកលូតលាស់​លើ​វិស័យសេដ្ឋកិច្ច តាមរយៈ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ សាលារៀន ក៏ដូចជា​ការពង្រឹង​លើ​វិស័យ​ធនធានមនុស្ស ដែលជា​កត្តា​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​នោះ​។ 
 
​ចំណែក​ចិន​វិញ ក៏​ត្រូវការ​កម្ពុជា ដើម្បី​ជួយ​ខ្លួន​ក្នុង​ការពង្រឹង​ឥទ្ធិពល ទាំង​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ​។ តាមពិតទៅ ភូមិសាស្ត្រ​នយោបាយ​របស់​កម្ពុជា គឺជា​ចំណុច​ទាក់ទាញ​មហា​យក្ស​ចិន​ខ្លាំង​បំផុត​។ ចិន ត្រូវការ​កម្ពុជា ដើម្បី​ទាញយក​ផលប្រយោជន៍​ខ្លួនឯង ជាពិសេស​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​កំពុងមាន​ជម្លោះ​ជាមួយ​សមាជិក​អាស៊ាន​បួន​ប្រទេស​ទៀត​។ ជំហរ​របស់​កម្ពុជា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដ្បិតតែ​ត្រូវបាន​អះអាងថា ឯករាជ្យ និង​មិន​រង​សម្ពាធ​ណាមួយ​នោះ ពិតជា​ជួយ​ចិន​បាន​ច្រើនណាស់​។    
 
​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​វិញ ចិន​ដើរតួ​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ចិន ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​កម្ពុជា ជា​ប្រភព​ដ៏​ធំ​នៃ​ការវិនិយោគ​បរទេស​ដោយផ្ទាល់​នៅ​កម្ពុជា ហើយក៏​ជា​ម្ចាស់ជំនួយ​ធំជាងគេ​ផងដែរ​។ ក្នុង​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​មាន​ដល់​ទៅជាង៥​ពាន់​លាន​ដុល្លារ​។ ជាមួយគ្នា​នោះ ទំហំ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា ក៏​កើន​ឡើងជា​លំដាប់​ចាប់តាំងពី​មេដឹកនាំ​ប្រទេស​ទាំងពីរ ដំឡើង​ទំនាក់ទំនង​ដល់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ឆ្នាំ​២០១០ ហើយ​រំពឹងថា នឹង​កើនឡើង​បន្តទៀត​ក្នុង​ឆ្នាំ​ខាងមុខ​។​
 
​ទំហំ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៣ មាន​ដល់​ទៅ ៤៣៥.៨៣​លាន​ដុល្លារ ប្រៀបធៀប​ក្នុង​ឆ្នាំ​២០១២ ដែលមាន​ទំហំ ២៦៣.៩​លាន​ដុល្លារ​។ មិនតែប៉ុណ្ណោះ ទំហំ​ទឹកប្រាក់​កម្ចី និង​ជំនួយ ក៏​បន្ត​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដែរ​។ បច្ចុប្បន្ននេះ ប្រាក់កម្ចី និង​ជំនួយ​របស់​ចិន​ហូរ​ចូលមក​កម្ពុ​ជាមាន​ដល់​ទៅ​៣.៥ពាន់​លាន​ដុល្លារ​ទៅហើយ ដែល​ធ្វើ​ឲ្យ​ចិន​ក្លាយជា​ម្ចាស់ជំនួយ​ដ៏​ធំ​របស់​កម្ពុជា​។​
 
​មិន​ត្រឹមតែ​សេដ្ឋកិច្ច កម្ពុជា​-​ចិន ក៏មាន​ទំនាក់ទំនង​ល្អ​លើ​វិស័យ​យោធា​ដែរ​។ ចិន ក្លាយជា​ប្រភព​ដ៏​សំខាន់​ក្នុង​ជួយ​អភិវឌ្ឍ​វិស័យ​យោធា​កម្ពុជា ដោយ​រួមទាំង​ការជួយ​សម្ភារៈ​បច្ចេកទេស ហិរញ្ញវត្ថុ ក៏ដូចជា​ការជួយ​បណ្ដុះបណ្ដាល​នាយទាហាន​កម្ពុជា​ដែរ​។ ចិន ក៏​សន្យា​ជួយ​កសាង​អាគារ មន្ទីរពេទ្យ និង​សាលា​ហ្វឹកហ្វឺន​សម្រាប់​កងកម្លាំង​កម្ពុជា ដើម្បី​ពង្រឹងសមត្ថភាព​យោធា​កម្ពុជា ព្រមទាំង​សន្យា​បន្ត​បញ្ជូនទាហាន​កម្ពុជា ទៅ​ហ្វឹកហាត់​នៅ​ចិន​ថែម​ទៀតផង​។​
 
​គំនិត​ផ្ដួចផ្ដើម​ថ្មីៗ​របស់​ចិន​មាន «​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​» «​ផ្លូវ​សូត្រ​សមុទ្រ​» និង ធនាគារ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ក៏​កំពុង​ដើរតួ​សំខាន់​ផ្ដល់​ប្រយោជន៍​ដល់​កម្ពុជា​យ៉ាងច្រើន​ដែរ​។ គំនិត​ផ្ដួចផ្ដើម​ទាំងនេះ បាន​ផ្ដល់ឱកាស​ទូលំទូលាយ​ឲ្យ​កម្ពុជា ដែល​ត្រូវការ​ការវិនិយោគ​ពី​បរទេស ដើម្បី​អភិវឌ្ឍ​ប្រទេស​នោះ​។​
 
​ចុងក្រោយ​នោះ ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង មក​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី​១៣ និង​ទី​១៤ ខែតុលា​។ ហើយ​នោះ​គឺជា​ទស្សនកិច្ច​លើកដំបូង​របស់​ប្រធានាធិបតី​ចិន​រូបនេះ មកកាន់​កម្ពុជា ក្នុងនាម​ជា​ប្រមុខរដ្ឋ​ចិន​។ គេ​រំពឹងថា ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​-​ចិន នឹង​កាន់តែ​រឹងមាំ​ថែមទៀត​បន្ទាប់ពី​ទស្សនកិច្ច​នេះ ខណៈដែល​កិច្ចព្រមព្រៀង​មិនតិចជាង​២៨​ឡើយ នឹងត្រូវ​ចុះហត្ថលេខា​នោះ​៕ 
 

Tag:
 ​ទំនាក់ទំនង​កម្ពុជា​-​ចិន​
  ស៊ី ជិន​ពីង​
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com