ពាក្យ «ខ្មែរឥស្លាម» ត្រូវបានគេប្រើប្រាស់ជាទូទៅ សំដៅលើសហគមន៍ចាម ជ្វា និងម៉ាឡេ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ពាក្យនេះ ក៏ទំនងជាប្រើដើម្បីជំនួសពាក្យ «មូស្លីម» ដែលមានន័យថា អ្នកដែលគោរពប្រតិបត្តិសាសនាឥស្លាមផងដែរ។ គេបានដឹងជាទូទៅថា ការបង្គាប់ឲ្យប្រើពាក្យខ្មែរឥស្លាមនេះ មានកំណើតក្នុងសម័យសង្គមរាស្ត្រនិយម ក្នុងរាជ្យអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ។
ទាំងអ្នកស្រាវជ្រាវខ្មែរ បរទេស និងជនជាតិចាម ពិបាកកំណត់កាលបរិច្ឆេទត្រឹមត្រូវ ចំពោះពេលវេលា ដែលគេបង្កើតពាក្យ ខ្មែរឥស្លាមណាស់។ គេត្រឹមដឹងថា ពាក្យនេះត្រូវបានគេចាប់ផ្តើមហៅ អំឡុងទសវត្សរ៍ឆ្នាំ៦០ ក្នុងសម័យសម្តេច ព្រះនរោត្តម សីហនុ ដែលបានដឹកនាំប្រទេសកម្ពុជាប្រកបដោយជំនឿទុកចិត្ត និងភាពក្លៀវក្លាក្រៃលែង។
លោក ឡឹប កើ អ្នកស្រាវជ្រាវពីវប្បធម៌ជនជាតិចាម ក៏មិនបានស៊ីជម្រៅចំពោះពេលវេលានៃការចាប់ផ្តើមហៅសហគមន៍ចាម ម៉ាឡេ និងជ្វា ទៅជាពាក្យតែមួយថា ខ្មែរឥស្លាមនោះដែរ។ ប៉ុន្តែពាក្យនេះ វាមានន័យស្មើនឹងពាក្យ មូស្លីម ដែលកាន់សាសនាឥស្លាមនៅកម្ពុជា។ លើសពីនេះ វាក៏បង្ហាញពីការស្រឡាញ់ ការយកចិត្តទុកដាក់ ចាត់ទុកជាជនជាតិខ្មែរតែមួយ។ លោក កើ បញ្ជាក់ថា៖« នេះមកព្រះករុណា (សម្តេច សីហនុ) មានព្រះហឫទ័យអាណិតស្រឡាញ់ជនជាតិចាម ឫក៏មូស្លីមនៅកម្ពុជា ថានេះគឺជាខ្មែរតែមួយ។ លោកបានប្រទានឈ្មោះថា ខ្មែរឥស្លាម ឫក៏ខ្មែរលើ ខ្មែរក្រោម លោកចង់ឲ្យប្រជាសហគមន៍ទាំងឡាយគិតថា យើងមានអនាគតតែមួយ វាសនាតែមួយ ចឹងត្រូវស្រឡាញ់ ត្រូវរាប់អានគ្នា...»។
នៅក្នុងសៀវភៅមួយដែលមានចំណងជើងថា «ក្រុមជនជាតិភាគតិចនៅកម្ពុជា» ក៏បាននិយាយដែរចំពោះការប្រើប្រាស់ពាក្យ ខ្មែរឥស្លាម។ សម្តេច សីហនុ បានប្រកាន់គោលការណ៍ជាតិនិយមខ្លាំង ក្នុងបំណងក្តោបក្តាប់សេដ្ឋកិច្ចជាតិពីជនជាតិចិន និងវៀតណាម និងទាញប្រយោជន៍សម្រាប់ជាតិខ្មែរ។ ក្នុងបរិបទនេះហើយ ទើបការបង្កើតវាក្យស័ព្ទថ្មីមួយ ត្រូវបានបង្កើតឡើង ដើម្បីហៅជនជាតិភាគតិចមួយចំនួននៅកម្ពុជា ដោយប្រើប្រាស់បុព្វបទ «ខ្មែរ»។ នៅពេលនោះហើយ ដែលពាក្យ «ខ្មែរឥស្លាម» «ខ្មែរលើ» និង «ខ្មែរក្រោម» ត្រូវបានគេចាប់ផ្តើមប្រើប្រាស់។
អ្នកនិពន្ធសៀវភៅក្រុមជនជាតិភាគតិចនៅកម្ពុជា បានបង្ហាញសេចក្តីសន្និដ្ឋាន ដោយចាប់អារម្មណ៍ខ្លាំងចំពោះការប្រើប្រាស់វាក្យស័ព្ទខាងលើ។ វាអាចមានន័យធៀបច្រើនណាស់ ព្រោះវាសម្រាប់សម្គាល់មនុស្សបីក្រុមផ្សេងគ្នា មានវប្បធម៌ ឫរបៀបរស់នៅខុសគ្នា។ ខ្មែរលើ គឺជាក្រុមកុលសម្ព័ន្ធដែលរស់នៅផ្នែកខាងលើនៃទន្លេ និងមានជំនាញដោះស្រាយជីវភាពតាមលក្ខណៈព្រៃភ្នំ។ ខ្មែរឥស្លាម ច្រើនរស់នៅតាមបណ្តោយដងទន្លេផ្នែកកណ្តាល រស់នៅតាមមាត់ទន្លេ និងមានជំនាញដោះស្រាយជីវភាព អាស្រ័យតាមការប្រែប្រួល ដែលពោរពេញដោយគ្រោះថ្នាក់របស់របបទឹកទន្លេមេគង្គ និងបឹងទន្លេសាប ដែលមានធនធានធម្មជាតិសម្បូរបែប។ ចំណែកខ្មែរក្រោម មានភូមិករក្នុងដែនដីសណ្តរ ជាទីកន្លែងដែលពួកគេត្រូវសម្របខ្លួនទៅនឹងជនជាតិវៀតណាម ដោយហេតុថាកំពុងរស់នៅលើទឹកដីបរទេស។
បើទោះជាមានការភ្ជាប់ទៅនឹងពាក្យ «ខ្មែរ» ពិតមែន តែខ្មែរឥស្លាមនៅតែរក្សាបាននូវអត្តសញ្ញាណរបស់ខ្លួន ដូចជាភាសា សាសនា ជាពិសេសគឺទំនៀមទម្លាប់ប្រពៃណី។ ក្រៅពីពិធីរៀបអាពាហ៍ពិពាហ៍ សហគមន៍ខ្មែរឥស្លាមនៅមានពិធីបុណ្យប្រចាំឆ្នាំ ដែលមានលក្ខណៈខុសគ្នាទាំងស្រុង ពីពិធីបុណ្យទានរបស់ជនជាតិខ្មែរម្ចាស់ស្រុក រហូតមកដល់បច្ចុប្បន្ន។
ការបង្កើតពាក្យថ្មី «ខ្មែរឥស្លាម» ជំនួសការហៅជនជាតិចាម ម៉ាឡេ ឫជ្វា មិនមែនជាការបំបាត់ជាតិសាសន៍នោះទេ ហើយគេនៅតែហៅជាតិសាសន៍ទាំងនោះ តួយ៉ាងដូចជាការហៅអតីតប្រទេសចម្ប៉ា និងជនជាតិចាមជាដើម។ ផ្ទុយទៅវិញ លោក ឡឹប កើ យល់ថា វាជាពាក្យមួយងាយស្រួល សម្រាប់សំដៅទៅក្រុមទាំងនោះ។ មានតែសហគមន៍ចាម (ឫជា្វ ម៉ាឡេ) ទេ ដែលកំពុងព្យាយាមបំបាត់ជាតិសាសន៍ខ្លួនឯង តាមរយៈការហៅឈ្មោះទាំងនោះ នៅក្នុងការប្រាស្រ័យទាក់ទងរាល់ថ្ងៃ។
«សហគមន៍ចាមខ្លួនឯងទេ ដែលព្យាយាមបំបាត់ជាតិសាសន៍ខ្លួនឯង ដោយមិនបានហៅខ្លួនឯងថាជាជនជាតិចាម ដោយព្យាយាមហៅថា ឥស្លាមយើង ឫក៏មូស្លីមយើង នៅក្នុងសហគមន៍ខ្លួនឯងទៅវិញ។ ប៉ុន្តែបើគាត់និយាយក្នុងចំណោមជនជាតិច្រើន គាត់ហៅថា ខ្មែរឥស្លាម វាអត់បញ្ហាទេ ប៉ុន្តែបើគាត់នៅក្នុងភូមិ នៅក្នុងផ្ទះ នៅក្នុងម៉ាស្ជិតគាត់...រដ្ឋាភិបាលគាត់អាចប្រើពាក្យខ្មែរឥស្លាមបាន ព្រោះនៅពេលមានកិច្ចប្រជុំម្តងៗ មិនមែនមានតែជនជាតិចាមតែមួយក្រុមទេ គឺចម្រុះ...»។ នេះបើតាមលោក ឡឹប កើ អ្នកស្រាវជ្រាវពីវប្បធម៌ជនជាតិចាមនៅកម្ពុជា។ លោក ឡឹប កើ បានសង្កត់ធ្ងន់ថា ដោយសារការរស់លាក់ប្រវត្តិ និងមិនព្រមសិក្សាស្វែងយល់ពីរឿងប្រវត្តិជាតិសាសន៍ខ្លួនឯងនេះហើយ ដែលធ្វើឲ្យពួកគេ ប្រឈមនឹងការបាត់បង់ជាតិអត្តសញ្ញាណជាតិសាសន៍ខ្លួនឯងនោះ។
កាលពីប៉ុន្មានឆ្នាំមុន មានជនជាតិចាមជាច្រើន បានបង្ខំចិត្តរស់នៅលាក់ប្រវត្តិខ្លួនឯង តាមរយៈការដូរឈ្មោះជាដើម។ ការដូរឈ្មោះដូចទៅនឹងជនជាតិខ្មែរ គឺជាជម្រើសល្អសម្រាប់ពួកគេ ដែលគិតថា ងាយស្រួលរកការងារធ្វើ និងមិនរើសអើងពីសំណាក់ក្រុមហ៊ុន ឫមិត្តភក្តិជាដើមនោះ។
បញ្ហានេះ លោក ឡឹប កើ ពន្យល់ថា៖« គិតតែគេរើសអើងយើង យើងមិនបានទៅជួបគេ និងមិនបង្ហាញគេថា ជនជាតិចាម គឺជាជនជាតិមួយរួសរាយរាក់ទាក់ មានការយោគយល់ ប្រឹងប្រែងជួយស្ថាប័ន ជនជាតិចាមក៏ជាជនជាតិមួយដែលស្រឡាញ់សន្តិភាព ព្យាយាមរាប់អានមិត្តភក្តិទូទៅ យើងអត់បានបង្ហាញទាំងអស់នោះទេ យើងបែរជាព្យាយាមលាក់ប្រវត្តិលាក់ឈ្មោះទៅវិញ...»៕