បទវិភាគ
នៅមុខ​រាស្ត្រ ធ្វើជា​ចិត្តល្អ ដើម្បី​សន្លឹកឆ្នោត តែ​នៅ​ពីក្រោយ​រាស្ត្រ​... ​
29, Oct 2016 , 10:19 pm        
រូបភាព
លោក Niccolò Machiavelli ទស្សនវិទូរ និងជាអ្នក​ជំនាញនយោបាយនៅអ៊ីតាលីកាលពីសតវត្សរ៍ទី១៥
លោក Niccolò Machiavelli ទស្សនវិទូរ និងជាអ្នក​ជំនាញនយោបាយនៅអ៊ីតាលីកាលពីសតវត្សរ៍ទី១៥
​ភ្នំពេញ​៖ តាំងពី​បុរាណកាល រហូតដល់​សម័យ​ស៊ី​វិ​ល័យ នយោបាយ​វិទូ​ជាច្រើន បាន​បង្កើត​មេរៀន​នយោបាយ សម្រាប់​អ្នកនយោបាយ​យក​ជា​មាគ៌ា​ក្នុង​ការដឹកនាំ​ប្រទេស ។ ទស្សនវិទូ​នយោបាយ​ទាំងនោះ បាន​បង្កើត​ទ្រឹស្តី និង​មាគ៌ា​នយោបាយ ទៅតាម​មនោគតិ និង​អារម្មណ៍ ក៏ដូចជា​ការយល់ដឹង ប្រកបដោយ​ការ​ត្រិះរិះ​ពិចារណា​យ៉ាង​ជ្រាលជ្រៅ​របស់ខ្លួន​ពី​ទិដ្ឋភាព​សង្គម​ដែល​ខ្លួន​រស់នៅ​ផ្ទាល់​។ ក្នុងចំណោម​អ្នកប្រាជ្ញ​នយោបាយ​ទាំងអស់ អ្នកប្រាជ្ញ​នយោបាយ​មួយចំនួន ដូចជា សូ​ក្រា​ត​, ប្លា​តុង​, អា​រី​ស្តូ​ត​, ឡៅ​ជឺ​, ខុង​ជឺ​,​នី​កូ​ឡូ ម៉ា​ឃី​យ៉ា​វ៉េ​លី​, ហ្ស​ង់​ហ្សា​ក់ រូ​ស្សូ​, ច​ន ឡុ​ក​, ថូ​ម៉ាស ហ៊ប់​, កាល់ ម៉ាក្ស​, វ្ល៉ា​ឌី​មៀរ លេនីន ជាដើម ត្រូវបាន​មនុស្ស​ក្នុង​លោក យក​ធ្វើជា​វីរបុរស និង​ចងចាំ​មិន​ភ្លេច​។



​បណ្តា​មនោ​គម​វិទ្យា​នយោបាយ​របស់​អ្នកប្រាជ្ញ​ទាំងនោះ នី​កូ​ឡូ ម៉ា​ឃី​យ៉ា​វ៉េ​លី (Niccolò Machiavelli) គឺជា​អ្នក​ទ្រឹស្តី​នយោបាយ​មួយរូប​ដ៏​ល្បីល្បាញ​នៃ​ប្រទេស​អ៊ីតាលី ដែល​គំនិត​របស់លោក ត្រូវបាន​អ្នកនយោបាយ​មិនតិច​ទេ យកមក​អនុវត្តតាម ដើម្បី​ក្តោប​ក្តាប់​អំណាច​។ «The Prince» គឺជា​ចំណងជើង​សៀវភៅ​នយោបាយ​ដ៏​ល្បី​ល្បាយ​មួយ​ក្បាល ដែល​សរសរ​ដោយ នី​កូ​ឡូ ម៉ា​ឃី​យ៉ា​វ៉េ​លី ក្នុង​ឆ្នាំ​១៥១៣​។​

​គំនិត​មួយ​របស់ នី​កូ​ឡូ ម៉ា​ឃី​យ៉ា​វ៉េ​លី ក្នុង​សៀវភៅ «The Prince» បាន​បង្រៀន​ថា «​អ្នកនយោបាយ ត្រូវ​ចេះ​ប្រែខ្លួន​ជាស​ត្វ​ពីរ​ប្រភេទ គឺ​សត្វ​សិង្ហ និង​សត្វ​កញ្ជ្រោង​» ។ នី​កូ​ឡូ ម៉ា​ឃី​យ៉ា​វ៉េ​លី ពន្យល់ថា ពេលខ្លះ អ្នកនយោបាយ ត្រូវ​ធ្វើជា​សិង្ហ ដើម្បី​បង្ហាញ​ឫ​ទ្វិ​អំណាច ក្នុងការ​បង្ក្រាប​អ្នក​ដែល​ប្រឆាំងនឹង​ខ្លួន ហើយ​ពេលខ្លះ ត្រូវ​ធ្វើជា​កញ្ជ្រោង ដើម្បី​ស្គាល់​អន្ទាក់ និង​ប្រើល្បិច​ស្វែងរក​អ្នក ដែល​ចង់​ដាក់​អន្ទាក់​ខ្លួន ព្រោះ​សត្វ​សិង្ហ​មានតែ​ឥទ្ធិពល តែ​មិន​ស្គាល់​អន្ទាក់ ហើយ​សត្វ​កញ្ជ្រោង​ឆ្លាត​មាន​ល្បិច ស្គាល់​អន្ទាក់ តែ​គ្មាន​អំណាច​។

ក្នុងន័យនេះ នី​កូ​ឡូ ម៉ា​ឃី​យ៉ា​វ៉េ​លី ចង់បង្ហាញ​ផ្លូវ​ថា នៅ​ពីក្រោយ​មហាជន អ្នកនយោបាយ ត្រូវ​ហ៊ាន​ធ្វើ​គ្រប់យ៉ាង​ក្នុងការ​បង្ក្រាប និង​កម្ទេច​សត្រូវ និង​គូបដិបក្ខ ដែល​ប្រឆាំងនឹង​ខ្លួន    ដើម្បី​ក្តាប់​អំណាច (​ចរិត​ជាស​ត្វ​សិង្ហ​)​។ ប៉ុន្តែ នៅ​ពីមុខ​មហាជន អ្នកនយោបាយ ត្រូវ​ចេះ​សម្តែង​ភាពទន់ភ្លន់ សុភាពរាបសា ចេះ​ចែក​អំណោយ ធ្វើ​ដូចជា​អ្នកដឹកនាំ​ប្រកបដោយ​សប្បុរសធម៌ យកចិត្ត​អ្នក​រាល់គ្នា ធ្វើ​ដូចជា​ខ្លួនឯង​ស្មោះ​។ ពេលខ្លះទៀត អ្នកនយោបាយ ត្រូវ​ចូលទៅ​កៀក​កិត​អ្នកណាម្នាក់ ធ្វើ​ដូចជា​ស្រឡាញ់​ចូលចិត្ត​អ្នកនោះ តែ​តាម​ការពិត​ដើម្បី​ស៊ើបអង្កេត​ក្រែងលោ​អ្នកនោះ​រៀបចំ​អន្ទាក់​ដាក់ខ្លួន (​ចរិត​ជាស​ត្វ​កញ្ជ្រោង​)​។

ចំពោះ​គំនិត​មួយ​នេះ ម៉ា​ឃី​យ៉ា​វ៉េ​លី ហាក់ដូចជា​ចង់​បង្ហាត់​អ្នកនយោបាយ ឲ្យ​ចេះ​ប្រើល្បិច​នយោបាយ​ប្រជាភិថុតិ ដើម្បី​គ្រប់គ្រង​អំណាច​យូរអង្វែង ដោយ​មិន​ខ្វល់​ពី​ទុក្ខសោក​ប្រជាពលរដ្ឋ​។ ទីបំផុត មាគ៌ា​នយោបាយ​ប្រជាភិថុតិ​នេះ​បានទទួល​ជោគជ័យ​មែន ដោយ​អ្នកដឹកនាំ និង​អ្នកនយោបាយ​ជាច្រើន តាំងពី​ជំនាន់​លោក រហូតមកដល់​សម័យ​បច្ចុប្បន្ន យកមក​ដឹកនាំ​ប្រទេស​។ អ្នកនយោបាយ​ខ្លះ កាន់កាប់​អំណាច​រាប់​អាណត្តិ ដោយ​ជោគជ័យ គ្មាន​អ្នកណា​អាច​ផ្តួលរំលំ​បាន ដោយសារតែ​យុទ្ធសាស្ត្រ «​នយោបាយ​ប្រជាភិថុតិ​» នេះ​តែម្តង ។​

តើ​អ្វី​ជា​នយោបាយ​ប្រជាភិថុតិ​? តើ សកម្មភាព​នយោបាយ​ប្រជាភិថុតិ មាន​លក្ខណៈ​ដូចម្តេច​? តើ​អ្នកនយោបាយ​ប្រភេទ​ណា​ចូលចិត្ត​ប្រើ​នយោបាយ​ប្រជាភិថុតិ​? ហើយ​នយោបាយ​ប្រជាភិថុតិ ច្រើន​កើត​មាននៅ​ប្រទេស​មាន​ស្ថានភាព​ដូចម្តេច​?

នៅពេលណា​អ្នក​ឮ​ពាក្យ «​នយោបាយ​ប្រជាភិថុតិ​» អ្នក​ត្រូវ​យល់​ពី​សកម្មភាព និង​គិតដល់​រឿង​មូ​យ​ភ្លាម គឺ «​ការប្រើ​នយោបាយ​បោកប្រាស់​ប្រជាពលរដ្ឋ ដើម្បី​អំណាច និង​ផលប្រយោជន៍​» របស់ខ្លួន គ្រួសារ​ខ្លួន និង​បក្ស​ពួកខ្លួន ដោយ​មិន​ខ្វល់​ពី​ការឈឺចាប់​របស់​ប្រជាពលរដ្ឋ និង​ការវិនាស​អន្តរាយ​ប្រទេសជាតិ​។​

នយោបាយ​ប្រជាភិថុតិ គឺជា​អ្វីដែល​គ្មាន តែ​អ្នកនយោបាយ​និយាយថា​មាន អ្វីដែល​មិន​ពិត តែ​អ្នកនយោបាយ​និយាយថា​ពិត អ្វី​ដែលជា​ការពិត តែ​ត្រូវបាន​អ្នកនយោបាយ​បំភ័ន្ត និង​បិទបាំង​ភ្នែក​មហាជន អ្វី​ដែលជា​ប្រយោជន៍​ជាតិ តែ​ត្រូវបាន​អ្នកនយោបាយ ទាញយក​ជា​ប្រយោជន៍​បក្ស​ខ្លួន អ្វីដែល​មិនអាច​ធ្វើបាន តែ​អ្នកនយោបាយ​សន្យាថា​អាចធ្វើ​បាន អ្វីដែល​ជាការ​ឈឺចាប់រ​បស់​ប្រជាជន ត្រូវបាន​អ្នកនយោបាយ​ឆ្លៀតឱកាស​ប្រើការ​ឈឺចាប់​នោះ ដើម្បី​ចាប់យក​ការគាំទ្រ​ពី​ជនរងគ្រោះ​ទាំងនោះ​ថែមទៀត​។​

ពេលខ្លះ​អ្នកនយោបាយ ហ៊ាន​ប្រើ​យុទ្ធសាស្ត្រ​បង្កើត​ព្រឹត្តិការណ៍​ដែល​បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​ប្រជាជន ដើម្បី​ប្រយោជន៍​អ្វីមួយ​ដែល​ខ្លួន​ចង់បាន ហើយក៏​ធ្វើ​ពើ​ជា​ស្រែកយំ​សោកស្តាយ​និង​អះអាងថា​នឹង​រក​យុត្តិធម៌​ជូន​ប្រជាជន​។ នេះ​គេ​ហៅថា យក​សព​រាស្ត្រ ធ្វើស្រែ ដែល​សម្លាប់​គេ​ហើយ បាន​ផលប្រយោជន៍​ពី​គេ​ទៀត ហើយ​ថែមទាំង​ទទួល​បានការ​អរគុណ ពី​មហាជន និជ​ន​រងគ្រោះ​ផងដែរ​។ អ្វីដែល​ឈឺចាប់​លើសពីនេះទៅទៀត​នោះ គឺថា ប្រជាពលរដ្ឋ​ជា​ជនរងគ្រោះ បែរជា​យល់ថា វា​ជា «​នយោបាយ​ជួយសង្គ្រោះ​» ទៅវិញ​។ នេះហើយ ដែល​គេ​ហៅថា «​នយោបាយ​ប្រជាភិថុតិ​»​។​

នយោបាយ​ប្រជាភិថុតិ គឺ​ប្រៀបដូចជា​ក្រណាត់ «​ស​» សិប្បនិមិត​មួយ​ផ្ទាំង ។ យើង​មើលទៅ គឺ​ច្បាស់​ណាស់​ថា​ឃើញ​ពណ៌​ស តែ​តាម​ការពិត​ផ្ទាំង​ខាងក្នុង​គឺជា​ពណ៌​ខ្មៅ​។ ផ្ទាំង​ក្រណាត់​នោះ ត្រូវបាន​គេ​ប្រាប់​យើង​រាល់គ្នា​ថា ជា​ផ្ទាំង​ក្រណាត់​ពណ៌​ស​សុទ្ធ តែ​សច្ចភាព​នៃ​រូបធាតុ​ពិត​របស់​ផ្ទាំង​ក្រណាត់​នោះ​គឺ​ពណ៌​ខ្មៅ​ទេ គ្រាន់តែ​គេ​លាប​ពណ៌​វា​ឲ្យ​ស​តែប៉ុណ្ណោះ ។​ស្ថានភាព​បែបនេះ មានតែ​អ្នកមាន​បញ្ញា​ខ្ពស់ និង​អ្នក​រៀនសូត្រ​ជ្រៅជ្រះ​មួយចំនួន​តូច​ទេ​ទើប​អាច​មើល​ដឹង តែ​មហាជន​រាប់លាន​នាក់​ត្រូវបាន​គេ​ភូ​ក​កុហក​។​

សម្រាប់ វរជន​នយោបាយ ដែល​ប្រកាន់យក​ភាពថ្លៃថ្នូរ និង​ស្រឡាញ់​ប្រជាជន​ពិតប្រាកដ មិនអាច​ប្រើ​នយោបាយ​ប្រជាភិថុតិ នោះទេ​។ នយោបាយ​ប្រជាភិថុតិ មានតែ​ពួក​អ្នកនយោបាយ ដែលមាន​អត្តចរិត​ផ្តាច់ការ ឃោរឃៅ គ្មាន​ទសពិធរាជធម៌ ស្រឡាញ់​អំណាច អាត្មានិយម គិត​គ្រួសារ និង​បក្សពួក ជាង​ជាតិ​មាតុភូមិ​តែប៉ុណ្ណោះ ទើ​ច​អាច​ប្រើ​ទ្រឹស្តី និង​ដើរ​តាម​គន្លង​នយោបាយ​ប្រជាភិថុតិ​នេះ​បាន​។​

ជាទូទៅ «​នយោបាយ​ប្រជាភិថុតិ​» ច្រើន​កើតមាន​ក្នុងប្រទេស​តតិយលោក ឬ​ប្រទេស​ដែល ប្រជាជនមាន​ការអប់រំ​ទាប ខ្វះ​ការពិចារណា មាន​បញ្ញា​ទាប​ក្នុងការ​គិតពី​រឿង​នយោបាយ និង​មិនចេះ​មើល​សកម្មភាព​ស្មោះ ឬ​ក្បត់​របស់​អ្នកនយោបាយ​។ ម្យ៉ាងទៀត ប្រទេសជាតិ​ដែល​ប្រជាជន​មិន​ចូលចិត្ត​ខ្វល់ខ្វាយ​ពី​រឿង​នយោបាយ ព្រងើយកន្តើយ​នឹង​នយោបាយ គិតតែ​ក្រពះ​ផ្ទាល់ខ្លួន ក៏​ជា​មូលហេតុ​ចម្បង​មួយ ដែល​ផ្តល់ឱកាស​ដល់​អ្នកនយោបាយ​អមនុស្សធម៌ ប្រើប្រាស់​នយោបាយ​ប្រជាភិថុតិ​នេះដែរ​។​

ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជៀសផុត​ពី​អន្លង់ «​នយោបាយ​ប្រជាភិថុតិ​» ដែលជា​ហេតុ​ផ្តល់​មក​នូវ​ការឈឺចាប់​គ្រប់យ៉ាង និង​ការបាត់បង់​ទឹកដី ប្រជាពលរដ្ឋ​ខ្លួនឯង​ត្រូវតែ​ចេះ​ឈឺឆ្អាល និង​ចូលរួម​គិតគូរ​យ៉ាងសកម្ម​ក្នុង​រឿង​នយោបាយ និង​សង្គម​ទាំងអស់គ្នា ។​

កុំ​បន្ទោស​អ្នកនយោបាយ​ឲ្យ​សោះ ពេល​អ្នកនយោបាយ​បោកប្រាស់ ប្រសិនបើ​អ្នក​គិតថា​រឿង​នយោបាយ គឺជា​រឿង​របស់​អ្នកនយោបាយ​៕


Tag:
 ទស្សនៈ​
  នយោបាយ​
  ប្រជ​ភិ​ថុ​តិ
© រក្សាសិទ្ធិដោយ thmeythmey.com