ពីនេះ ពីនោះ
តើ​ក្នុងនាម​ជា​អ្នកសិក្សា​ល្អ​មួយរូប ត្រូវ​ប្រកាន់​ភ្ជាប់​គោលការណ៍​អ្វីខ្លះ​?
07, Mar 2020 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការសិក្សា​រៀនសូត្រ គឺ​គ្មាន​ព្រំដែន​កំណត់​ឡើយ​។ អ្នកសិក្សា​រៀនសូត្រ គឺ​មិនមាន​ឡើយ​ទីបញ្ចប់​នៃ​ឱកាស​ដើម្បី​ទទួលបាន​ការអប់រំ​។ ព្រោះថា​ការអប់រំ មិនមែន​សំដៅ​តែ​ទៅលើ​ការអប់រំ​នៅក្នុង​សាលា​ឡើយ គឺ​កន្លែង​ណា​ក៏​អ្នកសិក្សា​អាច​ទទួលបាន​ការអប់រំ​បានដែរ​។ ក៏ប៉ុន្តែ​ក្នុងការ​នាម​ជា​អ្នកសិក្សា​មួយរូប​ក៏ត្រូវ​មាន​គោលការណ៍​ច្បាស់លាស់ ដើម្បី​ក្លាយជា​អ្នកសិក្សា​ល្អ​មួយរូប​។ ខាងក្រោម​នេះ​គឺជា​គោលការណ៍​មួយចំនួន ដែល​អ្នកសិក្សា​ត្រូវ​គិតគូរ​ក្នុងការ​ប្រតិបត្តិ ដើម្បី​រៀបចំខ្លួន​ឲ្យ​ក្លាយជា​អ្នកសិក្សា​ល្អ​មួយរូប​៖



១/. ត្រូវ​តាំង​ខ្លួនឯង​ជា​បុគ្គល​ដែល​ចង់​ចេះ ចង់ដឹង ចង់​យល់​ជានិច្ច មិនថាតែ​ជា​មេរៀន សូម្បី​រឿងរ៉ាវ​នានា ដែល​ពាក់ព័ន្ធ​នឹង​ការអប់រំ និង​ចំណេះដឹង​។​

២/. ត្រូវ​ចាត់ទុក​ខ្លួនឯង​ជា​អ្នកស្រាវជ្រាវ និង​បន្ត​ការសិក្សា​ស្វែងយល់​ជានិច្ច​។​

៣/. ត្រូវ​ចាត់ទុកថា​ការបរាជ័យ​នៅក្នុង​ការសិក្សា មិនមែនជា​បញ្ហា ប៉ុន្តែ​គឺជា​ប្រយោជន៍​នាំទៅរក​ការទទួលបាន​សមិទ្ធផល​វិជ្ជមាន​សម្រាប់​ជីវិត​។​

៤/. ត្រូវ​ចាត់ទុក​ការលំបាក​ដែល​ខ្លួន​កំពុង​ជួបប្រទះ​ក្នុង​ជីវិត​ជា​អ្នករៀន​សូត្រ  ជា​សេចក្ដីសុខ​នៅពេលដែល​ខ្លួន​ទទួលបាន​ជោគជ័យ​។ នេះ​ជា​គំនិត​ដាស់តឿន​ស្មារតី​កុំ​ឲ្យ​មានការ​បោះបង់​។​

៥/. ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​ស្វ័យ​សិក្សា និង​ជា​បុគ្គល​ដែល​មិនចេះ​អស់​ចម្ងល់​។​

៦/. ស្គាល់​ច្បាស់​ពី​ការលំបាក​នៅក្នុង​ការសិក្សា​រៀនសូត្រ ព្រោះ​ការសិក្សា​មិន​សប្បាយ​ដូច​ការមើល​ការសម្ដែង​ឡើយ​។​

៧/. ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹតភាព​ក្នុងការ​វិនិច្ឆ័យ​មេរៀន ទើប​អាច​រកឃើញ​ពី​សច្ចភាព​ពិត​នៃ​មេរៀន និង​គោលបំណង​មេរៀន​បាន​។​

៨/. មិន​ប្រើប្រាស់​ភាពលម្អៀង​នៃ​ការគិត ទៅ​ប្រៀបធៀប​ជាមួយ​ស្ថានភាព​សង្គម​ជាក់ស្ដែង​

៩/. ប្រើប្រាស់​របៀប​គិត ការវិនិច្ឆ័យ ការបកស្រាយ ត្រូវ​ផ្អែក​លើក​គោលការណ៍​ហេតុ​និង​ផល មាន​ភស្ដុតាង មាន​ទឡ្ហីករណ៍​ច្បាស់លាស់ មិនមែន​ប្រើប្រាស់​ឈ្មោះ​ជា​អ្នកសិក្សា​ធ្វើការ​វិភាគ​ខ្វះ​មូលដ្ឋាន​ពុទ្ធិ​។

​ជារួម​មក គោលការណ៍​ទាំងនេះ អាច​មិន​គ្រប់គ្រាន់​ដើម្បី​កំណត់ថា នៅពេល​ប្រើប្រាស់ និង​អនុវត្តតាម​ហើយ ធ្វើ​ឲ្យ​អ្នកសិក្សា​នោះ​ក្លាយជា​មនុស្ស​ល្អ​។ ប៉ុន្តែ​វា​ជា​កត្តា​ដែល​អាច​នាំ​ឲ្យ​ជីវិត​អ្នកសិក្សា​មានតម្លៃ សមជា​អ្នកមានចំណេះដឹង​មានការ​ពិចារណា​៕


© រក្សាសិទ្ធិដោយ thmeythmey.com