ជាតិ
​តើ​ពលរដ្ឋ​ខ្មែរ​ធ្វើ​អំបុក​តាមរបៀប​ណា​?
14, Nov 2016 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅពេលដែល​រដូវ​ប្រមូល​ផល​ច្រូតកាត់​ស្រូវ​បានមក​ដល់​ហើយ​នោះ ប្រជាកសិករ កម្ពុជា​ភាគច្រើន ដែល​រស់​នៅតាម​ទីជនបទ​តែងតែ​និយម​ដាល់អំបុក​។ ជាពិសេស​នោះ​គឺ ស្របពេល​ដែល​ប្រ​ទេ​កម្ពុជា​ប្រារព្ធ​ព្រះរាជ​ពិធី​អុំទូក បណ្តែតប្រទីព អកអំបុក និង​សំពះ​ព្រះ​ខែ​។ អំបុក ជា​ចំណីអាហារ​ប្រពៃណី​របស់​ខ្មែរ​មួយ ដែល​ធ្វើឡើង​ពី​ប្រភេទ​ស្រូវ​ថ្មី និង​ប្រភេទ​ដ៏​ទៃ ទៀត​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ពិសារ​។​



 
​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទីក្រុង​មួយចំនួន ប្រហែលជា​មិនបាន​ដឹងផង​ថា តើ​គេ​ធ្វើ​អំបុក តាមរបៀប​ណា​នោះ​? ។ នា​យប់​ខែ​ក​ក្តិ​ក​ក្រោម​ពន្លឺព្រះច័ន្ទ បន្ទាប់ពី​រួច​ដៃ​ពី​ការប្រមូល​ផលដំណាំ​ស្រូវ អ្នក​ជនបទ​តែង​ជួបជុំគ្នា​ដាល់អំបុក ដើម្បី​សាទរ​នឹង​ការទទួលបាន​ទិន្នផល​ស្រូវ​ជា រៀងរាល់ឆ្នាំ​។ អ្នកខ្លះ​រើស​ស្រូវ អ្នក​កាន់​ត្បាល់បុក និង​ខ្លះទៀត​រែង​អំបុក នេះ​ជា​សកម្មភាព ដាល់អំបុក​របស់​ប្រជាកសិករ​ខ្មែរ​នាទី​ជនបទ​។​

​ពលរដ្ឋ​ភាគច្រើន​បាន​និយម​ជ្រើស​យក​ប្រភេទ​ស្រូវ​ថ្មី​មក​ដាល់​ធ្វើជា​អំបុក ពីព្រោះ​ស្រូវ​ប្រភេទ នេះ​អាចធ្វើ​ឲ្យ​អំបុក​មាន​ក្លិនក្រអូប​ឈ្ងុយ​គួរ​ឲ្យ​ចង់​ពិសារ​។ ក្រៅពី​ប្រភេទ​ស្រូវ​ថ្មី គេ​ក៏​អាច​យក ប្រភេទ​ស្រូវដំណើប ស្រូវ​ខ្សាយ​ផងដែរ ប៉ុន្តែ​ជាធម្មតា គេ​ប្រើតែ​ស្រូវដំណើប​ជាង​ស្រូវ​ខ្សាយ ព្រោះស្រូវ​ដំណើប​អាចធ្វើ​សាច់​អំបុក​ស្អិត​ល្អ​។​



​ប្រភេទ​ស្រូវ​ត្រូវបាន​ចាត់ទុកថា​ជា​គ្រឿងផ្សំ​ដ៏​សំខាន់​របស់​អំបុក ហេតុ​ដូ​នេះ​យើង​តែង​ជ្រើស យក​ប្រភេទ​ស្រូវ​ក្រអូប​ដែលមាន​គ្រាប់ស្រូវ​ទុំ​នៅ​ស្រស់​តាម​បរិ​មាណនៃ​ការចង់បាន សម្រាប់ ដាល់​ធ្វើជា​អំបុក​។ បើតាម​ការបញ្ជា​ក់រប​ស់​អ្នក​ដាល់អំបុក​នាពេល​កន្លងមក ការជ្រើសរើស យក​ស្រូវ​មិនទាន់​ទុំ​ស្រស់​នេះ អាចធ្វើ​ឲ្យ​សាច់​អំបុក ហ្មត់​ទន់​ល្អ​និង​ស្អិតល្មួត​ទៀតផង​។​

​បន្ទាប់ពី​ជ្រើសរើស​ប្រភេទ​ស្រូវ​រួច យើង​ត្រូវមាន​ខ្ទះ​លីង​ស្រូវ ឈើ​សម្រាប់​លីង​ស្រូវ ត្បាល់បុក អង្រែ ឈើ​សំប៉ែត​សម្រាប់​គាស់​អំបុក​កុំឱ្យ​ស្អិត​ជាប់​គ្នា​ក្នុង​ត្បាល់ ល្អី​សម្រាប់​ដាក់​អំបុក និង​ចង្អេរ សម្រាប់​អុំ​រែង​អំបុក​ដែល​បុក​រួច​ជាដើម​។​

​ដើម្បី​បុក​អំបុក​យើង​ត្រូវការ​មនុស្ស​ចំនួន​បីនាក់​យ៉ាងតិច រួមមាន អ្នក​លីង​ស្រូវ អ្នក​បុក និង​អ្នក​ឆ្កៀល​ស្រូវ​ជាដើម​។ ក្រោយមកទៀត យើង​ត្រូវយក​ស្រូវ​ទៅ​ដាក់​ក្នុង​ខ្ទះ​ដុត​កម្តៅ​លីង ឲ្យ​ក្លាយជា​លាជ​ល្មម​ដាល់​ហើយ យក​ស្រូវ​ដែល​បាន​លីង​រួច​នោះ​ទៅ​ដាក់​ក្នុង​ត្បាល់ជាន់ ឬ​ត្បាល់ក្តឿង និង​ត្បាល់បុក ដើម្បី​បុក លុះត្រាតែ​សំប៉ែត​ខ្ចាត់​សំបក​ស្រួ​វ​ចេញ​ទើប​យកទៅ ដាក់​ក្នុង​ចង្អេរ​ដើម្បី​អុំ​យក​អង្កាម និង​កន្ទក់​ចេញ​ឲ្យ​អស់​។​

​ជា​ចុងបញ្ចប់ យើង​យក​អំបុក​សុទ្ធ ដែល​រែង​យក​អង្កាម​និង​កន្ទក់​ចេញ​នោះ ទៅ​ទុក​មួយ​ឡែក​ដើម្បី តាម​សកម្មភាព​ធ្វើ​អំបុក​បន្ថែមទៀត​
​យើង​អាច​ពិសារ​អំបុក​បានជា​មួយ​ចេកណាំវ៉ា​ទុំ ទឹកដូង​ខ្ជី ស្ករស ស្ករត្នោត ទៅតាម​ការនិយម​ចូលចិត្ត​របស់លោក​អ្នក​ផងដែរ​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន អំបុក​ខ្មែរ​ក៏មាន​សិប្បកម្ម​មួយចំនួន យកទៅ​កែច្នៃ​លាយ​ផ្សំ​ជាមួយ គ្រឿង រួច​វេច​ខ្ចប់​ដាក់លក់​លើ​ទីផ្សារ​ផងដែរ​៕










© រក្សាសិទ្ធិដោយ thmeythmey.com