ជាតិ
ពីនេះ ពីនោះ
សេចក្តីសុខគ្រប់យ៉ាង កើតឡើងពីសេចក្តីស្ងប់!
04, Aug 2019 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សេចក្តីស្ងប់ គឺជាប្រភពនៃសេចក្តីសុខទាំងពួង សម្រាប់ជីវិតសត្វលោក។ គ្មានសេចក្តីស្ងប់ ជីវិតសត្វលោក គ្មានមធ្យោបាយផ្សេងដើម្បីបង្កើតសេចក្តីសុខឡើយ។


ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់សម្តែងថា៖ «នត្ថិ សន្តិ បរំ សុខំ ពុំមានសេចក្តីសុខណា ស្មើនឹងសេចក្តីស្ងប់ឡើយ»។ សេចក្តីស្ងប់ គឺជាសុខសន្តិភាព គ្មានជម្លោះ គ្មានភាពចលាចល គ្មានការឈ្លានពាន គ្មានការព្យាបាទគ្នាទៅវិញទៅមក។ សេចក្តីស្ងប់ កើតក្នុងចិត្តបុគ្គលណា បុគ្គលនោះនឹងមានសេចក្តីសុខ។ សេចក្តីស្ងប់កើតក្នុងគ្រួសារណា សមាជិកក្រុមគ្រួសារនោះនឹងមានសុខភមង្គល។ សេចក្តីស្ងប់ កើតក្នុងសង្គមណា សង្គមនោះនឹងមានការរីកចម្រើន។ សេចក្តីស្ងប់ កើតឡើងលើពិភពលោក នោះប្រទេសទាំងឡាយនឹងសុខសន្តិភាពទាំងអស់គ្នា។

ដើម្បីមានសន្តិភាពក្នុងចិត្ត បុគ្គលគ្រប់រូបគប្បីរំងាប់ នូវបាបធម៌ទាំងឡាយ មានដូចជា លោភៈ ទោសៈ មោហៈ និងវៀរចាកការបៀតបៀនជីវិត និងការច្រណែនឈ្នានីសអ្នកដទៃ ជាដើម។ ដើម្បីមានសន្តិភាពក្នុងគ្រួសារ សមាជិកគ្រួសារត្រូវគោរពវិន័យ មានសីលធម៌ សុជីវធម៌ ចៀសវាងការប្រព្រឹត្តនូវអំពើអបាយមុខទាំងពួង និងចៀសវាងការឈ្លោះទាស់ទែងគ្នា តែត្រូវអត់ឱនឲ្យគ្នាទៅវិញទៅមក។ ដើម្បីឲ្យសង្គម មានសុខសន្តិភាព និងការរីកចម្រើន ប្រទេសនោះចាំបាច់ត្រូវមានច្បាប់ជាត្រីវិស័យក្នុងការដឹកនាំ ហើយអ្នកដឹកនាំគ្រប់រូប ត្រូវប្រកបដោយធម៌ ចេះអធ្យាស្រ័យគ្នា ទុកចិត្តគ្នាជាងបរទេស រួមគ្នាគិតប្រយោជន៍ជាតិ និងសុខទុក្ខប្រជាជនជាធំ។ ចំណែកឯ ពិភពលោកទាំងមូលក៏ដូច្នេះដែរ ដើម្បីចៀសវាងសង្គ្រាម ចាំបាច់ត្រូវតែមានច្បាប់អន្តរជាតិ ដើម្បីធានាការគោរពអធិបតេយ្យគ្នាទៅវិញទៅមក និងមានទំនាក់ទំនងអន្តរជាតិរវាងប្រទេសទាំងឡាយ ដើម្បីរក្សាលំនឹងចំណងមិត្តភាព។

ទោះបីជា អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភពេញផ្ទះ មានកូនជាទីស្រឡាញ់ មានស្វាមី ឬភរិយាជាទីគប្បីចិត្ត មានគ្រែ មានពូក មានខ្នើយ ជាទីត្រេកត្រអាល តែបើភ្លើងកំពុងតែឆេះក្រោមផ្ទះរបស់អ្នក នោះអ្វីគ្រប់យ៉ាងដែលអ្នកមាន ក៏មិនអាចផ្តល់សុភមង្គលដល់អ្នកទៀតដែរ។ សេចក្តីឧទាហរណ៍យ៉ាងណា ជីវិតពិតរបស់យើងគ្រប់រូបដែលរស់នៅក្នុងសង្គមក៏ដូច្នេះដែរ។ បើទោះបីជាអ្នកមានអ្វីៗគ្រប់យ៉ាងក្នុងសង្គមក៏ដោយ តែប្រសិនបើសង្គ្រាមផ្ទុះឡើង ភាពវឹកវរកើតមាន នោះអ្នកក៏មិនអាចមានឱកាសប្រើប្រាស់ទ្រព្យទាំងនោះដែរ។

សេចក្តីស្ងប់ ជាចំណុចចាប់ផ្តើមនៃសេចក្តីសុខក្នុងចិត្តរបស់បុគ្គលគ្រប់រូប ជាគ្រឹះនៃការចាប់ផ្តើមសុភមង្គលក្នុងគ្រួសារ ជាឫសគល់នៃការអភិវឌ្ឍសង្គម ជាមូលដ្ឋាននៃការចៀសវាងសង្គ្រាមក្នុងពិភពលោក៕


© រក្សាសិទ្ធិដោយ thmeythmey.com