ពីនេះ ពីនោះ
យុវជន​ធ្វើការ​ស្ម័គ្រចិត្ត មិន​គិតពី​ផែនការ​អនាគត គឺជា​ការគិត​ខុស​
03, Aug 2019 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បទពិសោធន៍​ការងារ​ពិតជា​សំខាន់​ណាស់​សម្រាប់​យុវជន ដែល​កំពុង​សិក្សា​នៅ​ថ្នាក់ មហាវិទ្យាល័យ ដើម្បី​ទទួលបាន​ឱកាស​ការងារ​ក្រោយ​ពេលដែល​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​។ ប៉ុន្តែ​ក៏​មិនមែន​មានន័យថា គ្រប់​ការងារ​ស្ម័គ្រចិត្ត យុវជន ឬ​និស្សិត​ចេះតែធ្វើ​នោះទេ តែ​ត្រូវ​ស្វែងរក​ការងារ​ស្ម័គ្រ​ណា​ដែល​ខ្លួន​អាច​យក​ជំនាញ​របស់ខ្លួន​ទៅ​អនុវត្តន៍​បាន និង​ស្របតាម​គោលដៅ​ជីវិត​របស់ខ្លួន​ទើប​ជាការ​ប្រសើរ​បំផុត​។​


​ការលើកស្ទួយ​យុវជន និង​លើកទឹកចិត្ត​ឲ្យ​យុវជន​ចាប់អារម្មណ៍ និង​ចូលរួម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត នឹង​នាំ​ឲ្យ​យុវជន​បានមក​វិញ​នូវ​ប្រយោជន៍​ជាច្រើន ដូចជា ទទួលបាន​បទពិសោធ​ន៍​ការងារ ពង្រឹងសមត្ថភាព​បន្ថែម​ក្នុងពេល​កំពុង​សិក្សា លើកកម្ពស់​ដល់​ជំនាញ និង​ទេពកោសល្យ​របស់​យុវជន អប់រំ​ដល់​យុវជន​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ក្នុងការ​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព សាមគ្គីភាព និង​ស្វែងយល់​គ្នា​ទៅវិញទៅមក និង​ឈានទៅ​ទទួលបាន​ការងារ និង​តំណែង​ល្អ​សម្រាប់​ថ្ងៃ​អនាគត ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​។

​ជាងនេះទៅទៀត យុវជន​នឹង​អាច​ប្រកួតប្រជែង​ការងារ​បន្ថែម ក្នុងនោះ​ដើម្បី​ប្រកួតប្រជែង​បាន យុវជន​ត្រូវ​គិត​ជាមុន​អំពី​សមត្ថភាព ថា​អាច​ប្រកួតប្រជែង​បានដែរ​ឬ​អត់​? ប៉ុន្តែ​បើ​មិនទាន់បាន​នោះទេ ទាមទារ​ឲ្យ​យុវជន​ខ្លួនឯង​ត្រូវ​ពង្រឹងសមត្ថភាព និង​បន្សាំ​ខ្លួន​ជាមួយនឹង​ការងារ​ស្ម័គ្រ​ចិត្តជា​បណ្ដើរៗ​។ ការចូលរួម​ធ្វើ​ការងារ​ស្ម័គ្រចិត្ត ជាការ​ចូលរួមចំណែក​មួយ​ដែល​មិនអាច​ខ្វះ​បាន ដើម្បី​ធ្វើ​ឲ្យ​លក្ខខណ្ឌ​សង្គម​មាន​ភាពប្រសើរឡើង ក្នុងការ​លើកតម្កើង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​សិទ្ធិ​ចូលរួម​របស់​យុវជន​ក្នុង​កិច្ចការ​សង្គម​។

​ការងារ​ស្ម័គ្រចិត្ត គឺ​ពិតជា​សំខាន់​សម្រាប់​យុវជន និង​និស្សិត​បញ្ញវន្ត ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា គឺ​នៅត្រង់ថា យុវជន​មួយចំនួនធំ នៅ​មិនទាន់​ចេះ​ស្វែងរក​កន្លែង​ដើម្បី​សុំ​ឱកាស​ធ្វើ​ការងារ​ស្ម័គ្រចិត្ត ឬ​ហ្វឹកហាត់​ការងារ​នៅឡើយ​។ បន្ថែម​ពីនេះ មាន​យុវជន​ជាច្រើន​ដែល​បាន​ចំណាយពេល​ក្នុងនាម​ជា​និស្សិត​របស់ខ្លួន ដើម្បី​ឆ្លៀត​ពេលធ្វើ​ការងារ​ស្ម័គ្រចិត្ត នៅតាម​បណ្ដា​ស្ថាប័ន​នានា ក្នុង​គោលបំណង​ស្វែងយល់​ពី​ការងារ​។  ប៉ុន្តែ​ក៏មាន​យុវជន​ច្រើន ដែល​សម្រេចចិត្ត​មិនទាន់បាន​ត្រឹមត្រូវ នៅក្នុង​ការធ្វើការងារ​ស្ម័គ្រចិត្ត​។ មូលហេតុ​គឺ​នៅត្រង់ថា ពួកគេ​ស្ម័គ្រ​ទៅលើ​ការងារ​ដែល​មិនមែនជា​ជំនាញ​របស់ខ្លួន​ដែល​កំពុង​សិក្សា​។ កត្តា​នេះហើយ​បានជា​កន្លងទៅ​តែងតែ​សង្កេតឃើញថា ក្រោយពេល​បញ្ចប់​ការសិក្សា និស្សិត​ភាគច្រើន គឺ​មិនអាច​ទទួលបាន​ការងា​រ​ដែល​ស្របទៅតាម​ជំនាញ​របស់ខ្លួន​។  ដោយសារ​ហេតុផល​នេះ ដើម្បី​ជាហេតុ​ផល​បំភ្លឺ​ផ្លូវ យុវជន​ដែលជា​និស្សិត​កំពុងតែ​សិក្សា ត្រូវ​ពិចារណា​ឡើងវិញ ពី​ឱកាស​ការងារ​ដែល​ខ្លួន​ត្រូវធ្វើ​។

​ការងារ​ស្ម័គ្រចិត្ត​គឺជា​កិច្ចការ​មួយ​ដែល​ល្អ ប៉ុន្តែ​បើ​ការងារ​ស្ម័គ្រចិត្ត​ទាំងនោះ ជា​កិច្ច​ការដែល​ស្រប​ជាមួយនិង​ជំនាញ និង​គោលដៅ​របស់ខ្លួន​គឺ​កាន់តែ​ប្រសើរ ដើម្បី​ឲ្យ​ជំនាញ​របស់ខ្លួន​មាន​ការវិវឌ្ឍ និង​ទទួលបាន​ការងារ​ដែល​ខ្លួន​ប៉ង​។ ប៉ុន្តែ​បើ​យុវជន នៅតែ​បន្តធ្វើ​ការងារ​ស្ម័គ្រ​មួយចំនួន​ទៅតាម​អារម្មណ៍ តាម​មិត្តភក្តិ តាម​ការបញ្ចុះ​បញ្ចូល ហើយ​វា​មិន​ទាក់ទង​ជាមួយ​ជំនាញ​ខ្លួន ឬ​គោលដៅ​របស់ខ្លួន វា​ហាក់បីដូចជា​ការសម្រេច​ចិត្ត​ខុស​មួយ​ទៅវិញ​។

​ចំណែក​យុវជន​មួយចំនួនទៀត ព្រោះតែ​សប្បាយ​ជាមួយ​ការងារ​ស្ម័គ្រចិត្ត បែរជា​ភ្លេច​គិតពី​ការសិក្សា​នៅ​សាលា ដោយ​ចាត់ទុកថា​មេរៀន​នៅ​សាលា​មិនសូវ​សំខាន់​។ ប៉ុន្តែ​វា​គឺជា​ការគិត​ខុស ព្រោះ​ការអនុវត្ត​ត្រូវ​ដើរ​ទន្ទឹមគ្នា​ជាមួយ​ទ្រឹស្ដី រីឯ​ការស្ម័គ្រចិត្ត​មួយ​ដែល​កាន់​តែមាន​ប្រសិទ្ធភាព គឺ​ការងារ​ដែល​អាច​យក​ទ្រឹស្ដី​រៀន​នៅ​សា​លាមក​អនុវត្ត​ដើម្បី​សិក្សា​រក​សច្ចភាព​ពិត​នៃ​ទ្រឹស្ដី​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com