ជាតិ
ប្រទេសជាង២០ ចូលរួមក្នុងកិច្ចប្រជុំសភាតំបន់អាស៊ី នៅប្រទេសកម្ពុជា រូបថតពីរដ្ឋសភា
× ភ្នំពេញ៖ រដ្ឋសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាលើទី២ ក្នុងការរៀបចំមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៩។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ។
បើទោះបីជារដ្ឋសភាផ្តល់សេចក្តីជូនដំណឹងថា មហាសន្និបាតសភាតំបន់អាស៊ី លើកទី៩នេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃ២៧ ខែវិច្ឆិកាក៏ពិតមែន ប៉ុន្តែក្នុងអំឡុងថ្ងៃទី២៧ ខែវិច្ឆិកានេះ គឺគ្រាន់តែជាពេលវេលាដែលសមត្ថកិច្ចត្រូវរៀបចំកម្មវិធីប៉ុណ្ណោះ។ កិច្ចប្រជុំនេះ នឹងត្រូវប្រារព្ធឡើងជាផ្លូវការចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦។
រដ្ឋសភាកម្ពុជា បានជូនដំណឹងថា ប្រទេសជាសមាជិកនៃសភាតំបន់អាស៊ី យ៉ាងតិចចំនួន២៣ នឹងធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំខាងលើ។ នៅក្នុងថ្ងៃទី២៧ ខែវិច្ឆិកានេះ ថា្នក់ដឹកនាំខាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងនោះ កំពុងតែធ្វើដំណើរមកកាន់កម្ពុជាបណ្តើរៗហើយ។ ជាងនេះទៀត ប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ និងអង្គការដៃគូសភាតំបន់អាស៊ីជាច្រើនទៀត ក៏នឹងមានវត្តមានក្នុងកិច្ចប្រជុំនេះ ផងដែរ។ ប្រធានបទ ដែលនឹងត្រូវលើកទៅពិភាក្សា គឺ «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៅក្នុងតំបន់អាស៊ី»។
ប្រភពដដែល បានឲ្យដឹងទៀតថា ពិធីបើកមហាសន្និបាតផ្លូវការ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា នឹងធ្វើឡើងក្រោមព្រះរាជសារស្វាគមន៍ របស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ដោយឡែក ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់កម្ពុជា រួមមាន សម្តេច ហ៊ុន នាយករដ្ឋមន្ត្រី និងសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា រួមទាំងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក៏នឹងឡើងថ្លែងសុន្ទរកថាគន្លឹះផងដែរ ពេលបើកមហាសន្និបាតនេះ។
សូមបញ្ជាក់ថា រដ្ឋសភាកម្ពុជា បានធ្វើជាម្ចាស់ម្តងរួចទៅហើយ ក្នុងការរៀបចំកិច្ចប្រជុំសភាតប់អាស៊ីលើទី៨ កាលពីឆ្នាំ២០១៥កន្លងទៅ។
សភាតំបន់អាស៊ី (APA)បង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយបានប្តូរឈ្មោះមកពីសមាគមសភាអាស៊ីដើម្បីសន្តិភាព(AAPP)។ សភាកម្ពុជា ក៏ជាប្រទេសស្ថាបនិក AAPP មួយដែរ។ បន្តបេសកកម្ម ពី AAPP សភាតំបន់អាស៊ីមានបេសកកម្ម និងគោលបំណងជំរុញនូវសុខសន្តិភាព និងសមាហរណកម្មសម្រាប់តំបន់អាស៊ីទាំងមូលតាមយន្តការសភា៕
© រក្សាសិទ្ធិដោយ thmeythmey.com