ជាតិ
ឧទ្ធរណ៍​គាំទ្រ​សេចក្តីសម្រេច​លើ​ការឃុំ​មន្ត្រី​អាដហុក​និង​មន្ត្រី​គ​.​ជ​.​ប ចំនួន​៦​ខែ​ទៀត
28, Nov 2016 , 10:42 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ទីបំផុត សាលាឧទ្ធរណ៍ បាន​គាំទ្រ​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បន្ត​ឃុំខ្លួន​មន្ត្រី​អា​ហុក និង​មន្ត្រី​គ​.​ជ​.​ប ចំនួន​៦​ខែ​បន្តទៀត​។



​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ សមត្ថកិច្ច​បាន​នាំខ្លួន​មន្ត្រី​អាដហុក​ទាំង​៤​រូប និង​មន្ត្រី​គ​.​ជ​.​ប ១​រូប ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ដោយសារ​រឿងអាស្រូវ​របស់​កញ្ញា ខុម ចន្ទ​តា​រ៉ា​ទី ហៅ​ស្រីមុំ ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​ចូលរួម​សវនាការ លើ​បណ្តឹងសុំ​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បន្ត​ឃុំខ្លួន​ពួកគេ​។ ប៉ុន្តែ ក្រោយ​បញ្ចប់​សវនាការ សាលាឧទ្ធរណ៍ មិនបាន​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​សាលាដំបូង​ជា​ធានី​ភ្នំពេញ​នោះទេ ហើយក៏​បន្ត​ឃុំខ្លួន​អ្នក​ទាំង​៥​ខាងលើ បន្តទៀត​។

ការដាក់​បណ្តឹង​ទៅកាន់​សាលាឧទ្ធរណ៍​នេះ គឺ​ដោយសារតែ​ក្រុម​មេធាវី មិន​សុខចិត្ត​ចំពោះ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ឃុំខ្លួន​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ចំនួន​៦​ខែ​បន្ថែមទៀត​។ នេះ​ជាការ​លើកឡើង​កន្លងមក របស់លោក សំ សុ​គង់ មេធាវី​១​រូប ក្នុងចំណោម​មេធាវី​ទាំង​៥​រូប ដែល​រួមគ្នា​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប​។  

​លោក សំ សុ​គង់ ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា តុលាការ អាច​ឃុំខ្លួន​បុគ្គល​ណាមួយ​បានតែ​៦​ខែ​ប៉ុណ្ណោះ ក្នុងដំណាក់កាល​នៃ​ការស៊ើបអង្កេត​និង​ការ​ស៊ើបសួរ​។ លោក​បន្ថែមថា បុគ្គល​នោះ អាច​នឹង​ត្រូវបាន​ឃុំខ្លួន​ចំនួន​៦​ខែ​ទៀត ប្រសិនបើ​តុលាការ យល់ថា​ការស៊ើបអង្កេត​ឬ​ការ​ស៊ើបសួរ មិនទាន់​គ្រប់គ្រាន់​។​

​យ៉ាងណាក៏ដោយ លោក សំ សុ​គង់ រួមទាំង​មេធាវី​ផ្សេងទៀត ដែល​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក​ទាំង​បួនរូប មិនអាច​ទទួលយកបាន​ទេ​ចំពោះ​ហេតុផល​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ការបន្ត​ឃុំខ្លួន​កូនក្តី​របស់​ពួកគេ​។ លោក សំ សុ​គង់ បញ្ជាក់ថា វា ជាការ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប ប្រសិនបើ​តុលាការ​បន្ត​ឃុំខ្លួន​ពួកគេ​មែន​នោះ​។

សូម​រម្លឹកថា មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​អាដហុក​បួនរូប គឺ​លោក នី សុខា​, លោក ណៃ វង់​ដា​, លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី រួមទាំង​លោក នី ចរិយា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប  ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦​។ រហូតមកដល់​ពេលនេះ ពួកគេ​ទាំង​៥​រូប ជាប់ឃុំ​ជិត​៦​ខែ​ហើយ​។

​បើតាម​ការចោទប្រកាន់​ពី​សំណាក់​តុលាការ អ្នក​ទាំងនោះ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយនឹង​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ក្រោយមក តុលាការ បាន​ចោទ​មន្ត្រី​អាដហុក​ពីបទ «​សូកប៉ាន់​សាក្សី​» ហើយ​មន្ត្រី​គ​.​ជ​.​ប រង​បទ​ចោទ «​សមគំនិត​ក្នុង​អំពើ​សូក​បាន់​សាក្សី​»៕



Tag:
 តុលាការ​
  អាដហុក​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com