ជាតិ
កំពូលសម្រេចបន្តឃុំខ្លួនមន្ត្រីអាដហុក និង គ.ជ.ប
× ភ្នំពេញ៖ តុលាការកំពូលបានសម្រេចបន្តឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុក និងមន្ត្រីគ.ជ.ប ដោយចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ជាបានការ។
នៅក្នុងសេចក្តីប្រកាសសាលដីការលើសំណើរសុំនៅក្រៅឃុំព្រឹកនេះ តុលាការកំពូល បានលើកមូលហេតុដែលមិនអនុញ្ញាតឲ្យមន្រ្តីអាដហុក និងគ.ជ.ប នៅក្រៅឃុំបាននោះ ក្រោមហេតុផលថាពួកគេអាចបង្កចលាចលដល់សន្តិសុខសង្គម។
មន្ត្រីអាដហុកលោក ណៃ វង្សដា ដែលជាប់ឃុំខ្លួននេះ ចាត់ទុកហេតុផលរបស់តុលាការកំពូលគឺមិនត្រឹមត្រូវឡើយ ព្រោះរូបលោកជាអ្នកការពារសិទ្ធិមនុស្ស និងជាអ្នកជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ ។ ហើយលោកក៏មិនដែលបង្កចលាចលអសន្តិសុខកន្លងមកដែរ។
សូមរម្លឹកថា មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុកបួនរូប គឺលោក នី សុខា, លោក ណៃ វង់ដា, លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី រួមទាំងលោក នី ចរិយា អគ្គលេខាធិការរងរបស់គ.ជ.ប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦។ រហូតមកដល់ពេលនេះ ពួកគេទាំង៥រូប ជាប់ឃុំជិត៦ខែហើយ។ ហើយការពីពេលថ្មីៗនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តឃុំខ្លួនមន្ត្រីអាហុក និងមន្ត្រីគ.ជ.ប ចំនួន៦ខែបន្តទៀត។
បើតាមការចោទប្រកាន់ពីសំណាក់តុលាការ អ្នកទាំងនោះ សុទ្ធតែជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាមួយនឹងឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ ក្រោយមក តុលាការ បានចោទមន្ត្រីអាដហុកពីបទ «សូកប៉ាន់សាក្សី» ហើយមន្ត្រីគ.ជ.ប រងបទចោទ «សមគំនិតក្នុងអំពើសូកបាន់សាក្សី»៕
© រក្សាសិទ្ធិដោយ thmeythmey.com