ជាតិ
នយោបាយជាតិ
CPP គ្រោងធ្វើសន្និបាតគណៈកម្មាធិការកណ្តាលបក្សដាក់ទិសដៅយកឈ្នះការបោះឆ្នោតខាងមុខ
× គណបក្សប្រជាជនកម្ពុជា នឹងរៀបចំសន្និបាតគណៈកម្មាធិការកណ្តាលបក្សនៅចុងខែធ្នូនេះ ដើម្បីកំណត់យុទ្ធសាស្ត្រ ត្រៀមខ្លួនយកជ័យជម្នះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ ២០១៧ និងបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ ២០១៨ ។
របៀបវារៈចំនួន ២ សំខាន់ ដែលគណបក្សប្រជាជនកម្ពុជា សម្រេចថា នឹងធ្វើសន្និបាតគណៈកម្មាធិការកណ្តាលបក្សក្នុងខែធ្នូនេះ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា របៀបវារៈសំខាន់ទាំងពីរនោះ ទី ១ គណៈកម្មាធិការកណ្តាលគណបក្ស នឹងនាំគ្នាពិនិត្យមើល,វាយតម្លៃ សភាពការណ៍នយោបាយ សេដ្ឋកិច្ច និងផែនការ ដែលបានកើតឡើង និងបានអនុវត្ត បន្ទាប់ពីសន្និបាតលើកទី ៣៩ កាលពីឆ្នាំមុន។
របៀបវារៈមួយទៀត ដែលលោក ឥសាន បញ្ជាក់ថា គឺជារបៀបវារៈសំខាន់បំផុតនោះ គឺការកំណត់នូវយុទ្ធសាស្ត្រនយោបាយ សកម្មភាពនយោបាយ ដើម្បីត្រៀមបោះឆ្នោតយកជ័យជម្នះទាំងបោះឆ្នោតថ្នាក់ឃុំសង្កាត់ និងថ្នាក់ជាតិ នៅ២០១៧ និង ២០១៨ ។ «បោះឆ្នោតសំខាន់ណាស់ ដែលយើងត្រូវតែឈ្នះ ព្រោះយើងធ្វើគណបក្សនយោបាយគឺចង់ឈ្នះឆ្នោត។ ខ្ញុំសូមបញ្ជាក់ដែរថា យើងធ្វើសន្និបាត មិនមែនធ្វើមហាសន្និបាតដូចការយល់ច្រឡំទេ»។ នេះជាការបន្ថែមរបស់មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចខាងលើ។
បើតាមលោក សុខ ឥសាន សន្និបាតគណៈប្រធានគណបក្សប្រជាជនកម្ពុជាលើកទី ៤០ នេះ គ្រោងនឹងធ្វើឡើងនៅចន្លោះសប្តាហ៍ទី ៣ និងទី ៤ នៅក្នុងខែធ្នូ ហើយប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន នឹងដឹកនាំសន្និបាតនេះ។
សូមបញ្ជាក់ថា នៅក្នុងមហាសន្និបាតវិសាមញ្ញគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ ២០១៥ គណបក្សនេះ បានសម្រេចបោះឆ្នោតបញ្ចូលសមាសភាពសមាជិកគណៈកម្មាធិការកណ្តាលថ្មីចំនួន ៣០៦ រូប បន្ថែមលើសមាជិកដែលមានស្រាប់ចំនួន ២៦៨ រូប ។ សមាជិកថ្មីនេះ ភាគច្រើនជាយុវជនជំនាន់ក្រោយ និងស្ត្រី ផងដែរ៕
Tag:
CPP
សន្និបាត
សុខ ឥសាន
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com