សង្គមអន្តរជាតិ​
អន្តរជាតិ
​រូបសំណាក​ព្រះ​ម៉ែ​គង់​ស៊ី​អ៊ី​ម​ជា​កន្លែង​ទេសចរណ៍​សាសនា​លេខ​មួយ នៅ​ហៃ​ណាន​
12, Dec 2016 , 9:00 am        
រូបភាព
ដោយ:
​ហៃ​ណាន​៖  ព្រះ​ម៉ែ​គង់​ស៊ី​អ៊ី​ម ឬ​ព្រះ​នៃ​សេចក្ដី​មេ​ត្ដា​ករុណា (Quan Yin) ជា​កន្លែង​បន់​ស្រន់​តាម​ពុទ្ធសាសនា​មហាយាន និង​ជា​តំបន់​ទេសចរណ៍​ចំណាត់ថ្នាក់​លេខ​មួយ ចំណោម តំបន់​ទេសចរណ៍​ជាង ១០០​កន្លែង ក្នុង​ខេត្ត​ហៃ​ណាន ភាគខាងត្បូង​ប្រទេស​ចិន​។​

 
​លោក A Hai មគ្គទេសក៍​ទេសចរ​ម្នាក់​ប្រចាំខេត្ត​ហៃ​ណាន បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ចិន និង​ក្រុមហ៊ុន​ឯកជន រួមទាំង​សប្បុរសជន បាន​សហការគ្នា​សង់​រូបសំណាក់​ព្រះ​ម៉ែ​គង់​ស៊ី​អ៊ី​ម (Quan Yin)​ឡើង ក្នុង​គោលបំណង​បួងសួង​ព្រះ​ម៉ែ​តាម​ជួយ​ថែរក្សា​ពលរដ្ឋ​ចិន​ឲ្យ​សុខ​ចម្រើន​។​
 


​បុរស​វ័យ​ជាង ៣០​ឆ្នាំ ដែល​ធ្វើ​ការងារ​នាំ​ភ្ញៀវទេសចរ​លើ​កោះ​ហៃ​ណាន​ជាង ៨​ឆ្នាំ​រូបនេះ បន្ត​រៀបរាប់​ប្រាប់ថា ក្រោយ​ការសាងសង់​រូបសំណាក​តាម​ជំនឿ​ជនជាតិ​ចិន ពលរដ្ឋ​រស់នៅ​លើ​កោះ​ហៃ​ណាន​ជាប់​សមុទ្រ​ចិន​ខាងត្បូង លែង​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ ដូច​មុន​ឡើយ​។​
 


«​ពលរដ្ឋ​ចិន​ជឿថា ព្រះ​ម៉ែ​គង់​ស៊ី​អ៊ី​ម​តែង​តាម​ថែរក្សា​ពួកគេ​ជានិច្ច​»​។ លោក​ប្រាប់​អ្នកសារព័ត៌មាន និង​ភ្នាក់ងារទេសចរណ៍​កម្ពុជា ពេល​ទស្សនកិច្ច​រូបសំណាក​ព្រះ​ម៉ែ​គង់​ស៊ីអ៊ី​ម​កម្ពស់​ជាង ១០០​ម៉ែត្រ ជា​លើកដំបូង​។​
 
​រូបសំណាក​សង់​ពី​លោហធាតុ​សេ​រ៉ា​មិច​ដែល​ស្ថិត​ក្បែរ​ព្រះវិហារ​ណាន​សាន (Nanshan) នៃ​ទីក្រុង​សាន់​យ៉ា ភាគខាងត្បូង​ខេត្ត​ហៃ​ណាន​នេះ មិន​ត្រឹម​ជា​កន្លែង​បួងសួង​សាសនា​ឡើយ​។ វា​ជា​កន្លែង​ទេសចរណ៍​សាសនា​ដ៏​ពេញនិយម បំផុត​ក្នុង​ទីក្រុង​ជាប់មាត់​សមុទ្រ​ចិន​ដែលមាន​ចម្ងាយ​ជាង ២០០​គីឡូម៉ែត្រ​ពី​រួម​ខេត្ត​ហៃ​ណាន​។​
 


​ភ្ញៀវទេសច​អាច​ទស្សនា​ទេសភាព​មាត់សមុទ្រ ទិញ​វត្ថុ​អនុស្សាវរីយ និង​ញ៉ាំ​អាហារ​បួស​នៅទីនេះ ក្រៅពី​ទស្សនា​រូបសំណាក​ជំហរ​ពណ៌​សក្បុស​ដែលមាន​ព្រះ​ភក្ត្រ​ចំនួន ៣ ដែល​ម្ខាង​ទ្រង់​ទតព្រះនេត្រ​ទន្លេ​ទឹកសាប និង​ពីរ​ទៀត ទ្រង់​ទតព្រះនេត្រ​សមុទ្រ​ចិន​ខាងត្បូង​ដែល​តំណាងឱ្យ Guanyin ការពារ​ប្រទេស​ចិន និង​ពិភពលោក​ទាំងមូល​។​
 


​ភ្ញៀវទេសចរ​ម្នាក់​ត្រូវ​ចំណាយ​ថវិកា​ចំនួន ១៥០​យ័ន ស្មើនឹង​ជាង ២០​ដុល្លារ​អាមេរិក ទិញ​សំបុត្រ​ចូល​ទស្សនា​ស្វែងយល់​ពី​ពុទ្ធសាសនា និង​បន់ស្រន់​ព្រះ​ម៉ែ​គង់​ស៊ី​អ៊ី​ម​។ ចិន​បានរៀបចំ​រថយន្ត​អគ្គិសនី​ដឹកជញ្ជូន​ទេសចរ (​ទិញ​សំបុត្រ​រថយន្ត ឬ​ថ្មើរជើង​) សម្រាប់​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ពី​កន្លែង​លក់​សំបុត្រ ទៅដល់​រូបសំណាក​។​
 
​ភ្ញៀវទេសចរ​ត្រូវ​ចំណាយពេល​ជិះ​រថយន្ត​អគ្គិសនី ឬ​ថ្មើរជើង​រយៈពេល​ពី​ជាង​១០ ទៅ​២០​នាទី​លើផ្លូវ​ក្រាល​ថ្មភ្នំ អមដោយ​សួនច្បារ​ធម្មជាតិ​រៀង​ដូច​បន្ទាត់ មុនគេ​ចូល​ទស្សនា​ក្នុង​រូបសំណាក​។ ភ្ញៀវទេសចរ​ភាគច្រើន តែង​ជិះ​ជណ្តើរយន្ត​ប្រអប់​ឡើងដល់​ជាន់​ទី​៥​ដើម្បី​អោប​ព្រះបាត​ព្រះ​ម៉ែ​គង់​ស៊ី​អ៊ី​ម ព្រោះ​ពួកគេ​មានជំនឿថា ព្រះ​ម៉ែ​នឹង​តាម​ថែរក្សា​ពួកគេ​វិញ​។​
 


​បើតាម A Hai ព្រះសង្ឃ​ជាង ១​រយ​អង្គ និង​ពលរដ្ឋ​ចិន​រាប់ពាន់នាក់ បានរៀបចំ​ពិធី​អភិសេក​រូបសំណាក​ព្រះ​ម៉ែ​គង់​ស៊ី​អ៊ី​ម​ដែល​ចិន​ចំណាយពេល​សាងសង់​ជាង ១០​ឆ្នាំ និង​ចំណាយ​ថវិកា​ជាង ២០​លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ ២០០៥ រហូតមក​។​
 


​សព្វថ្ងៃនេះ ពលរដ្ឋ​រស់នៅ​ទីតាំង​នេះ អាច​ទទួល​អត្ថប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​បែប សាសនា ដោយ​ពួកគេ​លក់ដូរ​ម្ហូបអាហារ​បួស និង​គ្រឿង​សក្ការបូជា​នានា ជូន​ភ្ញៀវទេសចរ​។​
​តាម A Hai ភ្ញៀវទេសចរ​ចិន​ចន្លោះ​ពី​ជាង ៥​ពាន់​នាក់ រហូតដល់ ២​ម៉ឺន​នាក់ ចូល​ទស្សនា និង​បួងសួង​រូបសំណាក​ព្រះ​ម៉ែ​គង់​ស៊ី​អ៊ី​ម​ដែល​ស្ថិត​ក្បែរ​ជើងភ្នំ និង​ជាប់មាត់​សមុទ្រ​ក្នុង​មួយថ្ងៃៗ ៕






























Tag:
 ព្រះ​ម៉ែ​គង់​ស៊ី​អ៊ី​ម
© រក្សាសិទ្ធិដោយ thmeythmey.com