បទវិភាគ
វប្បធម៌គ្រឹស្តចាក់ឫសលើដែនដីព្រះពុទ្ធ?
× នៅថ្ងៃទី២៥ធ្នូនេះ ពលរដ្ឋខ្មែរជាច្រើន ជាពិសេសយុវវ័យតែម្តងបាននាំគ្នាប្រារព្ធទិវាបុណ្យណូអែល ឬគ្រឹសស្មាស់ ( Christmas) យ៉ាងព្រោងព្រាត។ ការសប្បាយរីករាយគឺជាសេរីភាពដែលមិនអាចខាត់ឃាំងបានរបស់មនុស្សសម័យថ្មី ប៉ុន្តែ បុណ្យណូអែលដែលកំពុងរីកដុះដាលនៅលើទឹកដីដែលពលរដ្ឋជាង ៩០ ភាគរយកាន់ព្រះពុទ្ធ សាសនាជាព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍។
តាំងពីប៉ុន្មានថ្ងៃមកហើយ ពោលគឺចាប់ពីដើមខែធ្នូមក ការរំជើបរំជួលអំពីបុណ្យណូអែលបានចាប់ផ្តើមនៅភ្នំពេញ និងនៅទីប្រជុំជនដទៃទៀត។ ដើមសាប៉ាំងដែលរចនាដោយអំពូលភ្លើង និងក្រដាស់ពណ៌ភ្លឺផ្លេកអមដោយកាដូជាច្រើនត្រូវបានគេដាក់តាំងយ៉ាងព្រោងព្រាតនៅតាមហាងទំនិញធំៗ ឬនៅពីមុខក្រុមហ៊ុនអាជីវកម្ម ឬសណ្ឋាគារមួយចំនួន។ វាមិនចម្លែកទេប្រសិនបើហាងទំនិញ ឬក្រុមហ៊ុនទាំងនោះជារបស់ជនបរទេស ប៉ុន្តែ ជាទូទៅគឺជនជាតិខ្មែរជាម្ចាស់កម្មសិទ្ធិ។
នៅតាមសាលាឯកជនជាច្រើន គេបានរៃអង្គាសលុយពីសិស្សដើម្បីរៀបចំបុណ្យណូអែលដែរ។ ឪពុកម្តាយឬអាណាព្យាបាលមួយចំនួនក៏បានទិញមួកពណ៌ក្រហមដែលគេហៅថាមួកណូអែលឯគ្រឹស្មាស់មកបំពាក់ឲ្យកូន។ វប្បធម៌បុណ្យអូអែលកាន់តែពេញនិយមខ្លាំងឡើងៗនារយៈពេលចុងក្រោយនេះ។ បុណ្យណូអែលបានក្លាយជាពិធីបុណ្យកម្សាន្តសប្បាយរបស់យុវវ័យខ្មែរជាច្រើន។
ជាការពិតណាស់ ប្រជាពលរដ្ឋកម្ពុជាកាន់ព្រះពុទ្ធិសាសនាជាង៩០ភាគរយ។ បើយោងតាមតួលេខនេះ គេប្រហែលជាពិបាកនឹងគិតស្រមៃណាស់ថា បុណ្យសាសនាគ្រឹស្តមួយនេះអាចមានប្រជាប្រិយភាពដល់ម្លឹង។ តើហេតុអ្វីបានជាដូច្នេះ? ពិតហើយ ក្នុងសម័យសកលភាវូបនីយកម្មនេះ មានរឿងរ៉ាវច្រើនណាស់ដែលធ្វើឲ្យសង្គមផ្លាស់ប្តូរ និងទទួលឥទ្ធិពលពីគ្នាទៅវិញទៅមកយ៉ាងឆាប់រហ័ស។ ជាកត្តាសត្យានុម័ត សង្គមមួយដែលទន់ខ្សោយតែងតែទទួលយកវប្បធម៌ពីប្រទេសផ្សេងដែលរុងរឿងជាងខ្លួន។ ដូច្នេះ កម្ពុជាដែលជាប្រទេសក្រីក្រ ពិតជាមិនអាចគេចផុតពីការទទួលយកវប្បធម៌បុណ្យណូអែល។
ម្យ៉ាងទៀត កម្ពុជាបានបើកទូលាយចំពោះជំនឿសាសនា ដែលជាកត្តាមួយទៀតធ្វើឲ្យពលរដ្ឋមានសិទ្ធិពេញលេញក្នុងការជ្រើសរើសសាសនាណាមួយដែលខ្លួនពេញចិត្ត។ នៅមានហេតុផលមួយទៀតដែលជំរុញឲ្យពិធីបុណ្យណូអែលកាន់តែមានប្រជាប្រិយភាពនៅកម្ពុជា នោះគឺហេតុផលជំនួញ។ អ្នកធ្វើជំនួញបានឆ្លៀតយកឱកាសនេះដើម្បីឃោសនាលក់ទំនិញរបស់ខ្លួន។
ហេតុផលចុងក្រោយដែលគេមិនអាចមើលរំលងបាននោះគឺ វប្បធម៌មិនសូវរឹងមាំក្នុងចំណោមពលរដ្ឋខ្មែរ ពោលគឺ ជនជាតិខ្មែរតែងឆាប់ទទួលយកវប្បធម៌បរទេសទោះជាដោយចេតនា ឬអចេតនាក្តី។ នេះបណ្តាលមកពីការបាត់បង់មោទនភាពជាតិរបស់ពួកគេបន្ទាប់ពីបានឆ្លងកាត់សង្គ្រាមស៊ីវិល និងជម្លោះនយោបាយមិនចេះចប់ដែលធ្វើឲ្យសង្គមមិនសូវស្គាល់ភាពរុងរឿងនឹងគេ។ ការទទួលយកបុណ្យណូអែលដោយមិនដឹងខ្លួនគឺជាឧទាហរណ៍ជាក់ស្តែង។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ អ្នកប្រារព្ធពិធីនេះភាគច្រើនគឺជាអ្នកកាន់ព្រះពុទ្ធសាសនា តែពួកគេមិនបានគិតថា ណូអែលជាពិធីសម្រាប់គ្រឹស្តបរិស័ទទេ ហើយក៏មិនបានគិតថា ការប្រារព្ធពិធីនេះនឹងធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាអ្វីនោះដែរ។ និយាយតាមបែបផ្សេង គឺជាទង្វើបែបមោហោគតិ (មិនយល់) តែប៉ុណ្ណោះ ពោលគឺការមិនដឹងថា ខ្លួនមានឫសគល់ចេញពីណា ហើយត្រូវធ្វើដំណើរទៅណា? នេះជាបញ្ហាសំខាន់។
អ្វីដែលគួរឲ្យសង្វេគគឺ មនុស្សចាស់(ឳពុកម្តាយ អាណាព្យាបាល ឬរហូតដល់គ្រូបង្រៀន)បាននាំក្មេងឲ្យទទួលយកវប្បធម៌ដទៃដោយមិនដឹងខ្លួន។ ដោយសារតែ សង្គមទាំងមូលខ្វះមូលដ្ឋានគ្រឹះរឹងមាំនេះហើយបានជា គេបណ្តោយ ឬក៏ជួយជំរុញឲ្យកូនចៅជំនាន់ក្រោយដើរខុសផ្លូវកាន់តែឆ្ងាយ។ អ្នកខ្លះជាពុទ្ធសាសនិកជនសុទ្ធសាធ តែបែរជាពាក់ខ្សែកបង្តោងសញ្ញាជើងក្អែកដែលជានិម្មិតរូបសញ្ញារបស់គ្រឹះសាសនាទៅវិញ។ ពួកគេមិនបានគិតដល់បញ្ហាសាសនាអ្វីឡើយ តែគិតត្រឹមតែជាការលម្អររាងកាយតែប៉ុណ្ណោះ។ ការត្រេកត្រអាលនឹងបុណ្យគ្រឹស្មាស់ក៏មានន័យដូចគ្នានេះដែរ។
តាមពិត ផលវិបាកធំបំផុតចំពោះបញ្ហានេះគឺការបង្ហាញពីភាពកម្សោយនៃវប្បធម៌របស់ខ្មែរនេះតែម្តង។ បើទោះបីជាទង្វើនេះគ្មានផលប៉ះពាល់ធំដុំដល់ព្រះពុទ្ធសាសនាដោយសារថា អ្នកប្រារព្ធបុណ្យណូអែលមិនបានផ្លាស់ប្តូរសាសនាទេ និងម្យ៉ាងទៀត វាគ្រាន់តែជាការបង្កើតកម្មវិធីសប្បាយរបស់មនុស្សម័យថ្មីតែប៉ុណ្ណោះ ប៉ុន្តែ ប្រសិនបើខ្មែរស្គាល់ច្បាស់ឬសគល់របស់ខ្លួន គេអាចនឹងសប្បាយតាមបែបផ្សេងគឺត្រឹមការចែករម្លែកការសប្បាយជាមួយមិត្តភ័ក្តិបរទេសជាការស្រេច តែក្នុងនាមពុទ្ធសាសនិកជន គេមិនគួរត្រេកត្រអាលនឹងបញ្ហានេះឡើយពីព្រោះ ចូរកុំភ្លេចថា «ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ»៕
© រក្សាសិទ្ធិដោយ thmeythmey.com