សំបក​ក្រៅ និង​សំបក​ក្នុង​នៅក្នុង​សង្គម​ខ្មែរ​…
ជាតិ
បទវិភាគ
សំបក​ក្រៅ និង​សំបក​ក្នុង​នៅក្នុង​សង្គម​ខ្មែរ​…
16, Jan 2021 , 8:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តម្លៃ​របស់​មនុស្ស​មិន​ស្ថិតនៅលើ​សំបក​ខាងក្រៅ​ទេ​។ នេះ គឺជា​ទ្រឹស្តី​ដែល​មនុស្ស​ទូទៅ​លើកយក​មក​និយាយ​។ ប៉ុន្តែ​ជាក់ស្តែង ជាពិសេស នៅក្នុង​សង្គម​ខ្មែរ សំបក​ក្រៅ ពេលខ្លះ នៅតែមាន​តម្លៃ​ជាង​សំបក​ក្នុង​។



​សំបក​ក្រៅ មានន័យថា អ្វីៗ​ដែល​នៅ​ខាងក្រៅ ប៉ះ​បាន ស្ទាប​បាន និង​មើលឃើញ​។ ឧទាហរណ៍ ដូចជា សម្លៀកបំពាក់ សក់​ក្បាល សំបកចេក និង​សម្ភារ​ប្រើប្រាស់​។​ល​។ កុំ​មើល​មនុស្ស​សំបក​ក្រៅ មានន័យថា កុំ​ឲ្យ​តម្លៃ​មនុស្ស​ដោយ​មើល​រូបភាព​ខាងក្រៅ​ឲ្យ​សោះ​។

​សំបក​ក្នុង ត្រូវបាន​គេ​ពន្យល់ថា គឺជា​អ្វីៗ​ដែល​នៅ​ខាងក្នុង​របស់​មនុស្ស ដូចជា ចំណេះវិជ្ជា ភាពស្មោះត្រង់ គុណធម៌ ចិត្តមេត្តា ការជួយ​យកអាសា សេចក្តី​ទៀងត្រង់​។​ល​។ បើជា​ផ្លែឈើ​វិញ សំបក​ក្នុង គឺ​សាច់​។ ផ្លែ​ល្វា សំបក​ខាងក្រៅ​ល្អ តែ​សាច់​ខាងក្នុង​មាន​សត្វល្អិត​។

​នៅក្នុង​បរិបទ​ពិភពលោក សំបក​ក្រៅ​នៅតែមាន​តម្លៃ​ជាង​សំបក​ក្នុង​។ តែ​តម្លៃ​នៃ​សំបក​ក្រៅ នៅ​កម្ពុ​ជាមាន​លក្ខណៈ​ខ្ពស់ជាង​នៅក្នុង​ប្រទេស​ស៊ី​វិ​ល័យ​ជឿនលឿន​ផ្សេងទៀត​។ ពលរដ្ឋ​កម្ពុជា​មួយចំនួនធំ​ត្រូវបាន​គេ​សង្កេតឃើញថា​ឲ្យ​តម្លៃ​លើ សំបក​ក្រៅ ច្រើនជាង​ឲ្យ​តម្លៃ​លើ សំបក​ក្នុង​។

​ការពិត​ជាក់ស្តែង​បាន​បង្ហាញថា សាស្ត្រាចារ្យ​មហាវិទ្យាល័យ​ម្នាក់ ឬ​វិស្វករ​ម្នាក់ ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ តែ​មិនសូវ​មានទ្រព្យ រូបគាត់​មិនសូវ​ត្រូវបាន​គេ​គោរព ឬ​ឲ្យ​តម្លៃ​ឡើយ​។

​ផ្ទុយទៅវិញ ប្រសិនបើ​អ្នកមាន​ទ្រព្យ​ម្នាក់ ដែល​រកស៊ី​មិនសូវ​ស្មោះត្រង់​នឹង​ជាតិ​សោះ តែមាន​ប្រាក់​វាល់​លាន​ដុល្លារ វីឡា ឡាន​ច្រើន​គ្រឿង បុគ្គល​រូបនេះ ត្រូវបាន​សង្គម​គិតថា គាត់​ពូកែ គាត់​ជា​បុគ្គល​អស្ចារ្យ​។ បើ​មិន​ពូកែ មិនអាច​រកលុយ​បាន​ច្រើន​ឡើយ​។ នេះ​ជាការ​សន្និដ្ឋាន​រប​ស់បុ​គ្គល​មួយចំនួន​។



​នៅតាម​ដងផ្លូវ គេ​តែងតែ​សង្កេតឃើញថា មន្ត្រី​នគរ​បាល​ខ្លះ សម្តែង​ការគោរព​ចំពោះ​បុគ្គល​ដែលមាន​រថយន្ត​ទំនើបៗ​។ នៅតាម​ហាង​នានា អ្នកបម្រើ​ហៅ​អ្នកជិះរថយន្ត​ថា​«​មេ​»​ៗ រីឯ អ្នកជិះ​កង់ ជិះ​ម៉ូតូ ឬ​អ្នក​ថ្មើរ​ជើង មិនសូវ​ត្រូវបាន​គេ​ឲ្យ​តម្លៃ ឬ​ផ្តល់​ការគោរព​ឡើយ​។ មាន​សម្ភារ​ទំនើបៗ​ប្រើប្រាស់ មាន​តំណែង​ធំ តម្លៃ​ខ្លួន​ត្រូវបាន​គេ​ផ្តល់​ឲ្យ​តែម្តង​។ មានទ្រព្យ​ដែរ មាន​តំណែង​ដែរ តែ​គ្រាន់តែ​ឱនលំទោន ដាក់ខ្លួន តម្លៃ​ខ្លួន​ក៏​មិនសូវមាន​ដែរ​។ ខាងក្រោម​នេះ​ជា​ឧទាហរណ៍​ដែល​សារព័ត៌មាន​ថ្មីៗ​ ធ្លាប់​ឮមហាជន​រអ៊ូ​៖«​បើ​ខ្ញុំ​ជិះឡាន​គេ​គោរព តែបើ​ខ្ញុំ​ជិះ​ម៉ូតូ គ្មាន​នរណា​មើលមុខ​ទេ​»​។ «​បើ​ខ្ញុំ​ពាក់​មាស​ពេជ្រ​ច្រើន គេ​មើល​មក​ខ្ញុំ ឬ​និយាយ​រក​ខ្ញុំ តែបើ​ខ្ញុំ​អត់​ពាក់​អ្វី​ទាំងអស់ គ្មាន​នរណា​ចាប់អារម្មណ៍​លើ​ខ្ញុំ​ទេ​»​។ «​មានទ្រព្យ​ច្រើន​សម្តី​ត្រូវបាន​គេ​ស្តាប់ គ្មានអ្វី​សោះ សម្តី​ចេះដឹង​យ៉ាងណាក៏ដោយ ក៏​គ្មាន​នរណា​ស្តាប់​ឡើយ​»​។ «​បើ​ខ្ញុំ​ប្រើប្រាស់ iphone គេ​សរសើរ​គ្រប់គ្នា តែបើប្រើ​ទូរ​សព្ទ អិន​ចុច​ពិល​វិញ គ្មាន​នរណា​មើលមុខ​ទេ​»​។

​ងើយ​ស្កក ឱនដាក់គ្រាប់​។ សុភាសិត​ខ្មែរ​មួយ​នេះ​នៅមាន​តម្លៃ តែ​តម្លៃ​វា​ហាក់បីដូចជា​បាត់បង់​ខ្លះៗ​ពី​សង្គម​ខ្មែរ ព្រោះ​សង្គម​ខ្មែរ​ហាក់បីដូចជា​ឲ្យ​តម្លៃ​ទៅលើ​សំបក​ក្រៅ​ខ្លាំងពេក​។ ហេតុអ្វី​បានជា​បុគ្គល​ខ្លះ​ចូលចិត្ត​បង្ហាញ​សំបក​ក្រៅ​?

​គ្មាន​នរណា​អាច​បញ្ជាក់​ពី​ហេតុផល​នេះ​បាន​ពិតប្រាកដ​ឡើយ​។ តែ​គេ​អាចសន្និដ្ឋាន​បាន​ខ្លះ​ថា បុគ្គល​ដែល​ចូលចិត្ត​បង្ហាញ​សំបក​ក្រៅ ព្រោះ​ពួកគេ​អាច​ខ្វះ​សំបក​ក្នុង​(​ចំណេះវិជ្ជា សេចក្តីថ្លៃថ្នូរ សេចក្តី​ទៀត​ត្រង់​)​។​ល​។ ការនិយាយ​ដូច្នេះ មិនមែន​មានន័យ​អាក្រក់​ទាំងអស់​នោះទេ ពេលខ្លះ អ្នក​បង្ហាញ​សំបក​ក្រៅ ព្រោះ​ពួកគេ​គ្រាន់តែ​ចង់​ឲ្យ​ខ្លួនគេ​សប្បាយចិត្ត​ប៉ុណ្ណោះ តែ​កំហុស​អាចមកពី​អ្នកដទៃ​ទេ ដែល​ចូលចិត្ត​ឲ្យ​តម្លៃ​មនុស្ស​តែ​ទៅលើ​សំបក​ក្រៅ​ខ្លាំងពេក​។

​ជាការ​ពិត តម្លៃ​មនុស្ស​អាច​ស្ថិតនៅលើ​ទ្រព្យសម្បត្តិ​មួយផ្នែក​ហើយ​។ តែ​ចំណេះដឹង ភាពស្មោះត្រង់ អំពើ​ល្អ​ចំពោះ​សង្គម គុណធម៌ ក៏​សុទ្ធសឹងតែ​ជា​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​របស់​បុគ្គល​ម្នាក់ៗ​ដែរ​។ ម្យ៉ាងវិញទៀត ដោយ​មិន​និយាយ​ពីសំបក​ក្រៅ និង​សំបក​ក្នុង មនុស្ស​ម្នាក់ៗ​មានតម្លៃ និង​ទេពកោសល្យ​ខុសៗ​គ្នា ហើយ​គ្មាន​នរណាម្នាក់​អស្ចារ្យ​ជាង​នរណា​ឡើយ​។ ឧទាហរណ៍​ថា រដ្ឋមន្ត្រី​ម្នាក់​ចេះ​ដឹកនាំ​មន្ត្រីរាជការ តែ​ក៏​មិន​ប្រាកដថា រដ្ឋមន្ត្រី​រូបនោះ អាច​ចេះ​ជួសជុល​រថយន្ត​ណាស់​។ ដូច្នេះ លោក​រដ្ឋមន្ត្រី​មានតម្លៃ​របស់គាត់​នៅក្នុង​ការដឹកនាំ​រដ្ឋ តែ​ជាង​ជួសជុល​រថយន្ត ក៏មាន​តម្លៃ​របស់គាត់​សម្រាប់​ក្រុមហ៊ុន​លក់​រថយន្ត​ដែរ​។

​សរុបសេចក្តី​មក បុគ្គល​ម្នាក់ៗ​មានតម្លៃ​ពិសេស​រៀងខ្លួន​។ គ្មាន​នរណា​អស្ចារ្យ​ជាង​នរណា​ឡើយ​។ ហើយ​តម្លៃ​របស់​មនុស្ស មិន​ស្ថិតនៅលើសំបក​ក្រៅ នោះទេ​។ សំបក​ក្រៅ គ្រាន់តែ​ជា​ទម្រង់ រីឯ ខ្លឹមសារ គឺជា​សំបក​ខាងក្នុង​៕


© រក្សាសិទ្ធិដោយ thmeythmey.com