អន្តរជាតិ
សព្វាវុធ​ទំនើបៗ​របស់​អាមេរិក​នៅ​ជុំវិញ​ឧបទ្វីប​កូរ៉េ​ ​
15, Apr 2017 , 5:30 pm        
រូបភាព
បន្ទាប់ពី​បញ្ចប់​សង្គ្រាមលោកលើកទី​ពីរ​មក​នោះ សហរដ្ឋអាមេរិក បាន​បន្ត​វត្តមាន​កងទ័ព​របស់​ខ្លួន​យ៉ាងច្រើន​នៅ​កូរ៉េខាងត្បូង និង​ជប៉ុន ដើម្បី​ការពារ​ប្រទេស​ទាំងពីរ​នេះ ពី​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​។ បន្ថែម​ពី​ចំនួន​កងទ័ព​យ៉ាងច្រើន អាមេរិក​ក៏បាន​ពង្រាយ​សព្វាវុធ​ទំនើប​ជាច្រើន​គ្រឿង​ផង​ដូចជា នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប និង​យន្តហោះ​យុទ្ធសាស្ត្រ​ជាដើម​។


​ក្រុង​វ៉ាស៊ីនតោន បាន​ពង្រាយ​កងទ័ព​ចំនួន​ជាង​៣​ម៉ឺន​នាក់​នៅ​កូរ៉េខាងត្បូង និង​ជាង​៥​ម៉ឺន​នាក់​នៅលើ​ទឹកដី​ជប៉ុន​។ យ៉ាងណាក្ដី អាវុធយុទ្ធភណ្ឌ​សំខាន់ៗ និង​ទំនើប​ភាគច្រើន គឺ​ត្រូវ​បានដាក់​ប្រចាំការ​ក្នុង​មូលដ្ឋាន​លើទឹក​ដី​ជប៉ុន​ដូចជា មូលដ្ឋាន​អាកា​សកោះ​អូ​គី​ណា​វ៉ា និង​មូលដ្ឋាន​ទ័ពជើងទឹក​នៅ Yokosuka ជាដើម​។ 




​ក្នុង​មូលដ្ឋាន​អាកាស​នៅ​អូ​គី​ណា​វ៉ា​ដ៏​ចម្រូងចម្រាស អាមេរិក បាន​ពង្រាយ​យន្តហោះ​ចម្បាំង​ជាច្រើន​ប្រភេទ ជាពិសេស​យន្តហោះ​បំបាំងកាយ​ប្រភេទ F-22 តែម្ដង​។ ក្រៅពី​យន្តហោះ F-22 គេ​ក៏​សង្កេតឃើញ​មាន​ឧទ្ធម្ភាគចក្រ Oprey ដែល​អាច​ហោះ​ឡើង​ត្រង់​ឡើងលើ​បាន​ផងដែរ​។​




ចំណែកឯ​មូលដ្ឋាន​ជើង​ទឹក Yokosuka វិញ គេ​ឃើញ​មាន​នាវា​ខ្លាំងៗ​ចំនួន​ពីរ​។ ក្រុង​វ៉ាស៊ីនតោន បាន​ពង្រាយ​នាវាមុជទឹក USS Michigan ដែល​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ និង​នាវា​ដឹក​យន្តហោះ USS Ronald Reagan ដែល​ប្រតិ​ប​ត្ត​ការ​ដោយ​ថាមពលនុយក្លេអ៊ែរ​ដូចគ្នា​ដែរ​។ នាវា​ទាំងពីរ អាចធ្វើ​ដំណើរ​ទៅ​ជួយ​កូរ៉េខាងត្បូង ក្នុងករណី​មានការ​វាយប្រហារ​ពី​កូរ៉េខាងជើង ឬក៏​អាចជួយ​សម្ព័ន្ធមិត្ត​ផ្សេងទៀត​ដែរ​។​




​នៅក្បែរ​កូរ៉េខាងត្បូង និង​ជប៉ុន​ដែរនោះ គឺ​មូលដ្ឋាន​ទ័ពអាកាស Andersen នៅ​កោះ Guam លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ អាមេរិក ទើបតែ​បញ្ជូន​យន្តហោះ​យុទ្ធសាស្ត្រ​បី​ប្រភេទ​ក្នុង​មូលដ្ឋាន​នេះ គឺ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-1B, យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ B-2 និង​យន្តហោះ​ទម្លាក់​គ្រាប់ B-52 ។ យន្តហោះ​ទាំងបី​នេះ តែង​ហោះហើរ​ទៅកាន់​ជប៉ុន និង​កូរ៉េខាងត្បូង​ជា​ញឹកញាប់ ដែល​ធ្វើ​ឲ្យ​កូរ៉េខាងជើង និង​ចិន​ខឹង​ខ្លាំង​៕








© រក្សាសិទ្ធិដោយ thmeythmey.com