ជាតិ
អ្នកវិភាគ​ថា លោក ម៉ម ប៊ុនហេង គ្មាន​សមត្ថភាព តែ​អ្នកនាំពាក្យ​ថា លោក​រដ្ឋមន្ត្រី​ពូកែ
29, Dec 2016 , 10:19 pm         31166
រូបភាព
លោក ម៉ម ប៊ុនហេង នៅខាងឆ្វេងសម្តេច ហ៊ុន សែន
លោក ម៉ម ប៊ុនហេង នៅខាងឆ្វេងសម្តេច ហ៊ុន សែន
​នៅក្នុង​ភ្នែក​អ្នកវិភាគ​បញ្ហានយោបាយ និង​សង្គម ក្រសួងសុខាភិបាល ជា​ក្រសួង​ដែល​យ៉ាប់យ៉ឺន​ជាងគេ ក្នុងចំណោម​ក្រសួង​ដទៃទៀត​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។ អ្នកវិភាគ យល់ថា  ដំណោះស្រាយ​ដំបូង​សម្រាប់​ក្រសួង​នេះ មានតែ​ដូរ​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ចោល​ប៉ុណ្ណោះ​។ តែ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ថ្លែង​ការពារ​លោក ម៉ម ប៊ុនហេង ថា ជា​រដ្ឋមន្ត្រី​ដែលមាន​សមត្ថភាព​ពូកែ​។​


​ក្រសួងសុខាភិបាល ក្រោម​ការដឹកនាំ​របស់​លោក ម៉ម ប៊ុនហេង ច្រើន​អាណត្តិ​មកនេះ ហាក់​មិនបាន​រីកចម្រើន​អ្វី​ឡើយ​នៅក្នុង​វិស័យ​សុខាភិបាល​កម្ពុជា​។ នេះ​ជាការ​មើលឃើញ​របស់​អ្នកវិភាគ​នយោបាយ និង​សង្គម លោក មាស នី​។ លោក មាស នី   ថ្លែងថា ក្រោម​ការដឹកនាំ​របស់​លោក ប៊ុនហេង ប្រជាពលរដ្ឋ​នៅតែ​ជួប​ការលំបាក នៅពេលដែល​ពួកគេ​ទៅរក​សេវា​សុខាភិបាល​ម្តងៗ​។

​អ្វីដែល​លោក មាស នី មិន​សុខចិត្ត​ថែមទៀត​នោះ  គឺ​ប្រមុខ​ដឹកនាំ​គ្រប់​ជាន់ថ្នាក់  អ្នកមាន​ទ្រព្យសម្បត្តិ និង​អ្នកនយោបាយ នៅពេល​ដែលមាន​បញ្ហា​សុខភាព​ម្តងៗ ពួកគេ​តែង​ទៅរក​សេវា​សុខាភិបាល​ព្យាបាល​ជំងឺ​នៅ​បរទេស  រីឯ​ប្រជាពលរដ្ឋ​គ្មាន​ប្រាក់​វិញ ត្រូវ​ព្យាបាល​ជំងឺ​នៅក្នុង​ប្រទេស​ជាមួយនឹង​សេវា​សុខាភិបាល​របស់​រដ្ឋ​មិនល្អ​។ លោក មាស នី បញ្ជាក់​យ៉ាងនេះ​ថា​៖ « នេះ​វា​បង្ហាញថា គេ​មិន​ខ្វល់​ពី​បញ្ហា​ប្រឈម ឬ​គ្រោះថ្នាក់​របស់​ពលរដ្ឋ​នោះឡើយ មេដឹកនាំ​គិតតែ​សុខភាព​របស់គេ ដោយ​នាំគ្នា​ទៅ​ព្យាបាល​នៅ​ពេទ្យ​បរទេស​»​។

​សម្រាប់​អ្នកវិភាគ  វិស័យ​សុខាភិបាល​នាពេល​បច្ចុប្បន្ន ត្រូវការ​ដោះស្រាយ​ជាបន្ទាន់​។ «​ខ្ញុំ​គិតថា បញ្ហា​នេះ គេ​រិះគន់​តាំងពីដើម​រៀងមក​ហើយ ល្មម​គិតគូរ​។ ហើយ​ល្មម​ដោះស្រាយ​វា​ឲ្យ​ប្រសើរឡើង​ហើយ​។ ខ្ញុំ​គិតថា លោក ម៉ម ប៊ុនហេង មិនមាន​សមត្ថភាព​ទេ គាត់​ចាស់​ហើយ ល្មម​ឲ្យ​គាត់​ឈប់ ហើយ​រក​អ្នកថ្មី​ដែលមាន​សមត្ថភាព​មក​ជំនួស​»​។ នេះ​ជា​យោបល់​របស់លោក បណ្ឌិត​ខាងលើ​។

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក លី សូ​វ៉ាន់ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ជា​អ្នកគ្រប់គ្រង ដែល​ទទួលបាន​ការទុកចិត្ត​ពី​ប្រមុខ​រដ្ឋាភិបាល ហើយ​នៅក្បែរ​ខ្លួន​របស់លោក គឺមាន​បណ្ឌិត​ផ្នែក​សុខាភិបាល​ជាច្រើនរូប​។ លោក លី សូ​វ៉ាន់ បាន​សរសើរ​មេ​របស់លោក​ថា ជា​អ្នកដឹកនាំ​ដែលមាន​សមត្ថភាព​ពូកែ និង​ឆ្លាត​វៃ​។ « មិនតែប៉ុណ្ណោះ គាត់​ជាម​នុស្ស​ព្យាយាម ធ្វើការ​ច្រើន​ទាំងថ្ងៃទាំងយប់ ជាពិសេស​ធ្វើការ​ទាំង​ថ្ងៃ​សម្រាក​ទៀត​»​។ លោក​និយាយ​ដូច្នេះ ក៏​ប្រាប់​ទៅ​អ្នក​រិះគន់​លោក ម៉ម ប៊ុនហេង ឲ្យ​រិះគន់​ក្នុងន័យ​ស្ថាបនា និង​មាន​ភស្តុតាង​ផង​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រូបនេះ បន្តថា  វិស័យ​សុខាភិបាល​ក្រោម​ការដឹកនាំ​ដោយ​លោក ម៉ម ប៊ុនហេង រីកចម្រើន​ជា​បន្តបន្ទាប់​។ លោក​ថា ជាក់ស្តែង កាលពី​ឆ្នាំ ២០១៥ កន្លងទៅ អង្គការ​សុខភាព​ពិភពលោក បានទទួល​ស្គាល់​ការសម្រេច​ជោគជ័យ​នូវ​គោលដៅ​សហស្ស​វត្សរ៍​របស់​ក្រសួងសុខាភិបាល​។ យ៉ាងណា​លោក ក៏​ទទួលស្គាល់ថា វិស័យ​សុខាភិបាល​កម្ពុជា នៅមានកម្រិត​ទាប បើ​ប្រៀបធៀប​នឹង​ប្រទេស​សិង្ហបូរី វៀតណាម និង​ថៃ​ជាដើម​។​

​នៅ​ថ្ងៃទី ២៩ ខែធ្នូ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល  បាន​ទៅ​ឆ្លើយបំភ្លឺ​នៅក្នុង​រដ្ឋសភា​តាម​ការ​កោះហៅ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក ប៊ុនហេង បាន​ថ្លែង​ការពារ​ថា អ្វីដែល​លោក ឬ​ក្រសួង​ធ្វើ​កន្លងមក គឺ​ស្របទៅតាម​ច្បាប់​។ ពេល​បំភ្លឺ​នៅ​រដ្ឋសភា លោក​រដ្ឋមន្ត្រី​អាន​ចម្លើយ​តែ​នៅលើ​ក្រដាស​ប្រមាណ ៩ ទំព័រ ប៉ុណ្ណោះ៕

Tag:
 មាស នី​
  ម៉ម ប៊ុនហេង​
  លី សូ​វ៉ាន់​
  សូ ចន្ថា
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next