ជាតិ
បទវិភាគ
​នាំ​គា្ន​អភិរក្ស​ខ្លែង​ខ្មែរ​!
01, Jan 2017 , 6:00 pm        
រូបភាព
ដោយ:
​យុវជន​ជំនាន់​ក្រោយ ត្រូវ​នាំគ្នា​លើកស្ទួយ អភិរក្ស​ខ្លែង​ខ្មែរ ឲ្យ​ទាន់ពេល​។​


​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ចំនួន​អ្នកចេះ​ធ្វើ​ខ្លែង​ខ្មែរ ជាពិសេស​គឺ​ខ្លែងឯក កាន់តែ​តិច​ទៅៗ ហើយ​នៅ​ខេត្ត​ខ្លះ​ស្ទើរតែ​រក​អ្នកចេះ​ធ្វើ​ខ្លែងឯក​មិនបាន​។ ចំនួន​ក្មេង យុវជន​នៅ​ជនបទ ដែល​លេង​ខ្លែង ក៏​ថយចុះ​ដែរ ដោយសារ​ចលនា​ចំណាកស្រុក​ច្រើន និង​បច្ចេកវិទ្យា​រីកចម្រើន​។ ទាំងអស់នេះ ដែល​ធ្វើ​ឲ្យ​ខ្លែង​ខ្មែរ​ប្រឈមមុខ​នឹង​ការបាត់បង់​នាពេលខាងមុខ ប្រសិនបើ​គ្មាន​ការអភិរក្ស និង​លើកកម្ពស់​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​យុវជន​ជំនាន់​ក្រោយ​។ 
 
​យ៉ាងណា រាល់​ឆ្នាំ​ក្រសួង​វប្បធម៌ ក៏បាន​រៀបចំ​មហោស្រព​ខ្លែង​ខ្មែរ​រាល់​ឆ្នាំ ក្នុង​គោលដៅ​ដើម្បី​អភិរក្ស​ខ្លែង​ខ្លែង​ដែរ​។ ក៏ប៉ុន្តែ ការរៀបចំ​មហោស្រព​ខ្លែង​របស់​ក្រសួង​វប្បធម៌ ហាក់​មិនសូវ​ទទួលបាន​ការចាប់​អារម្មណ៍​ពី​ប្រជាជន​ខ្មែរ ជាពិសេស​យុវជន​នោះទេ​។ ជាក់ស្តែង​មហោស្រព​ខ្លែង​ខ្មែរ​លើក​ទី ២០ ដែល​រៀបចំ​ធ្វើ កាលពី​ពាក់កណ្តាល​ខែធ្នូ កន្លងទៅ មាន​ខ្លែង​តែ ១៩ ខែ​ប៉ុណ្ណោះ​បាន​ចូលរួម និង​អ្នកចូលរួម​ទស្សនា​មហោស្រព​នេះ​មាន​ចំនួន​តិច ព្រមទាំង​ប្រជាជន​ភាគច្រើន ដោយ​ហោចទៅ​សូម្បីតែ​អ្នកកាសែត​ខ្លះ​ក៏​មិនដឹង​ពី​ព្រឹត្តិការណ៍​នេះដែរ​។ 
 
​តាមពិតទៅ មហោស្រព​បង្ហើរខ្លែង​ខ្មែរ ប្រហែល​មិន​ពិបាក​ទាក់ទាញ​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ចូល​រូ​ម​សកម្ម​ក្នុង​ការជួយ​អភិរក្ស ផ្សព្វផ្សាយ គាំទ្រ ខ្លែងឯក​ខ្មែរ​នោះទេ ប្រសិនបើ​ក្រសួង​វប្បធម៌​ជូនដំណឹង ឬ​ផ្សព្វផ្សាយ​តាម​បណ្តាញសារព័ត៌មាន​ឲ្យ​បាន​ច្រើន​។ អ្នករៀបចំ​ត្រូវមាន​ទំនាក់ទំនង​ល្អ ឬ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ឲ្យ​យុវជន​បានដឹង​ពី​មហោស្រព​នេះ​។ 
​ម្យ៉ាងវិញទៀត ប្រសិនបើ​ខ្វះ​ថវិកា​រៀបចំ​កម្មវិធី ក្រសួង​អាច​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​ឲ្យ​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​។ ថវិកា បានមកពី​ក្រុមហ៊ុន​ទាំងនោះ អាច​ផ្តល់​ជា​រង្វាន់​លើកទឹកចិត្ត​ឲ្យ​បាន​ច្រើន ដល់​បេក្ខជន​មកពី​បណ្តា​ខេត្ត​ដែល​ចូលរួម​ប្រឡង​។ ព្រោះ​កន្លងមក​បេក្ខជន​មកពី​ខេត្ត​ខ្លះ បាន​ត្អូញត្អែរ​ពី​ប្រាក់ឧបត្ថម្ភ​តិច ដែល​មិន​គ្រប់គ្រាន់​នឹង​ការចំណាយ​របស់ខ្លួន​នៅ​ភ្នំពេញ​ឡើយ​៕

Tag:
 ខ្លែង
© រក្សាសិទ្ធិដោយ thmeythmey.com