ជាតិ
​​​ន​យោ​បាយ​ជាតិ​
«​ការគាំទ្រ​បក្ស​ផ្កាប់​មុខ​» ជា​ទិសដៅ​ដែល​លោក មាស នី ចង់​កែប្រែ​ក្នុង​ឆ្នាំ​ថ្មី
31, Dec 2016 , 10:19 pm        
រូបភាព
លោក-មាស-នី-នៅខាងស្តាំរូបសំណាក-លោក-កែម-ឡី
លោក-មាស-នី-នៅខាងស្តាំរូបសំណាក-លោក-កែម-ឡី
ដោយ:
​ក្នុងចំណោម​បញ្ហា​នានា​នៅ​កម្ពុជា អ្នកវិភាគ​នយោបាយ និង​សង្គម លោក​បណ្ឌិត មាស នី បាន​មើលឃើញ​បញ្ហា​អ្នកគាំទ្រ​បក្សនយោបាយ​ផ្កាប់មុខ ដែល​បាន និង​កំពុង​កើត​មាននៅ​កម្ពុជា ជា​អាទិភាព ដែល​លោក​ចង់​កែប្រែ​សកម្មភាព​នេះ​នៅ​ឆ្នាំ ២០១៧ ។  អំឡុង​ឆ្នាំ ២០១៦ កន្លងទៅ លោក មាស នី ពេញចិត្ត​នឹង​សកម្មភាព​របស់លោក​ដែល​បាន​ជួយផ្តល់​គំនិត​បន្តិចបន្តួច​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​និយាយ​ពី​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល និង​អ្នកនយោបាយ​។



«​នៅ​កម្ពុជា​បច្ចុប្បន្ន យើង​នៅមាន​បញ្ហា​ធំ​មួយ គឺ​ការគាំទ្រ​គណបក្សនយោបាយ​ផ្កាប់មុខ​»​។ នេះ​ជា​បញ្ហា​ដែល​លោក មាស នី អ្នកវិភាគ​នយោបាយ  និង​សង្គម លើកឡើង​នៅក្នុង​ផែនការ​របស់ខ្លួន ដើម្បី​កែប្រែ​នៅ​ឆ្នាំ​ថ្មី  ២០១៧ ។  លោក​ថា ពលរដ្ឋ​កម្ពុជា​ភាគច្រើន ប្រសិនបើ​គាំទ្រ​គណបក្សនយោបាយ​ណាមួយ​ហើយ មិន​ហ៊ាន​និយាយ​ពី​ចំណុច​អាក្រក់​របស់​គណបក្ស ឬ​មេដឹកនាំ​នោះទេ ពោលគឺ​គាំទ្រ​ទាំង​ខុស​។

​បណ្ឌិត​ផ្នែក​សង្គមសាស្ត្រ​មកពី​ប្រទេស​អូស្ត្រាលី រូបនេះ  បរិយាយ​យ៉ាងនេះ​ថា​៖« ពលរដ្ឋ​យើង​ភាគច្រើន តែ​គាំទ្រ​បក្ស​ណាមួយ គឺ​គាំទ្រ​ផ្កាប់មុខ​តែម្តង​។ ពេលខ្លះទៀត  មេបក្សនយោបាយ មិន​ឲ្យ​អ្នកគាំទ្រ ឬ​សមាជិក​ខ្លួន​រិះគន់​ទៀត​។ ខ្ញុំ​យល់ថា ទាំងនេះ​ជា​បញ្ហា ដែល​យើង​ត្រូវ​កែប្រែ​ផ្ត​ត់​គំនិត​បែបនេះ​»​។ លោក មាស នី ចង់ឃើញ​ប្រជាពលរដ្ឋ​ចេះ​រិះគន់​នូវ​ចំណុច​ខ្វះខាត​របស់​គណបក្ស ឬ​មេបក្ស​ដែល​ពួកខ្លួន​គាំទ្រ ហើយ​មេដឹកនាំ​រដ្ឋាភិបាល ឬ​បក្សនយោបាយ បើក​ចិត្ត​ទទួលយក​ការរិះគន់​ក្នុងន័យ​ស្ថាបនា​។ « ខ្ញុំ​ចង់​កែប្រែ​ពលរដ្ឋ​ឲ្យ​ឈប់​គាំទ្រ​បក្សនយោបាយ​ផ្កាប់មុខ តាមរយៈ​ការវិភាគ​របស់ខ្ញុំ​តាម​ដែល​អាចធ្វើ​ទៅបាន នៅក្នុង​ឆ្នាំ​ថ្មី​នេះ​»​។ អ្នកវិភាគ​មកពី​ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​រូបនេះ និយាយ​ដូច្នេះហើយ ក៏​បន្ត​និយាយ​ពី​ប្រវត្តិ​នៃ​ការវិភាគ​របស់ខ្លួន និង​លទ្ធផល​ដែល​លោក​បានធ្វើ កាលពី​ឆ្នាំ ២០១៦ កន្លងទៅ​។​

​លោក មាស នី ដែល​ធ្លាប់​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម​ជាមួយ​លោក កែម ឡី ផង​នោះ បានចាប់ផ្តើម​ជីវិត​ជា​អ្នកវិភាគ​បញ្ហានយោបាយ និង​សង្គម​នៅ​ឆ្នាំ ២០១៤ ពោលគឺ​បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី ៥ ។ លោក បញ្ជាក់​បែបនេះ​ថា​៖« រយៈពេល ២០ ឆ្នាំ ដែល​ខ្ញុំ​ធ្វើ​ការងារ​ជាមួយ NGOs និង​ស្រាវជ្រាវ​សង្គម ហើយ​នៅ​ឆ្នាំ ២០១៣ នៅពេលដែល​ខ្ញុំ​ឈប់​ពី​ការងារ​នេះ  ខ្ញុំ បា​នស​ម្រេ​ចិត្ត​ថា នឹង​ទៅធ្វើជា​អ្នកស្រែ​ចម្ការ​ធម្មតា​ប៉ុណ្ណោះ​។ តែដោយសារ​ក្រោយ​បោះឆ្នោត ខ្ញុំ​ឃើញ​បញ្ហានយោបាយ​ស្មុ​គ្រ​ស្មាញ​ពេក ខ្ញុំ​ក៏​ចាប់ផ្តើម​វិភាគ​ដោយមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន បាន​សួរ​ខ្ញុំ​»​។

​ឈ្មោះ អ្នកវិភាគ មាស នី ត្រូវបាន​គេ​ស្គាល់​កាន់តែច្រើន នៅ​ឆ្នាំ ២០១៥ និង​នៅ​ឆ្នាំ ២០១៦ ។ លោក មាស នី ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការវិភាគ​របស់លោក​កន្លងមក គឺ​បានមកពី​ការស្រាវជ្រាវ ការ​ស្តាប់ ការអង្កេត និង​ការរស់នៅ​ជាមួយ​ពលរដ្ឋ​ដោយផ្ទាល់​។ « ខ្ញុំ​បាន​ស្តាប់​ពី​កង្វល់​របស់​ពលរដ្ឋ ហើយ​ខ្ញុំ​និយាយ​នៅតាម​ប្រពន្ធ​ផ្សព្វផ្សាយ​ឲ្យ​អ្នកនយោបាយ និង​រដ្ឋាភិបាល​បានដឹង​។ ខ្ញុំ​មិន​ខ្វល់​ថា គាត់​ធ្វើតាម​ខ្ញុំ ឬ​អត់​ទេ តែ​ខ្ញុំ​ចង់បាន​ធ្វើការ​ងារ​រប​ស់​ខ្ញុំ​សម្រាប់​ពលរដ្ឋ​ខ្ញុំ ប្រទេស​ខ្ញុំ ក្នុងនាម​ជា​អ្នកវិភាគ​»​។ បន្ទាប់ពី​មានប្រសាសន៍​ដូច្នេះហើយ លោក មាស នី ថ្លែង​ការពារ​នូវ​អ្វីដែល​ខ្លួន​បាន​វិភាគ​កន្លងមក​ដូច្នេះ​ថា​៖« ខ្ញុំ​ព្យាយាម​វិភាគ​មួយ​ឲ្យ​ស្ថិតនៅ​ចំណុចកណ្តាល មិន​លម្អៀង​ទៅរក​បក្ស​ណាមួយ​ទេ​។ ខ្ញុំ​គ្មាន​ឈ្មោះ​ជា​សមាជិក​បក្សនយោបាយ​។ ខ្ញុំ​វិភាគ មិនមាន​ចេតនា​ញុះញង់​នោះឡើយ គឺ​ចង់ឃើញ​ពលរដ្ឋ និង​សង្គម​យើង​រីកចម្រើន​»៕


Tag:
 មាស នី​
  ​អ្នកវិភាគ
© រក្សាសិទ្ធិដោយ thmeythmey.com