ជាតិ
នយោបាយជាតិ
«ការគាំទ្របក្សផ្កាប់មុខ» ជាទិសដៅដែលលោក មាស នី ចង់កែប្រែក្នុងឆ្នាំថ្មី លោក-មាស-នី-នៅខាងស្តាំរូបសំណាក-លោក-កែម-ឡី
× ក្នុងចំណោមបញ្ហានានានៅកម្ពុជា អ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត មាស នី បានមើលឃើញបញ្ហាអ្នកគាំទ្របក្សនយោបាយផ្កាប់មុខ ដែលបាន និងកំពុងកើតមាននៅកម្ពុជា ជាអាទិភាព ដែលលោកចង់កែប្រែសកម្មភាពនេះនៅឆ្នាំ ២០១៧ ។ អំឡុងឆ្នាំ ២០១៦ កន្លងទៅ លោក មាស នី ពេញចិត្តនឹងសកម្មភាពរបស់លោកដែលបានជួយផ្តល់គំនិតបន្តិចបន្តួចតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដើម្បីនិយាយពីចំណុចខ្វះខាតរបស់រដ្ឋាភិបាល និងអ្នកនយោបាយ។
«នៅកម្ពុជាបច្ចុប្បន្ន យើងនៅមានបញ្ហាធំមួយ គឺការគាំទ្រគណបក្សនយោបាយផ្កាប់មុខ»។ នេះជាបញ្ហាដែលលោក មាស នី អ្នកវិភាគនយោបាយ និងសង្គម លើកឡើងនៅក្នុងផែនការរបស់ខ្លួន ដើម្បីកែប្រែនៅឆ្នាំថ្មី ២០១៧ ។ លោកថា ពលរដ្ឋកម្ពុជាភាគច្រើន ប្រសិនបើគាំទ្រគណបក្សនយោបាយណាមួយហើយ មិនហ៊ាននិយាយពីចំណុចអាក្រក់របស់គណបក្ស ឬមេដឹកនាំនោះទេ ពោលគឺគាំទ្រទាំងខុស។
បណ្ឌិតផ្នែកសង្គមសាស្ត្រមកពីប្រទេសអូស្ត្រាលី រូបនេះ បរិយាយយ៉ាងនេះថា៖« ពលរដ្ឋយើងភាគច្រើន តែគាំទ្របក្សណាមួយ គឺគាំទ្រផ្កាប់មុខតែម្តង។ ពេលខ្លះទៀត មេបក្សនយោបាយ មិនឲ្យអ្នកគាំទ្រ ឬសមាជិកខ្លួនរិះគន់ទៀត។ ខ្ញុំយល់ថា ទាំងនេះជាបញ្ហា ដែលយើងត្រូវកែប្រែផ្តត់គំនិតបែបនេះ»។ លោក មាស នី ចង់ឃើញប្រជាពលរដ្ឋចេះរិះគន់នូវចំណុចខ្វះខាតរបស់គណបក្ស ឬមេបក្សដែលពួកខ្លួនគាំទ្រ ហើយមេដឹកនាំរដ្ឋាភិបាល ឬបក្សនយោបាយ បើកចិត្តទទួលយកការរិះគន់ក្នុងន័យស្ថាបនា។ « ខ្ញុំចង់កែប្រែពលរដ្ឋឲ្យឈប់គាំទ្របក្សនយោបាយផ្កាប់មុខ តាមរយៈការវិភាគរបស់ខ្ញុំតាមដែលអាចធ្វើទៅបាន នៅក្នុងឆ្នាំថ្មីនេះ»។ អ្នកវិភាគមកពីស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងរូបនេះ និយាយដូច្នេះហើយ ក៏បន្តនិយាយពីប្រវត្តិនៃការវិភាគរបស់ខ្លួន និងលទ្ធផលដែលលោកបានធ្វើ កាលពីឆ្នាំ ២០១៦ កន្លងទៅ។
លោក មាស នី ដែលធ្លាប់ស្រាវជ្រាវពីបញ្ហាសង្គមជាមួយលោក កែម ឡី ផងនោះ បានចាប់ផ្តើមជីវិតជាអ្នកវិភាគបញ្ហានយោបាយ និងសង្គមនៅឆ្នាំ ២០១៤ ពោលគឺបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៥ ។ លោក បញ្ជាក់បែបនេះថា៖« រយៈពេល ២០ ឆ្នាំ ដែលខ្ញុំធ្វើការងារជាមួយ NGOs និងស្រាវជ្រាវសង្គម ហើយនៅឆ្នាំ ២០១៣ នៅពេលដែលខ្ញុំឈប់ពីការងារនេះ ខ្ញុំ បានសម្រេចិត្តថា នឹងទៅធ្វើជាអ្នកស្រែចម្ការធម្មតាប៉ុណ្ណោះ។ តែដោយសារក្រោយបោះឆ្នោត ខ្ញុំឃើញបញ្ហានយោបាយស្មុគ្រស្មាញពេក ខ្ញុំក៏ចាប់ផ្តើមវិភាគដោយមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានសួរខ្ញុំ»។
ឈ្មោះ អ្នកវិភាគ មាស នី ត្រូវបានគេស្គាល់កាន់តែច្រើន នៅឆ្នាំ ២០១៥ និងនៅឆ្នាំ ២០១៦ ។ លោក មាស នី ប្រាប់សារព័ត៌មានថ្មីៗថា ការវិភាគរបស់លោកកន្លងមក គឺបានមកពីការស្រាវជ្រាវ ការស្តាប់ ការអង្កេត និងការរស់នៅជាមួយពលរដ្ឋដោយផ្ទាល់។ « ខ្ញុំបានស្តាប់ពីកង្វល់របស់ពលរដ្ឋ ហើយខ្ញុំនិយាយនៅតាមប្រពន្ធផ្សព្វផ្សាយឲ្យអ្នកនយោបាយ និងរដ្ឋាភិបាលបានដឹង។ ខ្ញុំមិនខ្វល់ថា គាត់ធ្វើតាមខ្ញុំ ឬអត់ទេ តែខ្ញុំចង់បានធ្វើការងាររបស់ខ្ញុំសម្រាប់ពលរដ្ឋខ្ញុំ ប្រទេសខ្ញុំ ក្នុងនាមជាអ្នកវិភាគ»។ បន្ទាប់ពីមានប្រសាសន៍ដូច្នេះហើយ លោក មាស នី ថ្លែងការពារនូវអ្វីដែលខ្លួនបានវិភាគកន្លងមកដូច្នេះថា៖« ខ្ញុំព្យាយាមវិភាគមួយឲ្យស្ថិតនៅចំណុចកណ្តាល មិនលម្អៀងទៅរកបក្សណាមួយទេ។ ខ្ញុំគ្មានឈ្មោះជាសមាជិកបក្សនយោបាយ។ ខ្ញុំវិភាគ មិនមានចេតនាញុះញង់នោះឡើយ គឺចង់ឃើញពលរដ្ឋ និងសង្គមយើងរីកចម្រើន»៕
© រក្សាសិទ្ធិដោយ thmeythmey.com