ជាតិ
អាមេរិក បាន​ចំណាយ​ជាង​១០០​លាន​ដុល្លារ ដោះមីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា​
06, Jan 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​បាន​ចំណាយ​ប្រា​ក់ជាង ១១៤ លាន​ដុល្លារ​សម្រាប់​គម្រោង​មនុស្សធម៌​នៅ​កម្ពុជា ដើម្បី​ដោះមីន និង​យុទ្ធភណ្ឌ​ផ្ទុះ​ដទៃទៀត ដែល​សល់​ពី​ជម្លោះផ្ទៃក្នុង និង​ជម្លោះ​ក្នុង​តំបន់​។

 
​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា William Heidt បាន​ទៅ​មើល​ប្រតិបត្តិការ​តាម​មូលដ្ឋាន​របស់​អង្គការ Norwegian People’s Aid (NPA) ក្នុងការ​លុបបំបាត់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ និង​គ្រាប់មីន ក្នុង​ខេត្តរតនគិរី នៅ​ថ្ងៃ​ព្រហស្បតិ៍​។ NPA ដែលជា​អង្គការ​ដៃគូ​មួយ​របស់​សហរដ្ឋអាមេរិក ដោះស្រាយ​បញ្ហា​មីន​នៅ​កម្ពុជា​។ 
 
​លោក​ឯកអគ្គរដ្ឋទូត បាន​មានប្រសាសន៍ថា​៖«​សហរដ្ឋអាមេរិក បាន​ធ្វើជា​ដៃគូ​យូរ​មកហើយ ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា សហគមន៍ អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។​» លោក Heidt បន្តថា​៖«​អ្វីដែល​ខ្ញុំ​ឃើញ​នៅថ្ងៃនេះ ក្នុង​ខេត្ត​រតនគីរី បង្ហាញ​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​អ្នកជំនាញ​ជាច្រើន ដែល​ហ៊ាន​ប្រថុយ​ជីវិត​របស់គេ ដើម្បី​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​សុវត្ថិភាព ក្នុងការ​រស់នៅ​។​»
 
​អង្គការ NPA ស្ថិតក្នុង​ចំណោម​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន ដែល​សហរដ្ឋអាមេរិក​យក​ធ្វើជា​ដៃគូ ដើម្បី​លុបបំបាត់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​។ ដៃគូ​ដទៃទៀត​ដែល​សិក្សា អង្កេត​ទ្រង់ទ្រាយ​ធំ និង​ប្រតិបត្តិ​ការដោះមីន រួមមាន​អង្គការ HALO Trust, Mines Advisory Group (MAG), Cambodia Mine Action Center (CMAC) និង​អង្គការ Cambodian Self Help Demining ។ ដោយ​មានការ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក មូលនិធិ Golden West Humanitarian Foundation បាន​បង្កើត​ក្រុម​ដោះ​យុទ្ធភណ្ឌ​ផ្ទុះ​នៅក្នុង​ទឹក លើកដំបូង​នៅ​កម្ពុជា ហើយ​គម្រោង​ស្មារតី​នៃ​កីឡាបាល់ទាត់ ក៏បានផ្តល់​ការអប់រំ​ដល់​កុមារ​ស្តីពី​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​គ្រាប់មីន និង​យុទ្ធភណ្ឌ​ផ្ទុះ​ដទៃទៀត ដែល​សល់​ពី​សង្គ្រាម​៕
 

Tag:
 មីន​
  William Heidt
© រក្សាសិទ្ធិដោយ thmeythmey.com