ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច​និង​បក្សប្រឆាំង​អាច​ជួបគ្នា​ក្នុង​សប្តាហ៍​ក្រោយ​
06, Jan 2017 , 11:36 am        
រូបភាព
​កិច្ចប្រជុំ​រវាង​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង អាច​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ណាមួយ​ក្រោយ​ថ្ងៃទី​១១ នៃ​ខែមករា​។ ជំនួប​នេះ ទំនង​ពិភាក្សា​ពី​ការដោះលែង​មន្ត្រី​គ​.​ជ​.​ប មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​។​



​សម្តេច ស ខេង ប្រធាន​ក្រុម​មតិ​ភាគច្រើន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រដ្ឋសភា បាន​ឆ្លើយតប​ទៅកាន់​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​ក្នុង​រដ្ឋសភា​ថា ជំនួប​ពិភាក្សា​រវាង​បក្ស​ទាំង​២ អាចធ្វើ​ឡើង​ក្រោយ​ថ្ងៃទី​១១ ខែមករា​។ ការឆ្លើយតប​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ស្នើ​ពីឯកឧ​ត្ត​ម កឹម សុខា ដែល​ស្នើ​ឲ្យ​កំណត់ពេល​ជួបប្រជុំ​ជាមួយគ្នា នៅ​ថ្ងៃ​ណាមួយ ក្នុង​ខែមករា​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​សន្តិវិធី​។

​នៅក្នុង​លិខិត​របស់​រដ្ឋសភា ចុះ​ថ្ងៃទី​៥ ខែមករា សម្តេច​ ស ខេង បានបញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​ក៏​សុំ​ការយោគយល់​ពី​ឯកឧត្តម ចំពោះ​ការខកខាន​មិន​ជួបប្រជុំ​ជាមួយគ្នា ក្នុង​រយៈពេល​កន្លងមក ដោយ​កម្មវិធី​ការងារ​របស់ខ្ញុំ​មមាញឹក​ខ្លាំង តែ​ខ្ញុំ​សង្ឃឹមថា​ជំនួប​ពិភាក្សា​រវាង​បក្ស​ទាំង​២ អាចធ្វើ​ឡើង​ក្រោយ​ថ្ងៃទី​១១ ខែមករា​»​។

​លិខិត​នេះ​ជាការ​ឆ្លើយតប​ទៅនឹង​សំណើ​របស់​ឯកឧត្តម កឹម សុខា ដែល​បាន​សរសេរ​នៅក្នុង​ថ្ងៃ​ដដែល​នោះ​ថា​៖ «​ថ្នាក់ដឹកនាំ​តំណាង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មានការ​ជួបប្រជុំ​រវាង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ ដើម្បី​ពិភាក្សា​ការងារ​មួយចំនួន​ក្នុងពេល​ណាមួយ​ក្នុង​ខែមករា នៃ​ឆ្នាំ​ថ្មី​នេះ​»​។​

​យ៉ាងណាក៏ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បញ្ជាក់ថា ជំនួប​ពិភាក្សា​នេះ​នឹង​ផ្តោតលើ​បញ្ហា​អ្វីខ្លះ​នោះទេ​។ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​៦ ខែមករា​ថា មាន​កិច្ចការ​ជាច្រើន​ដែល​យើង​នឹង​ជជែក ប៉ុន្តែ​រង់ចាំ​មើល​មានការ​កំណត់ពេល​ជួបប្រជុំ​ជាក់លាក់​សិន​។ លោក អេង ឆៃអ៊ាង បញ្ជាក់​ដូច្នេះ​៖«​មិនទាន់​កំណត់​ទេ​! យើង​ចាំមើល​មានកំណត់​ពេលវេលា​ជាក់លាក់​សិន​។ យើង​នឹង​ប្រជុំគ្នា​កំណត់​ពី​របៀបវារៈ​ជជែក​គ្នា​»​។​

​បើទោះជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​បញ្ជាក់​ពី​របៀបវារៈ​នៃ​កិច្ចប្រជុំ​ក៏ដោយ ប៉ុន្តែ​ជំនួប​ទំនងជា​ផ្តោតលើ​ការដោះលែង មន្ត្រី​គ​.​ជ​.​ប មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ពន្ធនាគារ​។ បញ្ហា​នេះ ក៏​ធ្លាប់​បានលើកឡើង​ក្នុងជំនួប​រវាង​សម្តេច ស ខេង និង ឯកឧត្តម កឹម សុខា ម្តង​ហើយ​កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦ នៅពេលដែល​ប្រធានស្តីទី​បក្ស​សង្គ្រោះ​ជាតិ​រូបនេះ ចូលប្រជុំ​ក្នុង​រដ្ឋសភា​លើកដំបូង ក្រោយ​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​៕


Tag:
 ស ខេង​
 ​ កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com