បទវិភាគ
ចិញ្ចើមផ្លូវ «​តូចចិត្ត​»
03, Mar 2017 , 11:07 am         8792
រូបភាព
ដោយ: ចំណារ
 
​ភ្នំពេញ​៖ ចិញ្ចើមផ្លូវ មាន​តួនាទី​សម្រាប់​បម្រើ​អ្នក​ថ្មើរជើង​។ តែ​នៅ​កម្ពុជា ចិញ្ចើមផ្លូវ ត្រូវបាន​គេ​ប្រើប្រាស់​ឲ្យ​បម្រើ​អ្នកជិះ​ម៉ូតូ និង​បម្រើ​អ្នកជំនួញ​ទៅវិញ​។ ត្រង់​នេះហើយ​ដែល ចិញ្ចើមផ្លូវ នៅ​កម្ពុជា​មិន​សប្បាយចិត្ត​នោះ​។
 
​ជាធម្មតា អ្នកធ្វើដំណើរ​ត្រូវតែ​ធ្វើដំណើរ​នៅលើ​ទ្រូងផ្លូវ​ពិតប្រាកដ​។ នៅលើ ចិញ្ចើមផ្លូវ វា​គឺជា​ទីកន្លែង​សម្រាប់​អ្នក​ថ្មើរជើង​។ ប៉ុន្តែ​ចាប់តាំងពី​សំណុំរឿង​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​កាន់តែ​ស្មុគស្មាញ ហើយ​ទំនងជា​មិនអាច​ត្រូវបាន​ដោះស្រាយ​ឆាប់ៗ​នោះ គេ​សង្កេតឃើញ​អ្នកជិះ​ម៉ូតូ ជាពិសេស បាន​ខ្ចី ចិញ្ចើមផ្លូវ ដើម្បី​អាច​រុលទៅមុខ​បាន នៅពេល​ស្ថានភាព​កកស្ទះ​ចរាចរណ៍​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​។ 
 
​បើទោះបីជា​ដឹងថា ការ​ជិះ​លើ ចិញ្ចើមផ្លូវ ជា​កំហុស​ក៏ដោយ តែ​អ្នកជិះ​ម៉ូតូ​នាំគ្នា​រុល​បុក​ទៅមុខ ឬ​ប្រជែង​រត់ឡើង​លើ ចិញ្ចើមផ្លូវ ដើម្បី​អាចធ្វើ​ដំណើរ​ទៅមុខ​បាន​។ ពេលខ្លះ​ម្ចាស់ផ្ទះ​ដាក់​ដុំថ្ម​ឃាំង​មិន​ឲ្យ​អ្នកដំណើរ​ប្រើប្រាស់ ចិញ្ចើមផ្លូវ នៅមុខ​ផ្ទះ​គេ​ឡើយ​។ តែ​ទោះជា​យ៉ាងណា អ្នកជិះ​ម៉ូតូ​នៅតែ​រុលទៅមុខ​មិន​ខ្វល់​ពីអ្វី​ទាំងអស់ ព្រោះ​នៅលើ​ទ្រូ​វ​ផ្លូវ ចរាចរណ៍​រញ៉េរញ៉ៃ​មិនអាច ធ្វើដំណើរ​ទៅមុខ​បានឡើយ​។ 
 
​រឿង​មួយទៀត​ដែល ចិញ្ចើមផ្លូវ មិន​សប្បាយ ឬ​តូចចិត្ត​ដែរនោះ គឺថា ចិញ្ចើមផ្លូវ ដែលមាន​តួនាទី​បម្រើ​អ្នក​ថ្មើរជើង​នោះ ត្រូវបាន​ម្ចាស់ផ្ទះ​នីមួយៗ​ប្រើប្រាស់​ដើម្បី​ផលប្រយោជន៍​អាជីវកម្ម​ផ្ទាល់ខ្លួន​។ ចិញ្ចើមផ្លូវ តូចចិត្ត តែ​មិនអាច​បញ្ចេញវាចា​បានឡើយ​។ ចិញ្ចើមផ្លូវ តូច​តិច ដ្បិត​តួនាទី​របស់​វា​ដែល​ត្រូវ​បម្រើ​មហាជន​អ្នក​ថ្មើរជើង បែរជា​ត្រូវបាន​គេ​យកទៅ​ឲ្យ​បម្រើ​អ្នកជិះ​ម៉ូតូ និង​ម្ចាស់​អាជីវកម្ម​ទៅវិញ​។ 
 
​ងាក​ត្រឡប់មក​រឿង​អ្នកធ្វើដំណើរ​វិញ មិន​ត្រឹមតែ​ជិះ​លើ ចិញ្ចើមផ្លូវ ទេ អ្នកធ្វើដំណើរ​ខ្លះ​បានសម្រេច​ចិត្ត​ជិះ​បញ្ច្រាសទិស​ដែល​បង្ក​ឲ្យ​ស្ថានភាព​ចរាចរណ៍​កាន់​កកស្ទះ​ណែនណាន់តាន់តាប់​បន្ថែម​ទៀត ពោល គឺ​ចរាចរណ៍​ជាប់គាំង​តែម្តង​។ តើ​ការកកស្ទះ​នៅ​ភ្នំពេញ​បណ្តាលមកពី​កំណើន​យានយន្ត​មែន​ឬទេ​? 
 
​ចម្លើយ គឺ​វា​ពិតជា​អ៊ីចឹង​មែន​។ តែ​ការកកស្ទះ​មួយទៀត គឺ​បណ្តាលមកពី​ការមិន​គោរព​ច្បាប់​របស់​អ្នកបើកបរ​។ អ្នកបើកបរ​នៅ​កម្ពុជា តែងតែ​គិតថា​«​គាត់​ជា​អ្នក​ប្រញាប់​ជាងគេ ខុសច្បាប់​ឬ​ត្រូវ​ច្បាប់ គាត់​មិន​ខ្វល់​ទេ​។ អ្វីដែល​គាត់​ខ្វល់ គឺ​គាត់​ត្រូវ​រុល​ឲ្យ​បាន​ទៅមុខ​មុនគេ​»​។ ដើម្បី​អាច​រុលទៅមុខ​បាន​លឿន អ្នកបើកបរ​ត្រូវ​ជិះ​លើ ចិញ្ចើមផ្លូវ ដែល​នេះ​ធ្វើ​ឲ្យ ចិញ្ចើមផ្លូវ «​តូចចិត្ត​» ហើយ​ថែមទាំង​មិនអាច​បញ្ចេញវាចា​បាន​ទៀតផង​៕ 
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ