ជាតិ
កម្ពុជា បណ្តេញជនជាតិវៀតណាមខុសច្បាប់ជាង២ពាន់នាក់ ក្នុងឆ្នាំ២០១៦
× ភ្នំពេញ៖ ក្នុងឆ្នាំ២០១៦ ជនជាតិវៀតណាមចំនួន ២៥៧០ នាក់ ដែលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ត្រូវបានបណ្តេញចេញ ទៅស្រុកកំណើតវិញ។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃក្រសួងមហាផ្ទៃ។
របាយការណ៍ខាងលើ បានឲ្យដឹងថា ជនបរទេសខុសច្បាប់សរុប ៣៥០៩ នាក់ រួមមាន៦៣សញ្ជាតិ ត្រូវបានបណ្តេញចេញពីកម្ពុជា នៅក្នុងឆ្នាំ២០១៦។ ក្នុងចំណោមជនបរទេសទាំងនោះ ជនជាតិវៀតណាម មានចំនួនច្រើនជាងគេ ដែលមានរហូតដល់ ២៥៧០នាក់ (ស្រី៦៨៥នាក់)។
លោក អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្លាប់លើកឡើងថា ជនបរទេសខុសច្បាប់ទាំងនោះ ចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា តាមទម្រង់ផ្សេងៗគ្នា។ ចំពោះជនជាតិវៀតណាម លោក អ៊ុក ហៃសីលា សង្កត់ធ្ងន់ថា ជាទូទៅ ពួកគេ លួចឆ្លងដែនដោយខុសច្បាប់ ចូលមករស់នៅក្នុងប្រទេសកម្ពុជាតែម្តង។
លោក បន្តទៀតថា ជនជាតិវៀតណាមភាគច្រើន ប្រកបមុខរបរជាជាងឈើ ជាងសំណង់ ជាងដែក និងជាងកែច្នៃផ្សេងៗ ហើយខ្លះទៀតក៏មានមុខរបរខ្លួនឯងដែរ ដូចជាបើកហាងលក់កាហ្វេ លក់បាយ ជាដើម។ លើសពីនេះ ស្ត្រីជនជាតិវៀតណាមខ្លះ ក៏ធ្វើជាអ្នកម៉ាស្សា និងធ្វើការក្នុងហាងខារ៉ាអូខេផងដែរ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥ កម្ពុជា បានឃាត់ខ្លួន និងបណ្តេញជនបរទេសខុសច្បាប់ចំនួន ៦៩៧៨ នាក់ ដែលមាន៤៩សញ្ញាត។ ក្នុងនោះ ជនជាតិវៀតណាម មានចំនួន ៦២៦៥នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com