ជាតិ
សេដ្ឋកិច្ច
ការនាំចេញ​អង្ករ​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​២០១៦ កើនឡើង​តែ 0,៧​ភាគរយ​ប៉ុណ្ណោះ​
06, Jan 2017 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការនាំចេញ​អង្ករ​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​២០១៦ កើនឡើង​តិចតួច​បំផុត គឺមាន​កំណើន​ត្រឹម ០,៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) អះអាងថា ការនាំចេញ​អង្ករ​របស់​កម្ពុជា​ជួប​បញ្ហា​កង្វះ​ភាព​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​ក្រៅប្រទេស​។



​របាយការណ៍​នាំចេញ​អង្ករ​បង្ហាញថា នៅក្នុង​ឆ្នាំ​២០១៦ កម្ពុជា​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន  ៥៤,២​ម៉ឺន​តោន កើនឡើង ០,៧​ភាគរយ ធៀប​នឹង ៥៣,៨​ម៉ឺន​តោន​នៅក្នុង​ឆ្នាំ​២០១៥ ។ តួលេខ​នេះ​ធ្វើ​ឲ្យ​ផែនការ​នាំចេញ​អង្ករ​ចំនួន ១​លាន​តោន របស់​រដ្ឋាភិបាល ដែល​បរាជ័យ​កាលពី​ឆ្នាំ​២០១៥ កាន់តែ​ឆ្ងាយ បើទោះបី​រដ្ឋាភិបាល​ប្ដេជ្ញា​ថា​នឹង​សម្រេច​ឲ្យ​បាន​ក្ដី​។​

​លោក ហ៊ុន ឡាក់ អនុប្រធាន CRF ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កង្វះ​ភាព​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​អន្តរជាតិ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​នាំចេញ​អង្ករ​របស់​កម្ពុជា​។ លោក​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុជា​ទទួល​សម្ពាធ​ពី​តម្លៃ​អង្ករ​នៅ​ទីផ្សារ​អន្តរជាតិ​ដែល​ធ្លាក់ចុះ ដែល​យើង​ពិបាក​បញ្ចុះ​ថ្លៃដើម​ផលិត ទៅ​ប្រជែង​ជាមួយ​ប្រទេស​គេ ដូច្នេះ​អ្នកបញ្ជា​ទិញ​ងាក​ចេញ​មួយចំនួន​»​។ ទោះយ៉ាងណា លោក ហ៊ុន ឡាក់ បាន​សាទរ​ការដែល​កម្ពុជា​នៅ​អាច​រក្សា​ទំហំ​នាំចេញ​អង្ករ​របស់ខ្លួន​បាន ខណៈ​មានការ​ទម្លាក់​ថ្លៃ​អង្ករ​ពី​ទីផ្សារ​ខាងក្រៅ ពិសេស​ប្រទេស​ថៃ ។​

​បញ្ហា​ប្រកួតប្រជែង​ទីផ្សារ​នាំចេញ​អង្ករ​របស់​កម្ពុជា ក្នុង​ឆ្នាំកន្លងមក បាន​ប៉ះពាល់​ដល់​តម្លៃ​ស្រូវ​របស់​កសិករ​។ លោក ហ៊ុន ឡាក់ ឲ្យ​ដឹង​យ៉ាងដូច​នេះ​ថា​៖«​ដោយសារ​ឥទ្ធិពល​ខាងក្រៅ តម្លៃ​ស្រូវ​ក៏​មិនអាច​លក់បាន​ថ្លៃ​តាម​ការរំពឹង​របស់​ក​សិ​ករ​នោះទេ បើ​លក់​តម្លៃ​ខ្ពស់ គឺ​លក់​អត់​ចេញ​»​។​

​រដ្ឋាភិបាល កាលពី​ចុងខែ​កញ្ញា​ឆ្នាំ​២០១៦ បាន​បញ្ចេញ​កញ្ចប់​ថវិកា​ពិសេស ២៧​លាន​ដុល្លារ ដើម្បី​ជួយសង្គ្រោះ​ថ្លៃ​ស្រូវ​របស់​កសិករ ដែល​បាន​កំពុង​ធ្លាក់ចុះ​ខ្លាំង​។ ប៉ុន្តែ​មកទល់​សព្វថ្ងៃ មាន​រោង​ម៉ាស៊ីនកិនស្រូវ​តិចតួច​ប៉ុណ្ណោះ​មករក​កម្ចី​នៃ​កញ្ចប់​ថវិកា​នេះ​។ លោក ហ៊ុន ឡាក់ លើកឡើងថា ការទម្លាក់​ថវិកា​របស់​រដ្ឋាភិបាល គឺ​មិន​សមស្រប​នឹង​ពេលវេលា​នៃ​តម្រូវការ​របស់​រោង​ម៉ាស៊ីនកិនស្រូវ​។ លោក​អះអាង​ដូច្នេះ​ថា​៖«​ទុន​ជាទូទៅ​ខ្វះ​មែន តែ​ជួនកាល​ការទម្លាក់​ទុន​មក​ចំ​ពេលដែល​ទីផ្សារ​បញ្ជា​ទិញ និង​ថ្លៃ​អង្ករ​ប្រទេសជិតខាង​ធ្លាក់ចុះ ក៏​ទុន​មិនអាច​ជួយ​ទៅលើ​ការប្រមូល​ទិញស្រូវ​រប​ស់រោង​ម៉ាស៊ីន​ដែរ​»​។លោក​បន្តទៀតថា​៖« ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ​គឺ រដ្ឋ​ត្រូវ​ទម្លាក់​ទុន​ហើយ ដើម្បី​ជួយ​ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ​មាន​ទុន​ប្រមូលស្រូវ​ពី​កសិករ​ចូល​ឃ្លាំង ដើម្បី​កុំ​ឲ្យ​តម្លៃ​ស្រូវ​ធ្លាក់ចុះ​ខ្លាំងពេក​»​។​

​បើតាម​អនុប្រធាន CRF រូបនេះ ទីផ្សារ​នាំចេញ​អង្ករ​នៅក្នុង​ឆ្នាំ​២០១៧ នឹងមាន​ភាពប្រសើរឡើង ខណៈ​កម្ពុជា​ទទួល​កូតា​ថ្មី​ពី​ប្រ​ទេ​សិន​ចំនួន ២០​ម៉ឺន​តោន និង​កំពុង​ចរចា​ទីផ្សារ​ថ្មីៗ ដូចជា ប្រទេស​ភី​លី​ពី​ន ឥណ្ឌូនេស៊ី និង​ប្រទេស​វៀតណាម​។​

​លោក ហ៊ុន ឡាក់ បានស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ស្រូវ​អង្ករ​ស្វែងរក​ផែនការ​រយៈពេល​វែង ដើម្បី​ជម្នះ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​មួយ​នេះ​៕


Tag:
 អង្ករ​
  ហ៊ុន ឡាក់​
© រក្សាសិទ្ធិដោយ thmeythmey.com