ជាតិ
នយោបាយជាតិ
រយៈពេលជិត២ឆ្នាំ គម្រោងនៃការបង្កើតទូរទស្សន៍ព្រះអាទិត្យ នៅតែជាប់គាំង
× បើគិតមកដល់ពេលនេះ គណបក្សសង្គ្រោះជាតិ ចំណាយពេលជិត២ឆ្នាំហើយ ក្នុងការស្វែងរកទីតាំង ដើម្បីដំឡើងស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យ។ សព្វថ្ងៃនេះ បក្សប្រឆាំង រកឃើញទីតាំងហើយ តែមិនទាន់ទទួលបានកម្មសិទ្ធិដីធ្លីជាផ្លូវការ នោះទេ។
ក្រោយពីចុះកិច្ចព្រមព្រៀងនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ មក គណបក្សសង្គ្រោះជាតិ បានប្រកាសថា នឹងបង្កើតទូរទស្សន៍ព្រះអាទិត្យ ដើម្បីផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងបង្ហាញពីតថភាពក្នុងសង្គម ដល់ប្រជាពលរដ្ឋ។ គណបក្សសង្គ្រោះជាតិ ធ្លាប់សន្យាថា នឹងបង្កើតទូរទស្សន៍ ឲ្យបានរួចរាល់ នៅចុងឆ្នាំ២០១៦។ ប៉ុន្តែរហូតមកដល់ពេលនេះ គម្រោងនៃការបង្កើតទូរទស្សន៍ មិនទាន់លេចចេញជារូបរាងនោះទេ។
មែនទែនទៅ សូម្បីតែទីតាំងដើម្បីដំឡើងស្ថានីយ៍ទូរទស្សន៍ ក៏បក្សប្រឆាំងដ៏ធំមួយនេះ មិនទាន់ទិញបានផង។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងកន្លងមក ការរាំងស្ទះក្នុងការបង្កើតទូរទស្សន៍ គឺបណ្តាលមកពីឧបសគ្គផ្សេងៗ ជាពិសេសអាជ្ញាធរតែម្តង។
លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្ន គណបក្សលោក ខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីបង្កើតទូរទស្សន៍ព្រះអាទិត្យ ឲ្យបានឆាប់រហ័ស។ លោក សង្កត់ធ្ងន់ថា ទីតាំងសម្រាប់ការដំឡើងស្ថានីយ៍ទូរទស្សន៍ គឺជាបញ្ហាដ៏សំខាន់ ដែលគណបក្ស កំពុងតែគិតគូរ។
កាលពីពេលថ្មីៗនេះ គណបក្សប្រឆាំង បានរកទីតាំងសម្រាប់ការដំឡើងស្ថានីយ៍ទូរទស្សន៍ រួចហើយ។ នេះជាការបន្ថែមរបស់លោក យឹម សុវណ្ណ ដដែល ហើយបន្ទាប់មក លោក ក៏បន្តថា ការផ្ទេរកម្មសិទ្ធិដីធ្លី អាចនឹងចំណាយពេលដល់ ២ឬ៣ខែ ឯណោះ។
អ្នកនាំពាក្យបក្សប្រឆាំងរូបនេះ បានបញ្ជាក់ដូច្នេះថា៖«រឿងទីតាំង មិនមានបញ្ហានោះទេ។ តែយើងមានបញ្ហាខ្លះៗ ជាមួយអាជ្ញាធរ ទាក់ទងនឹងការផ្ទេរកម្មសិទ្ធិដី សម្រាប់ការបង្កើតទូរទស្សន៍។ យើងប្រឹងប្រែងខ្លាំងណាស់។ តែខ្ញុំសូមមិននិយាយអ្វីលើសពីហ្នឹងទេ នៅពេលនេះ។ នៅពេលណាដែលរួចរាល់ យើងនឹងធ្វើសន្និសីទកាសែតតែម្តង»។
យ៉ាងណា អ្នកនាំពាក្យបក្សប្រឆាំងដដែល បដិសេធមិនប្រាប់ថា ទីតាំងនោះ មានតម្លៃប៉ុន្មាន ឬស្ថិតនៅកន្លែងណាឡើយ។ ម្យ៉ាងទៀត លោក យឹម សុវណ្ណ ក៏មិនទាន់ហ៊ានសន្យាសាជាថ្មីដែរថា គណបក្សសង្គ្រោះជាតិ នឹងបង្កើតទូរទស្សន៍ ឲ្យបាន នៅពេលណានោះ។
តាមពិតទៅ កាលពីប៉ុន្មានខែមុន គណបក្សសង្គ្រោះជាតិ បានស្វែងទីតាំងសម្រាប់ការដំឡើងស្ថានីយ៍ទូរទស្សន៍ ឃើញហើយ ដែលស្ថិតនៅក្នុងក្រុងតាខ្មៅ។ ប៉ុន្តែ អាជ្ញាធរ មិនអនុញ្ញាតិ ឲ្យគណបក្សសង្គ្រោះជាតិ ដំឡើងស្ថានីយទូរទស្សន៍ឡើយ ដោយលើកហេតុផលថា ប្រជាពលរដ្ឋមួយចំនួន មិនពេញចិត្ត ហើយតវ៉ាចំពោះការបង្កើតស្ថានីយ៍ទូរទស្សន៍ក្នុងតំបន់នោះ។ ក្រោយមក គណបក្សសង្គ្រោះជាតិ ក៏បន្តស្វែងរកទីតាំងថ្មី។
គណបក្សសង្គ្រោះជាតិ អះអាងថា ការបង្កើតទូរទស្សន៍នេះ ត្រូវចំណាយទឹកប្រាក់ប្រមាណជា៣លានដុល្លារឯណោះ។ គណបក្សសង្គ្រោះជាតិ បានប្រកាសកន្លងមកថា ខ្លួនបានទទួលទឹកប្រាក់ប្រមាណជា ៧ម៉ឺនដុល្លារហើយ ពីការបរិច្ចាគរបស់សាធារណជន៕
Tag:
CNRP
យឹម សុវណ្ណ
ទូរទស្សន៍
© រក្សាសិទ្ធិដោយ thmeythmey.com