ជាតិ
សង្គមជាតិ
សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​គ្រោង​ជួសជុល​រួចរាល់​នៅ​ចុងខែ​មីនា​
06, Jan 2017 , 7:26 pm        
រូបភាព

សៀមរាប​៖ សារមន្ទីរ​ព្រះសីហនុ​-​អង្គរ កំពុងដំណើរការ​ជួស​ជុល​ដោយ​ក្រុមហ៊ុន​សា​តូ ក្រោម​ការ​ត្រូតពិនិត្យ​ដោយផ្ទាល់​ពី​សំណាក់​អាជ្ញាធរ​ជាតិ​អប្សរា​។ ក្រោយពី​បើក​ការដ្ឋាន​ជួសជុល​តាំងពីដើម​ខែវិច្ឆិកា ឆ្នាំ​២០១៦ ការជួសជុល​គ្រោង​នឹង​រួចរាល់​នៅ​ចុងខែ​មីនា​ខាងមុខនេះ​។​



​សារមន្ទីរ​ព្រះសីហនុ​-​អង្គរ កសាងឡើង​នៅ​ឆ្នាំ​២០០៨​។ សារមន្ទីរ​នេះ​ត្រូវបាន​កសាងឡើង​ក្រោម​ជំនួយ​ឧបត្ថម្ភ​ដោយ​មូលនិធិ​១% របស់​ក្រុមហ៊ុន អ៊ី​អុង (AEON) ប្រទេស​ជប៉ុន​។ ដោយសារ​អាយុកាល ធ្វើ​ឲ្យ​សារមន្ទីរ​នេះ​រង​ការខូចខាត​ជាច្រើន​កន្លែង ក្នុងនោះ​រួមមាន​ស្នាម​ប្រេះ​នៅតាម​ដំបូល និង​ជញ្ជាំង ក៏ដូចជា​លិច​ដំបូល​។​ល​។​

​ដោយ​មើលឃើញ​ពី​ស្ថានភាព​នេះហើយ ទើប​ក្រុមហ៊ុន​អ៊ី​អុង បានផ្តល់​ហិរញ្ញវត្ថុ​ជាថ្មី​ដើម្បី​ជួសជុល និង​កែលម្អ​ឡើងវិញ​។ គម្រោង​ជួសជុល​នេះ ជា​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​៤ ដែល​រួមមាន ក្រុមហ៊ុន​អ៊ី​អុង អាជ្ញាធរ​ជាតិ​អប្សរា ក្រុមហ៊ុន​ឧស្សាហកម្ម​សា​តូ (​កម្ពុជា​) និង​មជ្ឈមណ្ឌល​អាស៊ី​សិក្សា​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​នៃ​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា​។​

​ក្រោយ​ដំណើរ​ការចាប់​តាំងពីដើម​ខែវិច្ឆិកា ឆ្នាំ​២០១៦​មក  ការដ្ឋាន​ជួសជុល​សារមន្ទីរ សម្រេចបាន​ប្រមាណ​៦០%​ហើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក  យិ​ត ចាន់​ដារ​ដ្ឋ​។ លោក យិ​ត ចាន់​ដារ​ដ្ឋ ប្រធាន​នាយកដ្ឋាន​ស្តីទី នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បានដឹង​ទៀតថា  តាម​គម្រោង​ក្រុមហ៊ុន​សា​តូ គ្រោង​នឹង​បញ្ចប់​ការជួសជុល​នៅ​ចុងខែ​មីនា​ខាងមុខនេះ​។​

​តាម​ការពន្យល់​របស់​លោក ចាន់​ដារ​ដ្ឋ ការងារ​ចំបង​សម្រាប់​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ គឺ​នៅ​ផ្នែក​ដំបូល​។ ដំបូល​សារមន្ទីរ​រង​ការខូចខាត​ស្ទើរ​គ្រប់កន្លែង ហើយ​ដំណោះស្រាយ គឺ​ត្រូវ​រុះរើ​ដំបូល​ចាស់​ដែល​ក្រាល​បា​ស្ទិ​ក ជំនួស​ដោយ​ការ​ក្រាល​សន្លឹក​ស័ង្កសី មុននឹង​ប្រក​ក្បឿង​ពីលើ​។ បច្ចេកទេស​នេះ តាម​ការបញ្ជាក់​របស់​អ្នកជំនាញ គឺ​ធានាបាន​យូរអង្វែង​។ លោក ចាន់​ដារ​ដ្ឋ​បញ្ជាក់ថា ការ​ពុកផុយ​នៃ​ដំបូល​នេះ បានធ្វើ​ឲ្យ​អាគារ​នៃ​សារមន្ទីរ​ទាំងមូល មាន​ស្នាម​ប្រេះ​ស្ទើរ​គ្រប់កន្លែង ដោយសារ​ការ​ជ្រាប​ទឹក​។​

​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ មាន​ទីតាំង​នៅជាប់​សាលាខេត្ត​សៀមរាប​។​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ត្រូវបាន​កសាងឡើង​នៅ​ឆ្នាំ​២០០៨​ដោយ​មូលនិធិ​នៃ​ក្លឹប​១% របស់​ក្រុមហ៊ុន​អ៊ី​អុង​។ មាន​ពុទ្ធបដិមា​ចំនួន​២៧៤​អង្គ កំពុង​តម្កល់ទុក​ក្នុង​សារមន្ទីរ​មួយ​នេះដែ​លវា​បានមកពី​ការធ្វើ​កំណាយ​សិក្សា​ស្រាវជ្រាវ​នៅ​ប្រាសាទបន្ទាយក្តី​ដោយ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​រួម​និង​ក្រុម​បុរាណ​វិទូ​ខ្មែរ​ក្នុង​ឆ្នាំ​២០០១៕


Tag:
 សារមន្ទីរ​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com