ជាតិ
សង្គមជាតិ
លោក ជា សុផារ៉ា ចាត់មន្ត្រីចុះវាស់វែង​​ដី​​វិវាទឧកញ៉ាម្នាក់ក្នុងបញ្ជីខ្មៅ
06, Jan 2017 , 8:03 pm        
រូបភាព

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចាត់​មន្ត្រី​ចុះ​វាស់វែង​ដី​វិវាទជិត ៣ពាន់ហិកតាករណី​ឧកញ៉ា​ម្នាក់​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ក្រសួង​ដែនដី កន្លងទៅ​។​



លោក ជា សុផារ៉ា បាន​ផ្ញើលិខិតប្រាប់​អភិបាល​ខេត្តកណ្តាល​ថា ក្រុមការងារ​របស់លោក នឹង​​វាស់វែង​ប្រមូល​ទិន្នន័យ ដើម្បី​ចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ដែលមាន​វិវាទ​នឹង​លោក ឡោក ហ៊ួ​រ ដែល​រដ្ឋាភិបាល​ទើប​ដោះស្រាយ​រួច​។​

​តាម​លិខិត​ចុះ​ថ្ងៃទី​៦ មករានេះ ​ក្រុមការងារក្រសួងនឹង​ចុះទៅ​វាស់វែង​ដី​ខាងលើ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១០ មករា ឆ្នាំ​២០១៧​ នៅស្រុក​មួយចំនួន​ ក្នុង​ខេត្តកណ្តាល។​

​បើតាម​លិខិតលោក ជា សុផារ៉ា ក្រុមការងារក្រសួងនឹង​វាស់វែង​​ទីតាំងដី​ដែល​រដ្ឋាភិបាលទើប​ដោះស្រាយ​រួច ​រួម​មាន នៅ​ស្រុក​កៀនស្វាយ​ក្នុងភូមិ​កណ្តាល​ក្រោម ភូមិ​កណ្តាល​លើ ភូមិ​ព្រែក​ពុល ឃុំ​បន្ទាយដែក ភូមិ​ជ័យ​ឧ​ត្ត​ម ភូមិ​ព្រែក​តាកែវ ភូមិ​ជ្រោយ​ដង ភូមិ​ស្ទឹង ភូមិ​ព្រែកត្រែង ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ភូមិ​គគីរ​ធំ ភូមិ​ពោធិ៍​មៀ​វ ភូមិ​វាំង​ដេក ឃុំ​គគីរ​ធំ និង​ស្រុក​ស្អាង ក្នុងភូមិ​លេខ​៤ ភូមិ​លេខ​៥ និង​ភូមិ​ជ្រោយ​ឫស្សី ឃុំ​ប្រាសាទ ខេត្តកណ្តាល​។​

​រដ្ឋមន្ត្រីក្រសួង​ដែនដី ស្នើ​​អាជ្ញាធរ​ខេត្តកណ្តាលជួយសហការ ដោយ​ត្រូវ​ចាត់ចែង​ប្រកាស​តំបន់​វិនិច្ឆ័យ បង្កើត​គណៈកម្មការ​រ​ដ្ឋ​បាល និង​ជូនដំណឹង​ឲ្យ​បាន​ប្រជាពលរដ្ឋ​បានដឹង​ទូលំទូលាយ​។

គួររម្លឹកផងដែរ កាលពី​ខែឧសភា ឆ្នាំ២០១៦កន្លងមក លោក ជា សុផារ៉ា បាន​ព្រមាន​រៀបចំ​ឈ្មោះ​បុគ្គល​រំលោភ​ដីធ្លី​ពលរដ្ឋ ក្នុង​បញ្ជីខ្មៅ ជូន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។  រហូតមកទល់​ពេលនេះ មានតែ​លោក ឡោក ហ៊ួ​រ ម្នាក់​ទេ ដែល​ស្ថិតក្នុង​បញ្ជីខ្មៅ ហើយ​ត្រូវបាន​ចាត់វិធានការ​នៅពេលនេះ​៕





Tag:
 ជា សុផារ៉ា​
  ឡោក ហ៊ួរ
  ជម្លោះដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com