ជាតិ
​​​ន​យោ​បាយ​ជាតិ​
៧ មករា​៖ នាយករដ្ឋមន្ត្រី ប្រកាស​បន្ត​អនុវត្ត​វប្បធម៌​សន្ទនា​ដោយ​ស្មោះស​
07, Jan 2017 , 9:05 am        
រូបភាព
សម្តេច ហ៊ុន សែន និងសម្តេច ហេង សំរិន ក្នុងពិធីរម្លឹក​ខួប​ ៧ មករា លើកទី ៣៨
សម្តេច ហ៊ុន សែន និងសម្តេច ហេង សំរិន ក្នុងពិធីរម្លឹក​ខួប​ ៧ មករា លើកទី ៣៨
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អ្នក​ថ្លែង​សុន្ទរកថា ក្នុង​ពិធី​រម្លឹក​ខួប ៣៨ ឆ្នាំ នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្ងៃ ៧ មករា នៅ​ឆ្នាំនេះ​។ ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បានប្រកាស​បន្ត​អនុវត្ត​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ដែលមាន​អាសនៈ​នៅក្នុង​សភា​ដោយ​សេចក្តី​ស្មោះស​។​

ក្រៅពី​ថ្លែង​ការពារ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ ១៩៧៩ និង​សរសើរ​សមិទ្ធ​ផលរប​ស់​រដ្ឋាភិបាល​របស់ខ្លួន​បច្ចុប្បន្ន សម្តេច ហ៊ុន សែន បាន​ឆ្លៀត​ប្រកាស​សារ​នយោបាយ ដោយ​លើកឡើង​ពី​ការអនុវត្ត​វប្បធម៌​សន្ទនា​។ ក្នុង​ពិធី​រម្លឹក​ខួប​ថ្ងៃ​ជ័យជម្នះ ៧ មករា លើក​ទី ៣៨ សម្តេចនាយក​រដ្ឋមន្ត្រី​បញ្ជាក់​យ៉ាងនេះ​ថា​៖« គណបក្ស​ប្រជាជន​កម្ពុជា បន្ត​អនុវត្ត​យ៉ាង​ស្មោះស​នូវ​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា និង​ព្រឹទ្ធសភា តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និង​នីតិរដ្ឋ »​។ 
 
​ប៉ុន្តែ​ទន្ទឹមនឹង​ការបញ្ជាក់​ពី​គោលជំហរ​ដូច្នេះ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ ក៏​មិន​ភ្លេច​មានប្រសាសន៍​អំពី​ហានិភ័យ​នៃ​ការបាត់បង់​នូវ​វប្បធម៌​សន្ទនា​ដែរ ប្រសិនបើ​គ្មាន​ការស្មោះត្រង់ និងមាន​ការវាយប្រហារ​គ្នា​។​« ការមិន​ស្មោះត្រង់ ការប្រើ​ពាក្យសម្តី​អសុរ​សវាយ​ប្រហារ​គ្នា និង​ការ​ញុះញង់​បង្ក បញ្ឆេះ​ឲ្យ​មានការ​គុំកួន ចងកំហឹង​នឹង​គ្នា គឺ​មិនអាច​រក្សា​អាយុជីវិត​នៃ​វប្បធម៌​សន្ទនា​បានឡើយ មិនតែប៉ុណ្ណោះ​វា​នឹង​បំផ្លាញ​នូវ​ឯកភាព​ជាតិ​របស់​យើង​»​។  នេះ​ការពន្យល់​បន្ថែម​របស់​នាយករដ្ឋមន្ត្រី​ចាស់វស្សា នៅ​ចំពោះមុខ​អ្នក​ស្រឡាញ់​ថ្ងៃ​រដោះ ៧ មករា រាប់ពាន់នាក់ នៅ​ស្នាក់ការ​កណ្តាល​គណ​កាន់អំណាច​នៅ​ព្រឹក​នេះ​។​
 
​ជាមួយនេះ​ផងដែរ សម្តេច ហ៊ុន សែន បានលើកឡើង​ពី​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​គណបក្សនយោបាយ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​មជ្ឈដ្ឋាន​ផ្សេងៗ​ទៀត​ក្នុងសង្គម ដើម្បី​ថែរក្សា និង​ពង្រីក​រាល់​សមិទ្ធផល​នៃ​សង្គមជាតិ ព្រមទាំង​រួមគ្នា​ដោះស្រាយ​សេចក្តីត្រូវកា​ររ​បស់​ប្រជាជន​។ សម្តេច បន្ថែមថា ការរួម​គ្នា​នេះ ដើម្បី​ពង្រឹង​បរិយាកាស​សុខក្សេមក្សាន្ត​ក្នុងសង្គម រួមទាំង​បរិយាកាស​នយោបាយ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ​នេះ​ឲ្យ​បានល្អ ដែលជា​កត្តា​សំខាន់​ចាំបាច់ ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​នេះ ប្រព្រឹត្ត​ទៅដោយ​សេរី យុត្តិធម៌ ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាមច្បាប់ បទបញ្ជា និង​ក្រមសីលធម៌​សម្រាប់​ការបោះឆ្នោត ។ 
 
​និយាយ​ពី​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ដែលមាន​សំឡេង​ភាគច្រើន និង​ភាគតិច​នៅក្នុង​រដ្ឋសភា កាលពី​ខែធ្នូ កន្លងទៅ ឯកឧត្តម កឹម សុខា ក្នុងនាម​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា បាន​ពិភាក្សា​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  និង​សម្តេច ស ខេង ដែលជា​ប្រធាន​ក្រុម​មតិ​ភាគច្រើន​។ ជា​លទ្ធផល សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅ​ខេត្តកំពង់ចាម​មួយរូប ដែលជា​មេឃុំ​ផង​នោះ ត្រូវបាន​ដោះលែង​។ ជាង​នេះ តាម​ការគ្រោងទុក សម្តេច ស ខេង និង​ឯកឧត្តម កឹម សុខា នឹង​ជួបគ្នា​នៅក្នុង​អំឡុង​ខែមករា​នេះ ហើយ​អ្នក​ទាំងពីរ​អាច​នឹង​ជជែក​គ្នា ពី​ករណី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ករណី លោក នី ចរិយា ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ តាម​ការសន្យា​ក្នុងជំនួប​កាលពី​លើក​មុន​៕ 
 

Tag:
 ហ៊ុន សែន​
  កឹម សុខា​
  ៧ មករា
© រក្សាសិទ្ធិដោយ thmeythmey.com