ជាតិ
នយោបាយជាតិ
៧ មករា៖ នាយករដ្ឋមន្ត្រី ប្រកាសបន្តអនុវត្តវប្បធម៌សន្ទនាដោយស្មោះស សម្តេច ហ៊ុន សែន និងសម្តេច ហេង សំរិន ក្នុងពិធីរម្លឹកខួប ៧ មករា លើកទី ៣៨
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកថ្លែងសុន្ទរកថា ក្នុងពិធីរម្លឹកខួប ៣៨ ឆ្នាំ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្ងៃ ៧ មករា នៅឆ្នាំនេះ។ ប្រមុខគណបក្សប្រជាជនកម្ពុជារូបនេះ បានប្រកាសបន្តអនុវត្តវប្បធម៌សន្ទនាជាមួយគណបក្សដែលមានអាសនៈនៅក្នុងសភាដោយសេចក្តីស្មោះស។
ក្រៅពីថ្លែងការពារថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ និងសរសើរសមិទ្ធផលរបស់រដ្ឋាភិបាលរបស់ខ្លួនបច្ចុប្បន្ន សម្តេច ហ៊ុន សែន បានឆ្លៀតប្រកាសសារនយោបាយ ដោយលើកឡើងពីការអនុវត្តវប្បធម៌សន្ទនា។ ក្នុងពិធីរម្លឹកខួបថ្ងៃជ័យជម្នះ ៧ មករា លើកទី ៣៨ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់យ៉ាងនេះថា៖« គណបក្សប្រជាជនកម្ពុជា បន្តអនុវត្តយ៉ាងស្មោះសនូវវប្បធម៌សន្ទនាជាមួយគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា និងព្រឹទ្ធសភា តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ »។
ប៉ុន្តែទន្ទឹមនឹងការបញ្ជាក់ពីគោលជំហរដូច្នេះ ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ ក៏មិនភ្លេចមានប្រសាសន៍អំពីហានិភ័យនៃការបាត់បង់នូវវប្បធម៌សន្ទនាដែរ ប្រសិនបើគ្មានការស្មោះត្រង់ និងមានការវាយប្រហារគ្នា។« ការមិនស្មោះត្រង់ ការប្រើពាក្យសម្តីអសុរសវាយប្រហារគ្នា និងការញុះញង់បង្ក បញ្ឆេះឲ្យមានការគុំកួន ចងកំហឹងនឹងគ្នា គឺមិនអាចរក្សាអាយុជីវិតនៃវប្បធម៌សន្ទនាបានឡើយ មិនតែប៉ុណ្ណោះវានឹងបំផ្លាញនូវឯកភាពជាតិរបស់យើង»។ នេះការពន្យល់បន្ថែមរបស់នាយករដ្ឋមន្ត្រីចាស់វស្សា នៅចំពោះមុខអ្នកស្រឡាញ់ថ្ងៃរដោះ ៧ មករា រាប់ពាន់នាក់ នៅស្នាក់ការកណ្តាលគណកាន់អំណាចនៅព្រឹកនេះ។
ជាមួយនេះផងដែរ សម្តេច ហ៊ុន សែន បានលើកឡើងពីការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដើម្បីថែរក្សា និងពង្រីករាល់សមិទ្ធផលនៃសង្គមជាតិ ព្រមទាំងរួមគ្នាដោះស្រាយសេចក្តីត្រូវការរបស់ប្រជាជន។ សម្តេច បន្ថែមថា ការរួមគ្នានេះ ដើម្បីពង្រឹងបរិយាកាសសុខក្សេមក្សាន្តក្នុងសង្គម រួមទាំងបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខនេះឲ្យបានល្អ ដែលជាកត្តាសំខាន់ចាំបាច់ ដើម្បីធានាឲ្យការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ការអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ។
និយាយពីវប្បធម៌សន្ទនារវាងគណបក្សដែលមានសំឡេងភាគច្រើន និងភាគតិចនៅក្នុងរដ្ឋសភា កាលពីខែធ្នូ កន្លងទៅ ឯកឧត្តម កឹម សុខា ក្នុងនាមជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា បានពិភាក្សាជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ស ខេង ដែលជាប្រធានក្រុមមតិភាគច្រើន។ ជាលទ្ធផល សកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ចាមមួយរូប ដែលជាមេឃុំផងនោះ ត្រូវបានដោះលែង។ ជាងនេះ តាមការគ្រោងទុក សម្តេច ស ខេង និងឯកឧត្តម កឹម សុខា នឹងជួបគ្នានៅក្នុងអំឡុងខែមករានេះ ហើយអ្នកទាំងពីរអាចនឹងជជែកគ្នា ពីករណីមន្ត្រីអង្គការសង្គមស៊ីវិល និងករណី លោក នី ចរិយា ដែលកំពុងឃុំខ្លួននៅពន្ធនាគារ តាមការសន្យាក្នុងជំនួបកាលពីលើកមុន៕
Tag:
ហ៊ុន សែន
កឹម សុខា
៧ មករា
© រក្សាសិទ្ធិដោយ thmeythmey.com