ភ្នំពេញ៖ ទោចក្រយានយន្តសណ្តោង និងត្រីចក្រយានយន្តដែលបើកបរលើផ្លូវថ្នល់អាចផ្ទុកទម្ងន់ច្រើនបំផុតត្រឹមតែ ០,៧៥តោនប៉ុណ្ណោះ។ នេះបើតាមមាត្រា ៤០ ស្តីពី ទោចក្រយានយន្តសណ្តោង និងត្រីចក្រយានយន្ត នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលអនុវត្តតាំងពីដើមឆ្នាំ២០១៦រហូតមក។
ច្បាប់បានកំណត់ទោចក្រយានយន្តសណ្តោង និងត្រីចក្រយានយន្តក្នុងបណ្ណបើកបរប្រភេទពី ខ រហូតដល់ ង។ តាមច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី ជំពូកទី៧ ស្តីពីការគ្រប់គ្រងយាន និងការដឹកជញ្ជូន មាត្រា ៤០ បានកំណត់ថា យានយន្តប្រភេទ ខ គឺជារថយន្តដឹកអ្នកដំណើរមិនលើសពី ៩ (ប្រាំបួន) នាក់ ដោយគិតទាំងអ្នកបើកបរ និងជារថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥ (បីក្បៀសប្រាំ)តោន។ ហើយ វាអាចសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥ (សូន្យក្បៀសចិតសិបប្រាំ) តោន។ តាមមាត្រា ៤១ អ្នកបើកកបរយានយន្តប្រភេទ ខ មាន អាយុចាប់ពី ១៨ឆ្នាំឡើង។
រីឯ យានយន្តប្រភេទ គ គឺជារថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥ (បីក្បៀសប្រាំ) តោន និងអាចសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥ (សូន្យក្បៀស ចិតសិបប្រាំ) តោន។ អ្នកបើកកបរយានយន្តប្រភេទ គ មានអាយុចាប់ពី ២២ឆ្នាំឡើង។
ដោយឡែក យានយន្តប្រភេទ ឃ វិញ ច្បាប់កំណត់ជារថយន្តដឹកអ្នកដំណើរចែកចេញជាពីរប្រភេទ ក្នុងនោះ ប្រភេទ ឃ១ គឺជារថយន្តដឹកអ្នកដំណើរចាប់ពី ១០ (ដប់) នាក់ដល់ ២០ (ម្ភៃ)នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥ (សូន្យក្បៀសចិតសិបប្រាំ) តោន។ អ្នកបើកកបរយានយន្តប្រភេទឃ ១ មានអាយុចាប់ពី ២២ឆ្នាំឡើង។
ចំពោះយានយន្តប្រភេទ ឃ២ គឺជារថយន្តដឹកអ្នកដំណើរលើសពី ២០ (ម្ភៃ) នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចមាន សណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥ (សូន្យក្បៀសចិតសិបប្រាំ) តោន។ ដោយឡែក ប្រភេទ ង គឺជារថយន្តប្រភេទ ខ គ ឃ ដែលមានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមា លើសពី ០,៧៥ (សូន្យក្បៀសចិតសិបប្រាំ) តោន។ អ្នកបើកកបរយានយន្តប្រភេទ ឃ២ និងង មានអាយុចាប់ពី ២៤ឆ្នាំឡើង។
អ្នកល្មើសនឹងរងការផាកពិន័យក្នុងប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ និងរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន។ នេះបើតាមច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី ដែលប្រកាសដោយព្រះរាជក្រម កាលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ ។
គួរជម្រាបផងដែរ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពី ការបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បើកបរលើបណ្តាញផ្លូវនៅកម្ពុជាកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០០៩កន្លងទៅ។ រដ្ឋាភិបាលបានបង្គាប់ឲ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន និងសមាជិក ៥ទៀតមកពីស្ថាប័នពាក់ព័ន្ធ ចុះបង្ក្រាប និងទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់កំណត់។
អនុក្រឹត្យ ដែលនិរាករណ៍អនុក្រឹត្យចាស់កាលពីខែឧសភា ឆ្នាំ២០០៣ ស្តីពី ការបង្កើតគណៈកម្មការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់អតិបរមា បានបញ្ជាក់ថា ប្រាក់ដែលទទួលបានពីការផាកពិន័យ ត្រូវបង់ចូលថវិការដ្ឋចំនួន ៦០ភាគរយ និង ៤០ភាគរយទៀត ជារង្វាន់សម្រាប់ភ្នាក់ងារមានសមត្ថកិច្ចដែលបានខិតខំអនុវត្តភារកិច្ច។
ប៉ុន្តែ បច្ចុប្បន្ន គេសង្កេតថា យានយន្តមួយចំនួន នៅតែដឹកលើសទម្ងន់ពី ០,៧៥តោន ដែលផ្ទុយពីច្បាប់ចរាចរណ៍ផ្លូវគោកកំណត់៕