ជាតិ
អភិបាលខេត្ត​កណ្ដាល ច្រានចោល​ព័ត៌មាន​ប្ដូរ​ទីតាំង​ទី​រួម​ខេត្តកណ្ដាល ទៅ​វិហារ​សួរ​
08, Jan 2017 , 7:59 pm        
រូបភាព
លោក ម៉ៅ ភិរុណ អភិបាលកណ្តាល។  រូបពីហ្វេសប៊ុក លោក ម៉ៅ ភិរុណ
លោក ម៉ៅ ភិរុណ អភិបាលកណ្តាល។ រូបពីហ្វេសប៊ុក លោក ម៉ៅ ភិរុណ
ដោយ: ថ្មីៗ
 
​កណ្ដាល​៖ លោក ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្ដាល បាន​ច្រានចោល​រាល់​ព័ត៌មាន​ទាំងឡាយណា​ដែលថា អាជ្ញា​ធរមាន​គម្រោង​ប្ដូរ​ទីតាំង​រដ្ឋបាល ឬ​ទី​រួម​ខេត្តកណ្ដាល ដែល​បច្ចុប្បន្ន​នៅ​ទីក្រុង​តាខ្មៅ ទៅ​តំបន់​វិហារ​សួរ ស្ថិតនៅ​ក្នុងស្រុក​ខ្សាច់កណ្តាល​។


​លោក ម៉ៅ ភិ​រុណ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ថា អាជ្ញាធរ​គ្មាន​ផែនការ​ប្ដូរ​ទីតាំង​ទី​រួម​ខេត្តកណ្ដាល​ទៅ​តំបន់​វិហារ​សួរ​នោះទេ​។  លោក បញ្ជាក់​ខ្លី​ប្រាប់​ថ្មីៗ នៅក្រោយ​ពិធីបើកការដ្ឋាន​សាងសង់​ផ្ទះ​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន Worldbridge Land នៅ​ថ្ងៃទី​៧​មករា មុននឹង​ឡើង​រថយន្ត​យ៉ាង​ដូច្នេះ​ថា​៖«​អត់​មាន​ទេ គ្មាន​គម្រោង​ឯណា​ប្ដូរ​ទេ​។ គេ​និយាយ​គ្រាន់តែ​ដើម្បី​ខ្ទរខ្ទារ​ឲ្យ​ដី​គេ​លក់បាន​ថ្លៃ​។ (​ខ្ញុំ​) មិនទាន់​ហៅ​មករក​រឿង​ផង​»​។ 
​សូម​ស្តាប់​ប្រសាសន៍​លោក ម៉ៅ ភិ​រុណ បន្ថែម​ខាងក្រោម​៖

 
 
​កន្លងមកនេះ មាន​ពាក្យ​ចចាមអារ៉ាម និង​សារព័ត៌មាន​មួយចំនួន បាន​ចុះផ្សាយ​ថា រដ្ឋបាល​ខេត្តកណ្តាល​ស​ព្វ​ថ្ងៃ​នៅ​ក្រុង​តាខ្មៅ គ្រោង​ដូរ​ទីតាំង​ទៅ​ដាក់​នៅ​តំបន់​វិហារ​សួរ ក្នុងស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​វិញ ពីព្រោះ​រដ្ឋាភិបាល​គ្រោង​ពង្រីក​ដែនដី​រាជធានី​ភ្នំពេញ ដោយ​កាត់​ក្រុង​តាខ្មៅ​ចូល​រាជធានី​។ 
 
​សូមបញ្ជាក់ថា ក្រុង​តាខ្មៅ ដែល​ជាទី​រួម​ខេត្តកណ្ដាល មាន​ចម្ងាយ ១១ គីឡូម៉ែត្រ​ពី​ចំណុចកណ្ដាល​រាជធានី​ភ្នំពេញ ។ ហើយ​ខេត្តកណ្ដាល​មានស្រុក​ទាំងអស់ ចំនួន ១១ ៕

Tag:
 ម៉ៅ ភិ​រុណ​
  ក្រុង​តាខ្មៅ​
© រក្សាសិទ្ធិដោយ thmeythmey.com