ជាតិ
ឆ្នេរ​ព្រែកត្រែង​មាន​បរិយាកាស​ស្ងប់ស្ងាត់ និង​ឆ្នេរ​ខ្សាច់​សក្បុស​ដែល​ទេសចរ​មើលរំលង​
08, Jan 2017 , 8:59 pm        
រូបភាព
ដោយ:
 
​ព្រះសីហនុ​៖ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ភាគច្រើន​តែង​លម្ហែ​កម្សាន្ត​លើ​ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​អូ​ត្រេះ និង​ឆ្នេរ​ឯករាជ្យ ដែលមាន​ទេសចរ​អ៊ូអរ​នៅ​ភាគខាងត្បូង​ខេត្ត​ព្រះសីហនុ តែ​ពួកគេ​មើលរំលង​ឆ្នេរ​ព្រែកត្រែង​ដែលមាន​បរិយាកាស​ស្ងប់ស្ងាត់ និង​ឆ្នេរ​ខ្សាច់​សក្បុស​ភ្លឺ​ផ្លែ​ក​។​



​ឆ្នេរ​ព្រែកត្រែង​ស្ថិតនៅ​ស្រប​បណ្តោយ​មាត់សមុទ្រ​ខៀវស្រងាត់ ភាគ​ខាងជើង​ខេត្ត​ស្ថិតក្នុង​តំបន់​រដ្ឋបាល និង​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​របស់​កម្ពុជា​។ វា​មាន​ចម្ងាយ​ពី​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ប្រមាណ ៣​គីឡូម៉ែត្រ នៅ​ប៉ែក​ខាងជើង​។ ឆ្នេរ​ខ្សាច់​ទឹក​រាក់​ដ៏​ស្រស់ស្អាត​ដែល​ទេសចរ​មើលរំលង​មាន​រាង​ជា​ចំណិត​លោក​ខែ និង​លាយឡំ​ផ្ទាំង​ថ្ម​ដោយ​កន្លែងៗ​។​
 
​ដ្បិត​ឆ្នេរ​ពុំទាន់​មាន​ទេសចរ​លម្ហែ​អារម្មណ៍ អាជីវកម្ម​ផ្ទះសំណាក់ សណ្ឋាគារ និង​កន្លែង​លក់​ម្ហូបអាហារ​ពុំទាន់​មាន​ច្រើន​ដែរ​។ អ្នកស្រី ចាន់ ស្រីណាត អាជីវ​ករលក់​ម្ហូបអាហារ និង​ភេសជ្ជៈ​តាម​រទេះ​មាន​ផ្ទុរ​តាម​ឆ្នេរ​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្នកស្រី​អាច​ចំណូល​បាន​ពី ៥ ទៅ ១០​ម៉ឺន​ប៉ុណ្ណោះ ក្នុង​ថ្ងៃ​បុណ្យទាន​ជាតិ​សំខាន់ៗ ពីព្រោះ​ភ្ញៀវទេសចរ​តិច​មក​ល​ម្អែ​កម្សាន្ត​។​
 
​ស្ត្រី​វ័យ​ជាង ៣០​ឆ្នាំ​លក់ដូរ​ម្ហូបអាហារ​តាម​ឆ្នេរ​ព្រែកត្រែង​តែ​ពេល​បុណ្យទាន​ជាតិ​ម្តងៗ​ប៉ុណ្ណោះ​។ «​ទេសចរ​គេ​ពុំ​សូវ​ស្គាល់​ទីនេះ ដូច​នៅ​ឆ្នេរ​អូរ​ឈើទាល អូរត្រេះ​ទេ ព្រោះ​វា​មិនទាន់មាន​ការអភិវឌ្ឍ​ហើយ​នៅ​ឆ្ងាយ​ពី​ក្រុង​»​។ ក្រៅពី​អ្នកស្រី ណាត អាជីវករ​ខ្លះ​អង្រឹងសំពត់ ខ្លះ​បាន​សង់​តូប​សម្រាប់​ជួល​អង្គុយ ឬ​លក់​ម្ហូបអាហារ​ប្រមាណ ៥​កន្លែង​ដែរ តាម​បណ្តោយ​ផ្លូវ​ទំនប់រលក​ម្ខាង​ឆ្នេរ​ព្រែកត្រែង​ដែល​ល្អ​បំផុត​សម្រាប់​លម្ហែ​កម្សាន្ត​គ្រួសារ និង​មិត្តភក្តិ​។​
 
​ឆ្នេរ​ព្រែកត្រែង​មាន​ប្រវែង​ប្រមាណ ២​គីឡូម៉ែត្រ ហើយ​វា​មិន​ត្រឹម​តែមាន​ខ្សាច់​សក្បុស​ជាង​ឆ្នេរ​អូរ​ឈើទាល អូរត្រេះ ឆ្នេរ​សុខា និង​ឯករាជ្យ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​មាន​ម្លប់​ដើម​ស្រល់ក្រហម អមដោយ​សួនច្បារ​ដែល​គេ​ទើប​រៀបចំ​ថ្មី​យ៉ាង​ស្រស់ស្អាត​មួយ​។​
 
​កម្ពុជា​ដែលមាន​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​ទាំង ៤​ជាង ៤០០​គីឡូម៉ែត្រ​បាន​ក្លាយជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​បំផុត​លើ​សាកលលោក​កាលពី​ឆ្នាំ ២០១១ ចំណោម​សមាជិក​មកពី ២៤​ប្រទេស​ដែលមាន​ឆ្នេរ​ស្អាត​សរុប ៤២​ឆ្នេរ​។ នោះ​ក៏​ព្រោះ ឆ្នេរសមុទ្រ​ដែល​ស្ថិតក្នុង ទិសនិរតី​កម្ពុជា មាន​ឆ្នេរ​ខ្សាច់​សក្បុស សមុទ្រ​ខៀវស្រងាត់ និង​រុក្ខជាតិ​បៃតង​។​
 
​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរ​បាន​ថ្លែង​ក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ​ថ្ងៃទី​២៤ ធ្នូ​នេះ​ថា ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ប្រមាណ ៤០​ម៉ឺន​នាក់ និង​ភ្ញៀវទេសចរ​ជាតិប្រមាណ ១,១​លាន​នាក់ ក្នុង​ឆ្នាំ ២០១៦ កន្លងទៅ​។ លោក​បាន​បន្ត​ថ្លែង​តាម​ការព្យាករណ៍​ថា តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​អាចនឹងទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ២​លាន​នាក់ និង​ភ្ញៀវទេសចរ​ជាតិប្រមាណ ៤​លាន​នាក់​នៅ​ឆ្នាំ ២០២០ ។​
 
​គួរបញ្ជាក់​ផងដែរ កម្ពុជា​បានក្លាយ​ជា​អនុប្រធាន​ក្លឹប​ទទួលបន្ទុក​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ២​អាណត្តិ​ជាប់​គ្នា​រហូតដល់​ឆ្នាំ ២០១៩ ផងដែរ ក្រោយ​មហាសន្និបាត​ក្លឹប​បោះឆ្នោត​ជ្រើសរើស​កន្លងមក​៕





























Tag:
 ឆ្នេរ​
  ព្រែកត្រែង​
© រក្សាសិទ្ធិដោយ thmeythmey.com