ជាតិ
សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ទទួល​បណ្ឌិត​កិត្តិយស​អក្សរសាស្ត្រ​ពី​សាកលវិទ្យាល័យ​ចិន​
09, Jan 2017 , 11:48 am        
រូបភាព
រូបថតហ្វេសប៊ុកសម្តេច ហ៊ុន សែន
រូបថតហ្វេសប៊ុកសម្តេច ហ៊ុន សែន
ដោយ:


​ភ្នំពេញ​៖ សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​បានទទួល​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​កិត្តិយស ផ្នែក​អក្សរសាស្ត្រ ពី​សាកលវិទ្យាល័យ​ក្វាំ​ង​ស៊ី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃទី​៩ ខែមករា​នេះ​។​



​លោក XIE Shanggo ប្រធាន​សាកលវិទ្យាល័យ​ក្វាង​ស៊ី​បាន​ពន្យល់​មូលហេតុ​ដែល គណៈកម្មាធិការ​វាយតម្លៃ សញ្ញាប័ត្រ​រដ្ឋ​ចិន​សម្រេច​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ដល់​សម្តេច​​ ប៊ុន រ៉ានី​ ហ៊ុន សែន​ ពីព្រោះ​ពួកគេ​មើលឃើញ​ពី​ស្នាដៃ​ការងារ​ដែល​សម្តេច​បាន​ចូលរួម​ជំរុញ​ការអប់រំ​ការងារ​សប្បុរសធម៌​នៅ​កម្ពុជា​ពិសេស​គឺ​ជួយ​ពង្រឹង​មិត្តភាព​កម្ពុជា​-​ចិន​។​

​ថ្លែង​តាមរយៈ​អ្នកបកប្រែ​ភាសា​ខ្មែរ​នៅក្នុង​ពី​ធី​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​សាលសន្និសីទ​ចតុមុខ​លោក XIE​និយាយថា​៖«​គណៈកម្មការ​សិក្សា​នៃ​ក្រុមប្រឹក្សា​អប់រំ​រដ្ឋ​ចិន​បាន​ពិនិត្យឃើញ​សកម្មភាព​ដែល​សម្តេច​ប៊ុនរ៉ានី​ហ៊ុនសែន​ជួយ​ជំរុញ​ការអប់រំ​និង​ការជួយ​សង្គ្រោះ​ប្រជាជន​។ នេះ​មិន​ត្រឹមតែ​ជា​បង្ហាញ​ពី​ការដឹកនាំ​ទេ​ថែម ទាំង​សំដែង​សេចក្តី​គោរព រាប់អាន​ដែល​បាន​ពង្រឹង​មិត្តភាព​កម្ពុជា​ចិន​ជា​បន្តបន្ទាប់​ផងដែរ​»​។

​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អក្សរសាស្ត្រ​នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល​សាកលវិទ្យាល័យ​ចិន​មួយ​នេះ​បានប្រគល់​ជូន​ដល់​គ្រួសារ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។ សម្តេច​ហ៊ុនសែន​ដែលជា​ស្វាមី​សម្តេច ប៊ុន រ៉ានី ​ហ៊ុន សែន ក៏​ធ្លាប់​ទទួលបាន​សញ្ញាប័ត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អក្សរសាស្ត្រ​ពី​សាកលវិទ្យាល័យ ក្វាង​ស៊ី​ កាលពី​ខែតុលា ឆ្នាំ​២០១៥​ ​ក្នុង​ទីក្រុង​ប៉េកាំង​។​

​ថ្លែង​ក្នុង​ពិធី​ទទួល​សញ្ញាប័ត្រ សម្តេច​ ប៊ុន រ៉ានី​ ហ៊ុន សែន​ និយាយថា​៖ «​នេះ​គឺជា​ការលើកទឹកចិត្ត​ដល់​នាង​ខ្ញុំ​ពី​ការប្រតិបត្តិ​ឲ្យ​បង្កើត​ឱកាស​គំរូ​ដល់​ស្ត្រី និង​យុវជន ឲ្យ​មាន​ភាពក្លាហាន​ស្វែងយល់​ក្នុង​បុព្វហេតុ​រក​ភាព​អភិវឌ្ឍន៍​រីកចម្រើន​រុងរឿង​»​។​

​ក្រៅ​សញ្ញាបត្រ​កិត្តិយស​ចិន​ពេលនេះ​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែលមាន​ងារ​ជា​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ធ្លាប់​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ពី​ប្រទេស​ដទៃទៀត​ផង​។ ​តាម​ឯកសារ​ជីវប្រវត្តិ​សម្តេច ​ប៊ុន រ៉ានី ​ហ៊ុន សែន​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ​ភរិយា​នាយ​រដ្ឋមន្ត្រី​ដែល​ព្រះមហាក្សត្រ​បានផ្តល់​ងារ​ជា​កិត្តិ​ព្រឹទ្ធ​បណ្ឌិត កាលពី​ឆ្នាំ​២០១១ និង​ងារ​ជាស​ម្តេច កាលពី​ឆ្នាំ​២០១៣ រូបនេះ​ បានទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អប់រំ​ ពី​សាកលវិទ្យាល័យ​ស៊ី​ឡាស​ នៃ​ប្រទេស​កូរ៉េខាងត្បូង​។​

​ក្នុង​ឆ្នាំ ២០០៩ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អក្សរសាស្ត្រ ​ពី​សាកលវិទ្យាល័យ​ ជេ​ជូរ​ ប្រទេស​កូរ៉េខាងត្បូង​ ចំពោះ​ការងារ​ជួយ​ជាតិ​មាតុភូមិ​ក្នុងការ​ស្វែងរក​សន្តិភាព​ និង​ក្តី​ស្រឡាញ់​អាណិតអាសូរ​ដល់​មនុស្ស​ជាតិ​។​

​ក្នុង​ឆ្នាំ​២០០៩ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​សេដ្ឋកិច្ច​ ពី​សាកលវិទ្យាល័យ​ស្ត្រី ​សេ​អ៊ូ​ល​ ដែល​ទទួលស្គាល់​ពី​ស្នាដៃ​នៃ​ការចូលរួម​ការងារ​កា​ក​បាទ​ក្រហម​កម្ពុជា ​និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្តេច​លើ​កិច្ចការ​ និង​សិទ្ធិ​ស្ត្រី​។​

​ក្នុង​ឆ្នាំ​២០០៨ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​មនុស្សធម៌​ ពី​សាកលវិទ្យាល័យ​កម្ពុជា ​ទទួលស្គាល់​ពី​ការប្តេជ្ញាចិត្ត​ និង​ភក្តីភាព​ ចំពោះ​សកម្មភាព​មនុស្សធម៌​។ ក្នុង​ឆ្នាំ ២០០៤ មេដៃ​កិត្តិយស​កាកបាទក្រហម​ថេ​ហ្គូ​ន (Red Cross Grand Order of Taegung )​ពី​កាកបាទក្រហម​ជាតិ​ នៃ​ប្រទេស​កូរ៉េខាងត្បូង ​និង​គ្រឿង​ឥស្សរិយយស​ការងារ​ជាតិ ​និង​អន្តរជាតិ​ដទៃទៀត​។​

​ភរិយា​នាយករដ្ឋមន្ត្រីដែលធ្លាប់​ទទួលពាន​រង្វាន់​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផង បាន​ក្លាយជា​ប្រធាន​កាកបាទក្រហមកម្ពុជា​តា​មរយៈ​បោះឆ្នោត​ជ្រើសរើស​របស់​មហាសន្និបាត​កាកបាទក្រហមកម្ពុជា អាណត្តិ​ទី​២ តាំងពី​ឆ្នាំ ១៩៩៨​មកម្ល៉េះ​៕


Tag:
 ​ប៊ុនរ៉ានី​
  បណ្ឌិត​កិត្តិយស​
  ក្វាង​ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com