ជាតិ
ពលករ​ខ្មែរ​៣​នាក់​បាន​ស្លាប់ និង​របួស​ជាង​២០​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថៃ​
09, Jan 2017 , 4:56 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ចំនួន​៣​នាក់​បាន​ស្លាប់ និង​រងរបួស​៨​នាក់ ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ពលរដ្ឋ​ខ្មែរ​បុក​គ្នា​ជាមួយ​រថយន្ត​កង់​១០ នៅ​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ កាលពី​ថ្ងៃទី​៣០ ធ្នូ​កន្លងមក​។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​២៩​នាក់ ។​



​សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស ដែល​ទើបតែ​ចេញផ្សាយ​នៅ​ថ្ងៃទី​៩ មករា​នេះ បាន​បញ្ជាក់ថា សព​ជនរងគ្រោះ តេង ឆា​លី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ត្រូវបាន​បញ្ជូនមក ស្រុកកំណើត​នោះ​ខេត្តសៀមរាប​ហើយ​។ ចំណែក​សព​ជនរងគ្រោះ មុច សាម៉ុន ឆ្នាំ  និង​សព វ៉ាន់ ចាន់​រិ​ទ្ធ ត្រូវបាន​ក្រុមគ្រួសារ​កំពុង​ទាក់ទង​និង​រៀបចំ​ឯកសារ​យក​សព​មក​កម្ពុជា​វិញ​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​បាន​ចុះ​អន្តរាគមន៍ ហើយ​ភាគី​ថៅកែ​ថៃ​យល់ព្រម​ជួយឧបត្ថម្ភ​ប្រាក់​ដល់​គ្រួសារ​សព ក្នុង​មួយ​គ្រួសារ​ចំនួន ២២.០០០​បាត (៦១៥​ដុល្លារ​) និង​ម្ចាស់​រថយន្ត​កង់​១០ ឧបត្ថម្ភ​ចំនួន ៣០.០០០​បាត (​ជាង​៨០០​ដុល្លារ​) សរុប ៥២.០០០​បាត (១៤៥៥​ដុល្លារ​)​។​

​ក្រៅពីនេះ​ពលករ​របួសធ្ងន់​ចំនួន​៤​នាក់ កំពុង​សង្គ្រោះ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ មានឈ្មោះ នៅ សុ​ភ័​ក្រ (​ភ្នំពេញ​) ឈ្មោះ វុត្ថា (​ព្រះវិហារ​) ឈ្មោះ នុ​ល ពីង (​ស្វាយរៀង​) និង សិ ថេ (​ខេត្តកំពត​) ។ ចំណែក​ពលករ​របួស​មធ្យម​៤​នាក់ រួមមាន​ឈ្មោះ រស់ ចាន់ (​ព្រៃវែង​) របួស​បាក់ជើង ,​ឈ្មោះ ឌុល ឆាយ (​ព្រៃវែង​) របួស​បែកក្បាល និង​បាក់ជើង​, កុមារី ឌុល ស្រី​ការ របួស​បាក់ជើង និង​ឈ្មោះ ចាន់នី (​កំពត​)​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​។​

​ចំណែក​ពលករ​ដ៏ទៃទៀត ដែល​រងរបួស​ស្រាល បាន​ចេញពី​មន្ទីរពេទ្យ និង​ត្រូវបាន​ថៅកែ​ថៃ​ទទួល​ទៅធ្វើ​ការ​វិញ​ហើយ​។ សូមបញ្ជាក់ថា ពលករ​ខ្មែរ​ទាំង​២៩​នាក់​នេះ ជា​កម្មករ​ស៊ីឈ្នួល​បេះ​ផ្លែ​មៀន​ក្នុងប្រទេស​ថៃ​។ ប៉ុន្តែ​ពួកគាត់​ពុំមាន Work permit ដូច្នេះ​ពុំមាន​សិទ្ធ​ទទួល បាន​ធានារ៉ាប់រង​ការងារ​ណាមួយ​ឡើយ​។​

​តែ​យ៉ាងណា​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ក៏បាន​សហការ​ជាមួយ​ថៅកែ​ថៃ រក​មេធាវី​ការពារ​ក្តី នៅ​តុលាការ​នាពេលខាងមុខ ដើម្បី​ទាមទារ​សំណង​ជំងឺ​ចិត្ត​ជូន​ពលករ​បាត់​បង់ជីវិត និង​រងរបួស​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងការបរទេស ៕


Tag:
 ​ពលករ​ខ្មែរ​
  ​ថៃ​
  ​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com