ជាតិ
មេធាវីថា ចៅក្រមស៊ើបសួរ រក្សាសំណុំរឿង មន្ត្រីអាដហុក និងមន្ត្រី គជប ហួសកាលកំណត់
× ភ្នំពេញ៖ សំណុំរឿងរបស់មន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ត្រូវបានបញ្ចប់ក្នុងដំណាក់កាល នៃការស៊ើបសួរហើយ កាលពីដើមខែធ្នូ ឆ្នាំ២០១៦។ ប៉ុន្តែ ចៅក្រមស៊ើបសួរ មិនទាន់បន្តនីតិវិធី យ៉ាងណាទៀតនោះទេ។ មេធាវី អះអាងថា ចៅក្រមស៊ើបសួរ គួរតែបន្តនីតិវិធីឲ្យបានឆាប់រហ័ស ដោយមិនត្រូវរក្សាទុកសំណុំរឿង រហូតហួសកាលកំណត់បែបនេះឡើយ។
លោកមេធាវី សំ សុគង់ នឹងដាក់លិខិតទៅកាន់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី ភ្នំពេញ នៅថ្ងៃទី១០ មករា ដើម្បីស្នើឲ្យចេញដីកាដំណោះស្រាយឲ្យបានឆាប់ ថាត្រូវ លើកលែងការចោទប្រកាន់ លើមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ឬក៏ត្រូវបញ្ជូន សំណុំរឿង ទៅជំនុំជម្រះ។ លោក សំ សុគង់ ដែលជាមេធាវី១រូប ក្នុងចំណោមមេធាវីទាំង៥រូប របស់មន្ត្រី អាដហុក និងមន្ត្រីគ.ជ.ប បានអះអាងថា វាជាការខុសនឹងនីតិវិធី ដែលចៅក្រមស៊ើបសួរ ពន្យារពេលមិនព្រមចេញដីកាដំណោះស្រាយ រហូតហួសការកំណត់បែបនេះ។
មេធាវីរូបនេះ បកស្រាយថាតាមនីតិវិធី ចៅក្រមស៊ើបសួរ មានរយៈពេលយ៉ាងយូរតែ ២០ថ្ងៃប៉ុណ្ណោះ ក្នុងការចេញដីកាដំណោះស្រាយ បន្ទាប់ពីខ្លួន បញ្ចប់ការស៊ើបសួរ លើ សំណុំ រឿងណាមួយ។ លោកបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗបែបនេះថា៖«ចៅក្រមស៊ើបសួរ បានសម្រេចបិទការស៊ើបសួរ លើសំណុំរឿងរបស់មន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ មកម្ល៉េះ។ ដូច្នេះ បើយើងគិតមកដល់ពេលនេះ វាបានលើសជាង១០ថ្ងៃហើយ»។
បើតាមលោក មេធាវីខាងលើ ប្រសិនបើ [ចៅក្រមស៊ើបសួរ] រកមិនឃើញទោសកំហុស ឬភស្តុតាងគ្រប់គ្រាន់ទេ ចៅក្រមស៊ើបសួរ អាចនឹងលើកលែងការចោទប្រកាន់ ហើយដោះលែងមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប ឲ្យមានសេរីភាពឡើងវិញ។ ប៉ុន្តែ ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់ ចៅក្រមស៊ើបសួរ នឹងរក្សាបទចោទដដែល ហើយបញ្ជូនសំណុំរឿងទៅជំនុំជម្រះ ជាមិនខាន។ នេះបើតាមការពន្យល់របស់លោក សំ សុគង់ ដដែល។
ក្នុងរយៈកាលចុងក្រោយនេះ សាធារណជនមួយចំនួន ហាក់សង្ឃឹមថា មន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប អាចនឹងមានឱកាស បានរួចផុតពីការឃុំឃាំង បន្ទាប់ពីមានការសម្របសម្រួលផ្នែកនយោបាយរវាងសម្តេច ហ៊ុន សែន និងឯកឧត្តម កឹមសុខា។ ហើយបច្ច័យនៃការសម្របសម្រួលនេះ ឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ រួមទាំងមេឃុំ ស៊ាង ចែត ត្រូវបានព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស តាមសំណើរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា។
មន្ត្រីអាដហុកទាំង៤រូប រួមមានលោក នី សុខា លោក ណៃ វង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី ត្រូវបានចោទពីបទ «សូកប៉ាន់សាក្សី» ហើយលោកនី ចរិយា អគ្គលេខាធិការរងរបស់ គ.ជ.ប ត្រូវបានចោទពីបទ«សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី» នៅក្នុងសំណុំរឿងអាស្រូវស្នេហារវាង កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ និងឯកឧត្តម កឹម សុខា៕
Tag:
មេធាវី
តុលាការ
ADHOC
NEC
© រក្សាសិទ្ធិដោយ thmeythmey.com