ជាតិ
រដ្ឋ​ឈប់​យក​ថ្លៃ​សេវា​លិខិតអត្រានុកូលដ្ឋាន​?
09, Jan 2017 , 10:59 pm        
រូបភាព
រូបថតហ្វេសប៊ុក លោក ស សុខា
រូបថតហ្វេសប៊ុក លោក ស សុខា
ដោយ:
​ភ្នំពេញ​៖ លោក ស សុខា តំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​ព្រៃវែង បាន​ឲ្យ​បង្ហើប​ដឹងថា រដ្ឋាភិបាល នឹង​លុបចោល​ថ្លៃ​សេវា​ធ្វើលិខិត​អត្រានុកូលដ្ឋាន មាន អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ សំបុត្រកំណើត សំ​អាពាហ៍ពិពាហ៍ និង​សំបុត្រមរណភាព ជាដើម​។​


«​នាពេលខាងមុខ​ឆាប់ៗ​នេះ រាជរដ្ឋាភិបាល ដែលមាន​ក្រសួងមហាផ្ទៃ​ជា​សេនាធិការ​នឹង​ប្រកាស​ជា​ផ្លូវការ​អំពី​ការបញ្ឈប់​យកប្រាក់​ពី​ប្រជាជន​»​។ លោក ស សុខា បាន​បង្ហើប​ថា រដ្ឋាភិបាល​កំពុង​រៀប​ចំ​អនុក្រឹត្យ​ឈប់​យក​ថ្លៃ​សេវា ទាំងនេះ​។​
 
​ប៉ុន្តែ លោក ស សុខា បាន​បញ្ចេញ​សារ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា បណ្ដា​ខេត្ត​មួយចំនួន​បានប្រកាស​ប្រាប់​សាធារណជន និង​ចាប់ផ្ដើម​អនុវត្ត​ជា​បណ្ដើរៗ​ហើយ ទោះបីជា​អនុក្រឹត្យ​មិនទាន់​ចេញ​ជា​ផ្លូវការ​ក្ដី​។​
 
«​នេះ​គឺជា​អត្ថប្រយោជន៍​មួយទៀត​សម្រាប់​ប្រជាជន ដែលជា​ការជួយ​សម្រាល​បន្ទុក​ចំណាយ​ក្នុង​គ្រួសារ​»​។ ក្នុងនាម​ជា​យុវជន​ម្នាក់ អ្នកតំណាងរាស្ត្រ​វ័យក្មេង​រូបនេះ រីករាយ​ដែល​រដ្ឋាភិបាល​គិតគូរ​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​។ 
 
​កាលពី​ថ្ងៃទី​៦ មករា​នេះ លោក​បាន​លើកទឹកចិត្ត​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​ផ្ដល់​សេវា​នេះ ប្រកបដោយ​តម្លាភាព គុណភាព ប្រសិទ្ធភាព ទាន់ពេលវេលា ដោយស្មោះ​ត្រង់ ជូន​ប្រជាជន​គ្រប់ៗ​គ្នា ដោយ​ស្មើភាព​៕

Tag:
 ស សុខា​
  មហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com