ជាតិ
សាលា​បច្ចេកវិទ្យា​លំដាប់​ពិភពលោក​នៅ​សិង្ហ​បុរី​នឹង​បណ្តុះបណ្តាល​គ្រូ​បង្គោល​កម្ពុជា​៨០​នាក់
09, Jan 2017 , 10:57 pm        
រូបភាព
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Tony Tan Ken Yam ប្រធានាធិបតី​សិង្ហ​បុរី នាពិធីចុះហត្ថលេខានៅវិមានសន្តិភាព
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Tony Tan Ken Yam ប្រធានាធិបតី​សិង្ហ​បុរី នាពិធីចុះហត្ថលេខានៅវិមានសន្តិភាព
ដោយ:
​ភ្នំពេញ​៖ សិង្ហ​បុរី នឹង​បណ្តុះបណ្តាល​គ្រូ​បង្គោល​កម្ពុជា​លើ​ជំនាញ​ព័ត៌មានវិទ្យា បច្ចេកវិទ្យា​គ្រឿងយន្ត និង​អេឡិចត្រូនិក​។ នេះ​បើតាម​ឯកសារ​នៃ​អនុស្សារណៈ​យោគយល់​គ្នា (MOU) ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅ​វិមាន​សន្តិភាព​នា​រសៀល​ថ្ងៃ​ចន្ទ ទី​៩ ខែមករា ឆ្នាំ​២០១៧ ។ ពិធី​ចុះហត្ថលេខា​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Tony Tan Ken Yam ប្រធានាធិបតី​សិង្ហ​បុរី ដែល​កំពុង​ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​។​



​អនុស្សារណៈ​យោគយល់​គ្នា (MOU) រវាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា ជាមួយ​វិទ្យាស្ថាន​អប់រំ​បច្ចេកទេស​សិង្ហ​បុរី (ITE) ត្រូវបាន​ចុះហត្ថលេខា​កាលពី​រសៀល​ថ្ងៃ​ចន្ទ ក្រោម​វត្តមាន​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​សិង្ហ​បុរី លោក Tony Tan Ken Yam ដែល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១១ ខែមករា​។​

MOU ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅ​វិមាន​សន្តិភាព​នោះ ផ្តល់ឱកាស​ដល់​កម្ពុជា​នូវ​ការពង្រីក​ធនធានមនុស្ស​របស់ខ្លួន ដោយ​សិង្ហ​បុរី ពោលគឺ​វិទ្យាស្ថាន​អប់រំ​បច្ចេកទេស (ITE) ដែលមាន​ស្តង់ដា​ពិភពលោក នឹង​បណ្តុះបណ្តាល​គ្រូ​បង្គោល​៨០​នាក់​របស់​កម្ពុជា​។​

​យោងតាម MOU រដ្ឋាភិបាល​កម្ពុជា​នឹង​បញ្ជូន​គ្រូ​បង្គោល​ចំនួន ៨០​នាក់​ទៅ​បណ្តុះ​បណ្តា​ជំនាញ​សំខាន់ៗ​ចំនួន​៣​មុខ​នៅ​សឹង្ហ​បុរី​គឺ ជំនាញ​ទំនាក់ទំនង​ព័ត៌មានវិទ្យា​ចំនួន ៣២​នាក់ ជំនាញ​បច្ចេកវិទ្យា​គ្រឿងយន្ត​ចំនួន ៣២​នាក់​ ជំនាញ​អេឡិចត្រូនិក​ចំនួន ១៦​នាក់​។

​បើតាម​លោក ហេង សួរ អ្នកនាំពាក្យ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ វគ្គ​បណ្តុះបណ្តាល នឹង​ប្រព្រឹត្តទៅ​រយៈពេល​៣​សប្តាហ៍​។ លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ក្រោយ​ទទួល​ការបណ្តុះបណ្តាល គ្រួ​បច្ចេកទេស​បង្គោល​ទាំង​៨០​នាក់​នេះ នឹង​បង្រៀន​បន្ត​ដល់​គ្រួ​ដទៃទៀត ដោយ​គ្រូ​បង្គោល​ម្នាក់ នឹង​បង្រៀន​បន្ត​ដល់​គ្រូ​៣​នាក់​ផ្សេងទៀត ហើយ​តាមរយៈ​ការបង្រៀន​នេះ គ្រូ​បច្ចេកទេស​ចំនួន​២៤០​នាក់ នឹង​ទទួល​បានការ​លើ​កម្ពស់​សមត្ថភាព​របស់ខ្លួន​»​។ 



​តាមរយៈ​MOU នេះ លោក ហេង សួរ មាន​សុទិដ្ឋិនិយម​ថា គុណភាព​គ្រូ​បច្ចេកទេស​វិជ្ជាជីវៈ​របស់​កម្ពុជា លើ​៣​ជំនាញ​នេះ នឹង​ត្រូវបាន​ពង្រឹង​បន្ថែម ស្របតាម​តម្រូវការ​នៃ​ទីផ្សារការងារ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ពីព្រោះ លោក ថា វិទ្យាស្ថាន​អប់រំ​បច្ចេកទេស​របស់​សិង្ហ​បុរី​នេះ  គឺជា​វិទ្យាស្ថាន​អប់រំ​ផ្នែក​បច្ចេកទេស​វិជ្ជាជីវៈ​ដ៏​ល្បីឈ្មោះ​មួយ នៅក្នុង​តំបន់ និង​សកលលោក​។   

​ជាមួយគ្នានេះ​ផងដែរ មន្ទីរពេទ្យ​កាល់​ម៉ែត្រ​កម្ពុជា និង​មន្ទីរពេទ្យ Tan Tock Seng ប្រទេស​សិង្ហ​បុរី​បាន​ចុះហត្ថលេខា​អនុស្សារណៈ​ដើម្បី​ពង្រឹង​វិស័យ​សុខាភិបាល​ឲ្យ​កាន់តែ​មាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់​ឡើង​៕




Tag:
 សម្តេច ហ៊ុន សែន
  លោក Tony Tan Ken Yam
© រក្សាសិទ្ធិដោយ thmeythmey.com