ជាតិ
ប៉ូលិស ឈាន ពិសិដ្ឋ អាចត្រូវប្តូរចេញពីច្រកទ្វារប៉ោយប៉ែត រូបភាពពីហ្វេសប៊ុក
× នាយរងប៉ុស្តិ៍ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ អាចត្រូវប្តូរចេញពីច្រកទ្វារប៉ោយប៉ែត។ នេះបើតាមការបញ្ជាក់របស់អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ។ គម្រោងផ្លាស់ប្តូរនេះ អាចជាប់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ល្បីល្បាញពេញបណ្តាញសង្គមនាពេលចុងក្រោយនេះ។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី១០ ខែមករាថា លោក ឈាន ពិសិដ្ឋ ទំនងត្រូវផ្លាស់ប្តូរចេញពីច្រកទ្វារប៉ោយប៉ែត ដើម្បីឲ្យប្រជាពលរដ្ឋស្ងប់អារម្មណ៍។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ការផ្លាស់ប្តូរនេះ គឺពាក់ព័ន្ធនឹងបញ្ហាដែលកើតឡើងកន្លងមក។ តែយ៉ាងណាក៏ដោយ លោកអភិបាលខេត្ត មិនច្បាស់ថាប៉ូលិសស័ក្តិ៤ ឈាន ពិសិដ្ឋ នឹងត្រូវប្តូរទៅធ្វើការនៅកន្លែងណាទេ ការផ្លាស់ប្តូរគឺអាស្រ័យលើស្ថាប័នសាមី (អគ្គនាយកដ្ឋានអន្តោប្រវេសន៍)។
លោក សួន បវរ បន្តដោយលើកពីសម្តីរបស់ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដូច្នេះថា៖« មិនជាក់លាក់ថានឹងផ្លាស់ប្តូរយ៉ាងម៉េចទេ ប៉ុន្តែបើតាមលោក សុខ ផល បើឲ្យគាត់(ឈាន ពិសិដ្ឋ) នៅកន្លែងហ្នឹងទៀត អាចកើតមានបញ្ហាដដែល បញ្ហាដែលចម្រូងចម្រាស»។
លោកអភិបាលខេត្តបន្ទាយមានជ័យ ក៏ចង់ឲ្យលោក ឈាន ពិសិដ្ឋ សម្របសម្រួលបញ្ចប់រឿងជាមួយ លោក ឌិន ពុទ្ធី ដែលរងការចោទប្រកាន់ថាបានបើកឡានបុកខ្លួនឲ្យសន្លប់កាលពីពេលកន្លងមកនោះ។ លោកអភិបាលខេត្តបន្ទាយមានជ័យថ្លែងដូច្នេះ៖«របួសគាត់ដូចជាសះស្បើយអស់ហើយ យើងចង់ឲ្យបញ្ចប់បញ្ហា ចង់ឲ្យស្ងប់ស្ងាត់ ម្យ៉ាងគ្រោះថ្នាក់នោះមិនធ្ងន់ធ្ងរប៉ះពាល់ដល់ជីវិតដែរ»។
ទាក់ទងនឹងព័ត៌មានពីការប្តូរទីកន្លែងធ្វើការរបស់លោក ឈាន ពិសិដ្ឋ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន មិនអត្ថាធិប្បាយឡើយ ដោយបញ្ជាក់ថាបញ្ហានេះលោកមិនទាន់ក្តាប់បាន។
វីដេអូ និងរូបថត ប៉ូលិស ដួលសន្លប់មុខរថយន្ត បានកើតឡើងតាំងពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅ ក្បែរបុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយគ្រោះថ្នាក់ចរាចរណ៍នេះមន្ត្រីប៉ូលិសឈ្មោះ ឈាន ពិសិដ្ឋ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ដោយមានស្នាមជាំជាប់ភ្លៅ និងដាក់រណបបំពងករ និងមានលិខិតបញ្ជាក់វេជ្ជបញ្ជាពីគ្រូពេទ្យផងដែរ។
ក្រសួងមហាផ្ទៃ បានវាយតម្លៃករណីនេះថា ម្ចាស់រថយន្តលោក ឌិន ពុទ្ធី មានចេតនាបើករថយន្តបុកលោក ឈាន ពិសិដ្ឋ មន្ត្រីប៉ូលិសនាយរងប៉ុស្តិ៍រៀបចំសណ្ដាប់ធ្នាប់នៅប៉ោយប៉ែត។ ពាក់ព័ន្ធនឹងករណីខាងលើនេះ អយ្យការអម សាលាដំបូងខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ដែរថា ប៉ូលិសឈ្មោះ ឈាន ពិសិដ្ឋ ពិតជាត្រូវរថយន្តរបស់ ឈ្មោះឌិន ពុទ្ធី បុករហូតដល់សន្លប់ពិតមែន ។ អយ្យការអម សាលាដំបូងខេត្តបន្ទាយមានជ័យ បានបើកការស៊ើបអង្កេតលើឈ្មោះ ឌិន ពុទ្ធី ពីបទអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនទៅចៅក្រមស៊ើបសួរបន្តនីតិវិធី៕
Tag:
ឈាន ពិសិដ្ឋ
សួន បវរ
ឌិន ពុទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com