ជាតិ
អ្នក​បឹងកក់ ស្វែងរក​អន្តរាគមន៍ ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី​
10, Jan 2017 , 1:41 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សកម្មជន​បឹងកក់ បាន​ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួងមហាផ្ទៃ និង​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១០ មករា​នេះ ដើម្បី​សុំ​អន្តរាគមន៍ ក្នុងការ​ដោះលែង​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប រួមទាំង​លោកស្រី ទេព វ​ន្នី ដែល​កំពុង​ជាប់ពន្ធនាគារ​។ ជាពិសេសពួកគេ ចង់​ឲ្យ​បក្ស​កាន់អំណាច ​និង​បក្សប្រឆាំង ដែល​គ្រោង​ជួបគ្នា​ក្នុងពេល​ឆាប់ៗ​នេះ លើកយក​រឿង​របស់​អ្នក​ជាប់ពន្ធនាគារ​ខាងលើ ទៅ​ពិភាក្សា ហើយ​រក​ដំណោះស្រាយ​រួមគ្នា​។



«​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​ទៅ​! ដោះលែង​អ្នកការពារ​ដីធ្លី​ទៅ​! ដោះលែង​លោកស្រី ទេព វ​ន្នី​ទៅ​!»​។ ទាំងនេះ​គឺជា​សម្រែក​របស់​សកម្ម​ជន និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹងកក់  ដែល​រងគ្រោះ​ដោយសារ​ការបណ្តេញចេញ​ពី​លំនៅដ្ឋាន បាន​ស្រែក​នៅមុខ​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើ​ឲ្យ​ស្ថាប័ន​មួយ​នេះ ជួយ​រក​ដំណោះស្រាយ ក្នុង​ការផ្តល់​សេរីភាព ដល់​មន្ត្រី​សិទ្ធិមនុស្ស និង​អ្នក​ផ្សេងទៀត ដែល​កំពុង​ជាប់ពន្ធនាគារ​។

​សកម្មជន​ទាំងនោះ បាន​បន្លឺឡើង​នូវ​ពាក្យ​ខាងលើ​ដដែលៗ ដោយ​អម​ជាមួយនឹង​ការលើក​បង្ហាញ​រូបថត​របស់​មន្ត្រី​អាដហុក​ទាំង​៤​រូប រួមមាន​លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី ព្រមទាំង​លោក នី ចរិយា អគ្គលេខាធិការរងរ​ប​ស់គ​.​ជ​.​ប ហើយនឹង​លោកស្រី ទេព វ​ន្នី​។ ពួកគេ បាន​ស្រែក​តវ៉ា រហូត​ទាល់តែ​សកម្មជន​មួយចំនួន ដែល​បាន​យក​ញត្តិ ទៅជូន​តំណាង​ក្រសួងមហាផ្ទៃ ត្រឡប់មក​ខាងក្រៅ​វិញ​។

​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រាប់​លោកស្រី ប៉ូវ សោភា តំណាង​សកម្មជន​បឹងកក់ ថា ក្រសួងមហាផ្ទៃ មិនមាន​សមត្ថកិច្ចធ្វើអន្តរាគមន៍ ពាក់ព័ន្ធ​នឹង​រឿងនេះ​ទេ​។ មន្ត្រី​នោះ អះអាងថា ក្រសួងមហាផ្ទៃ នឹង​រៀបចំ​ឯកសារ និង​ញត្តិ​របស់​ប្រជាពលរដ្ឋ ដាក់​ទៅកាន់​ក្រសួងយុត្តិធម៌ ដែលជា​ស្ថាប័នមាន​សមត្ថកិច្ច ​​ដោះស្រាយ​លើ​បញ្ហា​ខាងលើ​។ នេះ​បើតាម​លោកស្រី ប៉ូវ សោភា ដែល​បាន​ស្រង់​សម្តី​របស់​មន្ត្រី​នោះ មក​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​។

​យ៉ាងណា លោកស្រី ប៉ូវ សោភា ដែល​ធ្លាប់​ជាប់ពន្ធនាគា​រដែរ​នោះ ហាក់ដូចជា​មានសង្ឃឹម​ថា ក្រសួងមហាផ្ទៃ​នឹង​ជួយ​អន្តរាគមន៍ ដោយ​លោកស្រី​មានប្រសាសន៍ បែបនេះ​ថា​៖«​ខាង​ក្រសួងមហាផ្ទៃ នឹងធ្វើ​លិខិត​មួយជំរុញ​ក្រសួងយុត្តិធម៌ ដើម្បី​ជួយ​រក​កិច្ច​អន្តរាគមន៍​ពី​បញ្ហា​ហ្នឹង​។ គាត់​មិនមាន​សិទ្ធិ​ក្នុង​ការធ្វើអន្តរាគមន៍ សម្រាប់​ពួកយើង​ទេ​។ តែ​គាត់​ក៏​មិន​ព្រ​ងើយ​កន្តើយ​ដែរ​។ ញត្តិ​របស់​ពួកយើង នឹង​ទៅ​ដល់ដៃ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ហើយ​គាត់​នឹងធ្វើ​ការឆ្លើយតប​ជាមួយ​យើង​វិញ​។ ចំពោះ​ញត្តិ​នេះ គាត់​ថា គាត់​នឹង​ជំរុញ​ទៅ​ក្រសួងយុត្តិធម៌​បន្តទៀត​»​។

​ការតវ៉ា​របស់​ប្រជាពលរដ្ឋ មិន​​មានការ​ប៉ះទង្គិច​គ្នា​ជាមួយ​​អាជ្ញាធរ​ឡើយ មានតែ​​ការប្រើ​ពាក្យ​គំរោះគំរើយ​ខ្លះៗ ​ពី​សមត្ថកិច្ច​ទៅលើ​ពួកគេ​។ ក្នុងចំណោម​សកម្មជន​ទាំងនោះ​ក៏មាន ប្រជាពលរដ្ឋ​ខ្លះ ឆ្លៀត​ប្រើស​ម្តី​បែប​ឌឺដង​តិចតួច ឲ្យ​សមត្ថកិច្ច​វិញ​ដែរ​។ ​សកម្មជន​មួយចំនួន និយាយថា​៖«​សមត្ថកិច្ច​ខ្លះ ធ្វើការ​ស្រួល​ជាមួយ​ប្រជាពលរដ្ឋ និង​បម្រើ​ប្រជាពលរដ្ឋ​! តែ​សមត្ថកិច្ច​ខ្លះ ពិបាក​អ៊ីចឹងទៅ​»​។

​ក្រោយពី​ផ្តល់​បទ​សម្ភាស​ដល់​ក្រុម​អ្នកសារព័ត៌មាន​រួចហើយ​សកម្មជន និង​ប្រជាពលរដ្ឋ​ទាំងនោះ  ក៏​នាំគ្នា​ធ្វើដំណើរ​ឆ្ពោះទៅកាន់​រដ្ឋសភា ដើម្បី​បន្ត​យក​ញត្តិ​ទៅ​ដា​ក់នៅ​ស្ថាប័ន​កំពូល​មួយ​នេះ​ទៀត​។ ពួកគេ​បាន​ចាក​ចេញពី​ក្រសួងមហាផ្ទៃ នៅ​ម៉ៅ​ង​ជាង​៩​ព្រឹក​។​

​មូលហេតុ ដែល​សកម្មជន​បឹងកក់ នាំគ្នា​តវ៉ា​នៅថ្ងៃនេះ គឺ​ដោយសារតែ​ជំនួប​ចរចា​រវាង​បក្ស​កាន់អំណាច​ និង​បក្សប្រឆាំង កាន់តែ​ជិត​មកដល់​។ សកម្មជន​ទាំងនោះ សង្ឃឹមថា ថ្នាក់ដឹកនាំ​នៃ​គណបក្ស​​ទាំង​២ ​នឹងលើកយក​រឿង​រប​ស់ម​ន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប រួមទាំង​លោកស្រី ទេព វ​ន្នី ទៅ​ជជែក​គ្នា ដើម្បី​ជួយ​ពួកគេ​ឲ្យ​បាន​រួច​ផុតពី​ការឃុំ​ឃាំង​។

​កាលពី​ប៉ុន្មាន​ថ្ងៃមុន ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​ទៅកាន់​សម្តេច ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សុំ​ជួបចរចា រឿង​ប្រទេសជាតិ​។ សម្តេច ស ខេង បាន​យល់ព្រម​នឹង​សំណើ​របស់​ឯកឧត្តម កឹម សុខា ដោយ​ឆ្លើយតប​វិញ​ថា ជំនួប​នេះ អាច​នឹង​រៀបចំឡើង​នៅក្រោយ​ថ្ងៃទី​១១ ខែមករា​។​

​មន្ត្រី​អាដហុក និង​មន្ត្រី​គ​.​ជ​.​ប បាន​ជាប់ពន្ធនាគារ តាំង​ដើមខែ​ឧសភា ឆ្នាំ​២០១៦​មកម្ល៉េះ ក្រោម​បទ​ចោទ «​សូកប៉ាន់​សាក្សី​» និង បទ​ចោទ «​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​។ ដើមហេតុ ដែល​អ្នក​ទាំង​៥​រង​បទ​ចោទ​ គឺ​ដោយសារតែ​លិខិត​ចំហ​១​ច្បាប់​របស់​នារី​ម្នាក់ ឈ្មោះ​ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​គេ​សង្ស័យថាមាន​ទំនាក់​ទំ​ង​ស្នេហា​លួចលាក់​ជាមួយ​ឯកឧត្តម កឹម សុខា​។

​បច្ចុប្បន្ននេះ សំណុំរឿង​របស់​ពួកគេ ស្ថិត​នៅក្នុង​ដៃ​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ក្នុងដំណាក់កាល​នេះ ចៅក្រម​ស៊ើបសួរ មាន​សិទ្ធិ​លើកលែង​ការចោទប្រកាន់ ហើយ​ដោះលែង​ពួកគេឲ្យ​មាន​សេរីភាព​វិញ ឬក៏​បញ្ជូន​សំណុំរឿងទៅ​ជំនុំជម្រះ​នៅ​ថ្ងៃ​ណាមួយ​។

​ចំណែក​លោកស្រី ទេព វ​ន្នី ទើបតែ​ជាប់ពន្ធនាគារ​ម្តងទៀត កាលពី​ប៉ុន្មាន​ខែ​មុន ក្នុង​បទល្មើសដែល​​ទាក់ទង​នឹង​អំពើហិង្សា​នៅក្បែរ​ផ្ទះ សម្តេច ហ៊ុន សែន តាំងពី​២០១៣ ម្ល៉េះ​។ កាលនោះ លោកស្រី ទេព វ​ន្នី​ ជា​ស្ត្រី​ម្នាក់ដែល​ជាប់ពន្ធនាគារ​ច្រើនលើកច្រើនសា​ជាងគេ​នោះ បាន​ចូលរួម​ជាមួយនឹង​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត ​ដើម្បីទាមទារ​ឲ្យ​តុលាការទម្លាក់​ការចោទប្រកាន់​លើ​លោកស្រី យ៉ោ​ម បុប្ផា ដែលជា​អតីត​សកម្មជន​បឹងកក់​៕


Tag:
 បឹងកក់​
  អាដហុក​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com