ជាតិ
កម្ពុជា-ឡាវ បើកច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន ជាផ្លូវការ រូបពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
× ភ្នំពេញ៖ កម្ពុជា និងឡាវ បានបើកសម្ពោធច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន រវាងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ជាផ្លូវការ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ។ ហើយ ភាគីទាំងពីរ បានប្រកាសបញ្ជាក់ម្តងទៀតឲ្យប្រើប្រាស់ប័ណ្ណឆ្លងកាត់តាមព្រំដែន ចាប់ពីខែមករា ឆ្នាំ ២០១៧ តទៅ ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំប្រទល់ប្រទេសទាំងពីរ។
ប្រមុខរដ្ឋាភិបាលកម្ពុជា និងឡាវសុទ្ធតែមានសុទិដ្ឋិនិយមថា ការបើកច្រកទ្វាព្រំដែនអន្តរជាតិ នឹងជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ដែលជួយលើកកម្ពស់ជីវភាពពលរដ្ឋប្រទេសទាំងពីរកាន់តែប្រសើរ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសក្នុងពិធីសម្ពោធច្រកទ្វារអន្តរជាតិ នៅថ្ងៃនេះថា កម្ពុជាអនុញ្ញាតឲ្យឡាវប្រើប្រាស់ ផ្លូវគោក ផ្លូវទឹក និងកំពង់ផែតាមទន្លេមេគង្គ និងកំពង់ផែសមុទ្រកម្ពុជា ដើម្បីសម្រួលការដឹកជញ្ជូនរបស់ប្រទេសពុំមានសមុទ្រ។
ជាមួយគ្នានោះ សម្តេច ហ៊ុន សែន បានបញ្ជាអាជ្ញាធរមានសមត្ថកិច្ចតាមព្រំដែនកម្ពុជា-ឡាវ ដែលមានប្រវែងជាង ៥០០ គីឡូម៉ែត្រឲ្យបន្តសហការគ្នាទប់ស្កាត់ បង្ក្រាបបទល្មើស និងឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់ប្រភេទឲ្យបានល្អ។
មិនខុសគ្នាទេ លោកនាយករដ្ឋមន្ត្រី ថងលូន ស៊ីស៊ូលីត បានចាត់ការបើកច្រកទ្វារអន្តរជាតិរវាងភាគីទាំងពីរ ជាលើកដំបូងនេះ នឹងផ្សារភ្ជាប់ផ្លូវសេដ្ឋកិច្ចពីខាងកើត-ខាងលិច ពិសេសគឺ ពាណិជ្ជកម្មក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម រួមទាំងសមាហរណកម្មក្នុង តំបន់អាស៊ាន។ ហើយឡាវបានប្រកាសជាថ្មីលក់ចរន្តអគ្គិសនីតម្លៃសមរម្យដល់កម្ពុជាផង៕
Tag:
កម្ពុជា
ឡាវ
ព្រំដែន
ត្រពាំងក្រៀល
ណងណុកខៀន)
© រក្សាសិទ្ធិដោយ thmeythmey.com