ជាតិ
ក្រសួង​ធម្មការ​កំពុង​តាមដាន​អ្នកធ្វើ​សកម្មភាព​ប្រមាថ​ព្រះសង្ឃ និង​សាសនា​រដ្ឋ​ ​
10, Jan 2017 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា បានស្នើ​រដ្ឋមន្ត្រីក្រសួង ធម្មការ និង​សាសនា​ឲ្យ​ពិនិត្យមើល​សកម្មភាព​ទាំងឡាយណា​ដែល​ប៉ះពាល់​ដល់​តម្លៃ​ព្រះសង្ឃ និង​ពុទ្ធសាសនា​រដ្ឋ​។ ជាការ​ឆ្លើយតប លោក ហ៊ឹម ឆែម បាន​បញ្ជាក់ថា ក្រសួង​កំពុង​តាមដាន និង​ចាត់​វិធាន​តាម​វិន័យ​សាសនា និង​ច្បាប់​រដ្ឋ​ជា​ធរមាន នាពេលខាងមុខ​។​


ក្រៅពី​ស្តាប់​ការបំភ្លឺ​ករណី​បញ្ហា​ក្រសួង​ធម្មការ និង​សាសនា​ចំនួន ៣ ចំណុច នៅ​រសៀល​ថ្ងៃទី​១០ ខែមករា លោក យ៉ែម បុញ្ញឫទ្ធិ បាន​ឆ្លៀត​ស្នើ​ឲ្យ លោក ហ៊ឹម ឆែម ពិនិត្យ និង​ដាក់វិន័យ​សង្ឃ ឬ​ច្បាប់​រដ្ឋ​ដល់​ព្រះសង្ឃ ឬ​ជន​ណា ដែល​ធ្វើ​សកម្មភាព​ប្រមាថ មាក់ងាយ​បុព្វ​ជិត និង​ពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​។

ដោយ​មិន​បញ្ចេញ​ឲ្យ​ចំឈ្មោះ​សង្ឃ ឬ​បុគ្គល​ណាមួយ លោក យ៉ែម បុញ្ញឫទ្ធិ បាន​បង្ហើប​ឲ្យ​ដឹង ថា លោក​ធ្លាប់​បានទទួល​បណ្តឹង​ពី​សកម្មភាព​ខុសឆ្គងរ​បស់​ព្រះសង្ឃ និង​ការប្រមាថ​ព្រះសង្ឃ ដែល​លោក យ៉ែម បុញ្ញឫទ្ធិ ចាត់ទុកថា​ទង្វើ​នេះ ជាការ​ទម្លាក់​តម្លៃ​ពុទ្ធសាសនា​ដែល​ពលរដ្ឋ​ខ្មែរ​ជាង ៩០​ភាគរយ កំពុង​គោរពបូជា​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ  បញ្ជាក់ថា​៖«​យើង​បានស្នើ​ឲ្យ​ក្រសួង​ធម្មការ​ស៊ើបអង្កេត និង​ពិនិត្យ​សកម្មភាព​ទាំងឡាយណា​ដែល​ប៉ះពាល់​ដល់​សាសនាព្រះពុទ្ធ ឲ្យ​ក្រសួង​ពិនិត្យ​ដាក់វិន័យ​តាម​សាសនា ឬ​ច្បាប់​រដ្ឋ​រួចហើយ​»​។​

តប​នឹង​បញ្ហា​នេះដែរ លោក​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ បាន​បញ្ជាក់ថា ក្រសួង​កំពុង​តាមដាន​សកម្មភាព​ប៉ះពាល់​សាសនា​ដែរ​។ ប៉ុន្តែ លោក​មិន​បញ្ជាក់​ពី​ពេលវេលា ចាត់វិធានការ​ជាក់លាក់​នោះទេ គ្រាន់តែ​បញ្ជាក់ថា សាធារណជន​ចាប់អារម្មណ៍​រឿង​អ្វី ក្រសួង​ក៏​ចាប់អារម្មណ៍​តាមដាន​ដែរ​។ លោក​រដ្ឋមន្ត្រី ហ៊ឹម ឆែម បញ្ជាក់បន្ថែម​ដូច្នេះ​៖«​កម្ពុជា​មានច្បាប់​របស់​កម្ពុជា យើង​នឹង​ដោះស្រាយ​ពេល​ក្រោយ​ទៀត​»​។

កន្លងមក សាធារណជន​មួយចំនួន បាន​លើកឡើងថា មាន​ជន​មួយចំនួន ដែលជា​បុព្វ​ជិត និង​មិនមែន​បុព្វ​ជិត កំពុង​ធ្វើ​សកម្មភាព​ប្រមាថ​មិន​ឲ្យ​តម្លៃ​សាសនា​ដែល​ពលរដ្ឋ​កំពុង​គោរព​៕


© រក្សាសិទ្ធិដោយ thmeythmey.com