ជាតិ
អតីតតារាសម្តែង ថៃ នរពិទូ និងភរិយា ត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន
× ថៃ នរពិទូ អតីតតារាសម្តែង និងភរិយា រួមទាំងជនសង្ស័យ៤នាក់ ត្រូវនគរបាលខេត្តបាត់ដំបង ចាប់ខ្លួនពីបទផ្តល់ទីកន្លែងឲ្យប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន។ ការបង្ក្រាបនេះ ធ្វើឡើងនៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចខារ៉ាអូខេ ដឹសោនហ្វាមីលី ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
បើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ ក្នុងការបង្ក្រាបនេះ នគរបាលដកហូតថ្នាំញៀនប្រភេទកេតាមីន(Ketamine ខេ) ទម្ងន់០.៨៨ក្រាម ឧបករណ៍(ពុម្ភ) សម្រាប់កែច្នៃថ្នាំញៀនអ៊ិចស្តាស៊ីចំនួន២ ថ្នាំអំពូល Diazepamចំនួន២អំពូល ថ្នាំគ្រាប់ Zepam ចំនួន១៦បន្ទះ ដែកកេះចំនួន៣ គម្របដបកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន១ បំពង់ទុយោប៉ឺតចំនួន១ដុំ ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ក្រដាសអាលុយមីញ៉ូមចំនួន ១ដុំ និងសំបកថ្នាំមួយចំនួន។
សមត្ថកិច្ចជំនាញបានរៀបចំសំណុំរឿងនេះ បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង៦នាក់។ ថៃ នរពិទូ គឺជាកូនប្រុសរបស់មន្ត្រីជាន់ខ្ពស់មួយរូប ហើយក៏ជាអតីតម្ចាស់ពានក្នុងកម្មវិធីប្រុសស្អាត ហ្វ្រែសស៊ីប៊យផងដែរ៕
Tag:
ថៃ នរពិទូ
គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com