ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាកចេញពីកម្ពុជាហើយនៅព្រឹកថ្ងៃទី១១ ខែមករា ដើម្បីជួបប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមអារ៉ាប៊ីសាអូឌីតនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម អេមីរ៉េតនាថ្ងៃទី១៤ ខែមករា ខាងមុខ។ ប៉ុន្តែមុនការចាកចេញក្រុមគោព្រៃកម្ពុជា បានយកឈ្នះភ្នំពេញក្រោនក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំកាលពីម្សិលមិញ។
គោព្រៃកម្ពុជា បានយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ២-០ នាជំនួបមិត្តភាពកម្តៅសាច់ដុំនៅកីឡដ្ឋាន RSN កាលពីថ្ងៃទី១០ ខែមករា ម្សិលមិញ។ នេះជាការប្រកួតលើកដំបូងរបស់ក្រុមគោព្រៃកម្ពុជាតាំងពីធ្វើការប្រមូលផ្តុំហ្វឹកហាត់អស់រយៈពេលជិតមួយសប្តាហ៍កន្លងទៅ។
បន្ទាប់ពីជំនួបកំដៅសាច់ដុំ ក្រុមជម្រើសជាតិកម្ពុជាបានចាកចេញពីកម្ពុជានៅថ្ងៃនេះ ដើម្បីត្រៀមជួបប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមអារ៉ាប៊ីសាអូឌីត (Green Falcons) នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម អេមីរ៉េតនាថ្ងៃទី១៤ ខែមករា។ ក្រុមស្ទាំងបៃតងអារ៉ាប៊ីសាអូឌីតជាក្រុមខ្លាំងមួយដែលបច្ចុប្បន្នកំពុងឈរចំណាត់ថ្នាក់ទី៥៤លើពិភពលោក។
ជំនួបមិត្តភាពអន្តរជាតិនេះ វាជាឱកាសមួយដ៏ល្អសម្រាប់ក្រុមជម្រើសជាតិកម្ពុជាក្នុងការដកស្រង់បទពិសោធន៍ដើម្បីពង្រឹងបច្ចេកទេស និងសមត្ថភាពរបស់ខ្លួន ដើម្បីត្រៀមប្រជែងការប្រកួតជម្រុះ AFC Asian Cup ឆ្នាំ២០១៩។ ហើយវាក៏ជាការពង្រឹងផងដែរសម្រាប់អារ៉ាប៊ីសាអូឌីតក្នុងការប្រជែងយកកៅអីក្នុងព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី។ នៅមុនប៉ះកម្ពុជា ក្រុមអារ៉ាប៊ីសាអូឌីត បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយស្លូវេនី។
ក្រុមកីឡាករជម្រើសកម្ពុជាដែលចាកចេញពីកម្ពុជានៅថ្ងៃទី១១ ខែមករា រួមមាន អ៊ុំ សេរីរ័ត្ន, ឆេង ម៉េង, នេន សុធារ័ត្ន, សឿយ វិសាល, ណុប តុលា, រស់ គង់សំរេច, កែវ សុខសិលា, លី វ៉ាហេទ, អ៊ិន សូដាវីត, ច្រឹង ពលរដ្ឋ, ទិត្យ ឌីណា, សុះ ស៊ូហាណា, ហួយ ផល្លីន, សុខ សំណាង, សំអឿន ពិដោរ, ឈិន ឈឿន, រស់ សំអឿន, សឿត បារាំង, ប្រាក់ មុន្នីឧត្តម, កែវ សុខផេង, ឃួន ឡាបូរ៉ាវី, សារី ម៉ាត់ណូរ៉ូទីន, ស៊ុន វ៉ាន់ដេត និង លី មីហ្សាន៕